ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TFC រៀប​ចំ​កម្មវិធី​​វាយ​កូន​បាល់​​ខ្នាត​តូច​​លើក​ទី​4​​ដល់​ក្មេង​ៗ​​មក​ពី​អង្គការ​​និង​សាលា​រៀន​មួយ​​ចំនួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ពេល​មុន​ៗ​ឡើយ​ដែល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា (TFC) តែងតែ​រៀបចំ​កម្មវិធី​វាយ​កូន​បាល់​ខ្នាត​តូច​សម្រាប់​ក្មេង​ៗ​ដែល​មក​ពី​បណ្តា​សាលា អង្គការ​នានា ដើម្បី​ឱ្យ​ពួក​គេ​បាន​ឈ្វេងយល់​ពី​របៀប​លេង​កីឡា​វាយ​កូន​បាល់ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ពិសេស​ទទួល​បានការ​ណែនាំ​បន្ថែម​ពី​គ្រូ​បង្គោល​របស់​សហព័ន្ធ ។

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ពេល​មុន​ៗ​ឡើយ​ដែល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា (TFC) តែងតែ​រៀបចំ​កម្មវិធី​វាយ​កូន​បាល់​ខ្នាត​តូច​សម្រាប់​ក្មេង​ៗ​ដែល​មក​ពី​បណ្តា​សាលា អង្គការ​នានា ដើម្បី​ឱ្យ​ពួក​គេ​បាន​ឈ្វេងយល់​ពី​របៀប​លេង​កីឡា​វាយ​កូន​បាល់ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ពិសេស​ទទួល​បានការ​ណែនាំ​បន្ថែម​ពី​គ្រូ​បង្គោល​របស់​សហព័ន្ធ ។

ជាក់ស្តែង កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​TFC បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រមូលផ្តុំ​ក្រោម​ពាក្យស្លោក «​គំនិត​ផ្តួចផ្តើម​នាំ​យក​កីឡា​វាយ​កូន​បាល់​ទៅ​សាលារៀន​» នៅ​មជ្ឈមណ្ឌល​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​គ្រូ​បង្គោល​-​គ្រូ​ជម្រើសជាតិ ព្រមទាំង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ជា​ច្រើន​នាក់ ។ លោក ម៉​ម ផល្គុណ ដែល​ជា​កីឡាករ​ជម្រើសជាតិ និង​ជា​គ្រូ​បង្គោល​ផង​នោះ​បានឱ្យ​ដឹង​ថា ការ​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​នេះ គឺ​យើង​រៀបចំ​ឱ្យ​ពួក​គេ​ចាប់ផ្តើម​ឈ្វេងយល់​ពី​កីឡា​វាយ​កូន​បាល់ របៀប​ប្រើប្រាស់​សម្ភារ​សម្រាប់​ប្រកួត និង​ក្នុង​ពេល​ប្រកួត និង​ផ្សាំ​ខ្លួន​ជាមួយ​ទីលាន បាល់ រ៉ាកែត ក្នុង​នោះ​គ្រូបង្វឹក​ទាំងអស់​បានឱ្យ​ពួក​គេ​លេង​នូវ​ល្បែង​ងាយ​ៗ​ដែល​ទាក់ទង​ជាមួយ​កីឡា​វាយ​កូន​បាល់​នេះ​តែ​ម្តង ។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ក្មេង​ៗ​ដែល​មានចិត្ត​ស្រលាញ់​វិស័យ​កីឡា ។ មួយវិញទៀត​យើង​បាន​គិតគូរ​រួច​ជា​ស្រេច​ដើម្បី​រក​ថ្នាល​បន្តវេន​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា SEA Games នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។ ហេតុ​ដូច្នេះ​ហើយ ការ​ស្វែងរក​ថ្នាល់​សម្រាប់​បន្តវេន​គឺ​មិនមែន​ទាល់តែ​ជិត​ដល់​ពេល​ប្រកួត​ទើប​ស្វះស្វែង​នោះ​ឡើយ គឺ​យើង​ត្រូវ​តែ​រៀបចំ​យុទ្ធសាស្ត្រ​ឱ្យ​បាន​មុន​ទើប​ជា​ការ​ប្រសើរ ។ លោក ជា ពៅ ដែល​ជា​គ្រូ​ជំនួយ​ជម្រើសជាតិ​បានឱ្យ​ដឹង​ថា កម្មវិធី​វាយ​កូន​បាល់​ខ្នាត​តូច​នេះ​គឺ​យើង​ធ្វើ​តាម​ផែនការ​ឱ្យ​បាន​៤​ដង​ក្នុង​១​ឆ្នាំ ហើយ​នេះ​ជា​លើក​ទី​៤​ប្រចាំឆ្នាំ​២០១៤ ដែល​កាល​លើក​ទី​១​គឺ​ធ្វើ​នៅ​ក្នុង​ខែមករា លើក​ទី​២ ខែមីនា លើក​ទី​៣ ខែកក្កដា និង​លើក​ទី​៤ គឺ​ក្នុង​ខែសីហា​នេះ​តែ​ម្តង ដោយ​មានការ​ចូលរួម​ពី​ក្មេង​ៗ​មក​ពី​តាម​បណ្តា​អង្គការ និង​សាលា​មួយ​ចំនួន​មិន​ក្រោម​ពី​៤០​នាក់​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ខាងលើ​នេះ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ដាក់​ផែនការ​ធ្វើ​ឱ្យ​បាន​៦​ដង​ក្នុង​មួយ​ឆ្នាំ​ដែល​មួយ​លើក​ៗ​គឺ​ចំណាយពេល​ចំនួន​៣​ថ្ងៃ ហើយ​អាច​មានការ​ប្រែប្រួល​ចំពោះ​ទីលាន​ប្រកួត​ផង​ដែរ ។ ទន្ទឹម​នឹង​ការ​រៀបចំ​គម្រោង​ខាងលើ​នេះ សហព័ន្ធ​ក៏​ត្រៀម​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​សម្រាប់​អត្ត​ព​លិ​ក​វ័យក្មេង​លើក​ទី​៤​ប្រចាំឆ្នាំ​២០១៤​នេះ​ទៀត​ផង ៕