ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​ជើង​ខ្លាំង​​កម្ពុជា និង​​បរទេស​ណាត់គ្នា​​ប្រកួត​​បិទ​សង្វៀន​​បា​កាស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ សីហា នេះ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស នឹង​ដល់​ពេល​កំណត់​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ជា​ថ្មី​ទៀត​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​រៀបចំ​រៀង​រាល់​ដំណាច់ខែ​នេះ នឹង​ក្លាយជា​សង្វៀន​ចុង​ក្រោយ​ហើយ​សម្រាប់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា និង​បរទេស​សរុប​ទាំង​៦​រូប ។

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ សីហា នេះ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស នឹង​ដល់​ពេល​កំណត់​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ជា​ថ្មី​ទៀត​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​រៀបចំ​រៀង​រាល់​ដំណាច់ខែ​នេះ នឹង​ក្លាយជា​សង្វៀន​ចុង​ក្រោយ​ហើយ​សម្រាប់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា និង​បរទេស​សរុប​ទាំង​៦​រូប ។

កីឡាករ​កម្ពុជា​ទាំង​៣​រូប​នោះ រួម​មាន​កីឡាករ ពុទ្ធ ហ៊ុ​ច​, កីឡាករ ឌុន រ​ដ្ឋា និង​កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ប្រដាល់សេរី​ទាំងអស់ និង​មាន​អ្នកគាំទ្រ​ច្រើន​ទៀត​ផង ។ ក្រុមហ៊ុន​ភេសជ្ជៈ​បា​កាស មិន​បាន​បញ្ជាក់​លម្អិត​ឡើយ​ពី​ដំណឹង​បិទ​ចោលការ​ប្រកួត ដែល​ធ្វើ​ឡើង​ប្រមាណ​ជា​កន្លះ​ឆ្នាំ​នេះ ។ ប៉ុន្តែ​លោក ញៀន សុធី មន្ត្រី​ផ្នែក​ទំនាក់ទំនង​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ជា​អ្នក​រៀបចំ​ការ​ប្រដាល់​មួយ​រូប បាន​ទទួលស្គាល់​ថា ប្រដាល់​អន្តរជាតិ​ប្រចាំខែ ក្រោម​ការ​ចាត់ចែង​ផ្តល់​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស​នេះ ពិតជា​បាន​សម្រេចចិត្ត​ផ្អាក​ចោល​មែន ក្រោយ​ចប់​មួយ​លើក​នេះ​ទៅ ។ ហេតុផល​នៃ​ការ​បញ្ចប់ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ ដែល​ជា​ដៃគូ​ក្នុង​ការ​រៀបចំ បាន​សម្រេចចិត្ត​ដក​ទុន ។

យ៉ាងណា​ក៏​ដោយ ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​មួយ​នេះ នៅ​មិន​ទាន់​ប្រាកដ​ពី​ការ​បិទ​ចោល​ជា​រៀង​រហូត​នោះ​ទេ ដោយ​គ្រាន់តែ​ក្នុង​ពេល​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​បា​កាស​មិន​ទាន់​ទទួល​បាន​ដៃគូ​សហការ ក៏​សម្រេចចិត្ត​ផ្អាក​ចោល​មួយ​រយៈ​ប៉ុណ្ណោះ ។ លោក ញៀន សុធី និយាយ​ថា «​បើ​មាន​ដៃគូ​សហការ ក្រុមហ៊ុន​បា​កាស​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​សម្រាប់​ពេល​នេះ គឺ​ការ​ប្រកួត​នឹង​ក្លាយជា​វេទិកា​លើក​ចុង​ក្រោយ​ហើយ ដោយសារ​តែ​បា​កាស មិន​អាច​ចាត់ចែង​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​ទាំងមូល​តែឯង​បាន​» ។ លោក​អះអាង​ថា ការ​ប្រដាល់​អន្តរជាតិ​នេះ មិន​ក្ស័យធន​ដូច​នៅ​សង្វៀន​មួយ​ចំនួន​នោះ​ទេ ដោយ​គ្រាន់តែ​រង់ចាំ​ក្រុមហ៊ុន​បា​កាស បាន​ដកដង្ហើម​សិន​ប៉ុណ្ណោះ ។ ជាមួយនឹង​ការ​ប្រកាស មាន​ន័យ​ថា ជើង​ខ្លាំង​កម្ពុជា​ទាំង​៣​រូប​នឹង​ក្លាយជា​អ្នក​ប្រដាល់​ដែល​មានសំណាង​ឡើង​ប្រកួត​បិទ​វគ្គ​នៅ​សង្វៀន​មួយ​នេះ ។

កីឡាករ ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជំនួប​ប៉ះ​ជាមួយ​កីឡាករ​ថៃ Noppakao ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ភាគី​ខាង​កម្ពុជា ធ្លាប់​ប៉ះ​ថៃ​៣​លើក ឈ្នះ​១ ចាញ់​១ ស្មើ​១ ខណៈ​ដែល Noppakao វិញ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ពីរ​លើក ឈ្នះ​ទាំង​២​លើក ដោយ​លើក​ទី​១​បំបាក់​ជើង​ខ្លាំង ពេជ្រ អា​រុណ ក្នុង​ទឹក​ទី​២ និង​លើក​ទី​២​បំបាក់ លៀង ស៊ី​ពេជ្រ ក្នុង​ទឹក​ទី​៤ ដែល​អ្នក​ណា​ក៏​ទទួលស្គាល់​ថា​ជា​ជើង​ខ្លាំង ។ សំណួរ​មួយ​កំពុង​ផុសផុល​បំផុត ថា​តើ ពុទ្ធ ហ៊ុ​ច អាច​ទៅ​រួច ឬ​មាន​វាសនា​ដូច​កីឡាករ​កម្ពុជា​២​រូប​មុន ។ Noppakao ធ្លាប់​ប្រកួត​៦៤​ដង ឈ្នះ​៥១​ដង ចាញ់​១៣​ដង មិន​ដែល​ស្មើ ក្នុង​ពេល​ដែល ពុទ្ធ ហ៊ុ​ច ប្រកួត​បាន​៩៦​ដង ឈ្នះ​៧៣​ដង ចាញ់​១៧​ដង និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​៦​ដង ។

កីឡាករ ឌុន រ​ដ្ឋា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chopper Manop ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ គូ​នេះ ភាគី​ថៃ​ធ្លាប់​ប្រកួត​បាន​៣២​ដង ឈ្នះ​២៨​ដង និង​ចាញ់​៤​ដង ដែល​តួលេខ​នេះ តិច​ជាង​កីឡាករ​កម្ពុជា​ប្រហែលជា​២​លើក ។ ឌុន រ​ដ្ឋា ក្រៅពី​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង ក៏​ធ្លាប់​ប៉ះ​កីឡាករ​បរទេស​៤​លើក​ហើយ គឺ​មិន​ដែល​ចាញ់​នោះ​ទេ ។ លើក​ទី​១ ឈ្នះ​ជើង​ខ្លាំង​អៀរ​ឡង់​ក្នុង​ទឹក​ទី​៣ លើក​ទី​២ ឈ្នះ​កីឡាករ​មក​ពី​អូស្ត្រាលី​ក្នុង​ទឹក​ទី​១ លើក​ទី​៣​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ដោយ​ពិន្ទុ និង​លើក​ចុង​ក្រោយ​ឈ្នះ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល ក្នុង​ទឹក​ទី​៣ ។

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចុង​ក្រោយ​គឺ ឈិ​ន ក្វា​ន់​ង៉ុ​យ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ជា​ម្ចាស់​ខ្សែក្រវាត់​២​ផ្សេង​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ប្រកួត​ជាមួយ​កីឡាករ​ចិន Bing Yuan ។ កីឡាករ​វ័យក្មេង​ចិន ទើប​ប្រកួត​បាន​២៤​ដង​ទេ ឈ្នះ​២០​ដង ចាញ់​៣​ដង និង​ស្មើ​១​ដង ប៉ុន្តែ​គេ​ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​អះអាង​ថា​ជា​ជើង​ខ្លាំង​មាន​ប្រវត្តិ​ល្អ​នៅ​សង្វៀន​ប្រទេស​ថៃ ។ ឈិ​ន ក្វា​ន់​ង៉ុ​យ ធ្លាប់​ប្រកួត​៥៩​ដង ឈ្នះ​៤៦​ដង ចាញ់​១២​ដង និង​ស្មើ​ម្តង ។ ដ្បិតថា​លោក​មាន​កម្ពស់ និង​ស្នៀត​ប្រដាល់​មាន​ប្រៀប​ជាង​កីឡាករ​ចិន ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ស្ថានភាព​ថែទាំ​សុខភាព​របស់​កីឡាករ​កម្ពុជា មិនល្អ​ដូច​នៅ​ចិន និង​ថៃ​ទេ ទើប​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ច្រើន​តែ​ចាញ់​កម្លាំង​បរទេស ។

យ៉ាងណា​ក្តី កីឡាករ​ទាំង​៣​រូប​របស់​កម្ពុជា មាន​ជំនឿ​ថា នឹង​ឈ្នះ​ថៃ និង​ចិន ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​លើក​ចុង​ក្រោយ​របស់​បា​កាស​លើក​នេះ ។ ចាំ​មើល​តើ​ភាគី​កម្ពុជា​សម្រេច​គោលដៅ​បាន​កម្រិត​ណា ក្នុង​ព្រឹត្តិការណ៍​ប្រដាល់សេរី​អន្តរជាតិ​លើក​ចុង​ក្រោយ​នេះ ?