ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ​ណ​យ លាត​ត្រដាង​ជីវិត​​កម្សត់​មុន​​បាត់​​មុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​លក្ខខណ្ឌ​កែប្រែ​នោះ​ទេ កីឡាករ​ល្បីឈ្មោះ វង្ស ណ​យ នឹង​បាត់​មុខ​ទាំងស្រុង​ពី​ពិភព​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​រៀង​រហូត​ដោយ​មិន​ងាក​ក្រោយ​ឡើយ ដោយសារ​តែ​ស្ថានភាព​ប្រដាល់​ដែល​លោក​បាន​ប្រឡូក​មិន​អាច​ឱ្យ​លោករ​ស់បាន​សមរម្យ ។ ជាមួយនឹង​ការ​សម្រេចចិត្ត​លាឈប់​នេះ លោក​បាន​លាតត្រដាង​ពី​ខ្សែជីវិត​អតីតកាល​យ៉ាង​ជូរ​ចត់​ដើម្បី​ឱ្យ​មហាជន​ជ្រាប​កាន់តែ​ច្បាស់ ទម្រាំ​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ដូច​សព្វថ្ងៃ ។

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​លក្ខខណ្ឌ​កែប្រែ​នោះ​ទេ កីឡាករ​ល្បីឈ្មោះ វង្ស ណ​យ នឹង​បាត់​មុខ​ទាំងស្រុង​ពី​ពិភព​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជា​រៀង​រហូត​ដោយ​មិន​ងាក​ក្រោយ​ឡើយ ដោយសារ​តែ​ស្ថានភាព​ប្រដាល់​ដែល​លោក​បាន​ប្រឡូក​មិន​អាច​ឱ្យ​លោករ​ស់បាន​សមរម្យ ។ ជាមួយនឹង​ការ​សម្រេចចិត្ត​លាឈប់​នេះ លោក​បាន​លាតត្រដាង​ពី​ខ្សែជីវិត​អតីតកាល​យ៉ាង​ជូរ​ចត់​ដើម្បី​ឱ្យ​មហាជន​ជ្រាប​កាន់តែ​ច្បាស់ ទម្រាំ​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ដូច​សព្វថ្ងៃ ។

វង្ស ណ​យ វ័យ​២៦​ឆ្នាំ មានឈ្មោះ​ពិត​ថា លឹ​ម ប៉ាវ​ហុង កើត​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​១៩៨៨ ។ លោក​ជា​ក្មេង​កម្សត់​ម្នាក់​ដែល​កើត​ធំធាត់​នៅ​ក្នុង​ជំរំ​មួយ​នៅ​ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ភាគ​ខាងលិច​ប្រទេស ។ ដោយសារ​ភាព​ក្រីក្រ លោក​និង​គ្រួ​សារបាន​មក​ជ្រកកោន​នៅ​ខេត្តបាត់ដំបង ហើយ​ប្រឹង​ត្រដររស់​យ៉ាង​លំបាកលំបិន​គួរ​ឱ្យ​សង្វេគ​នា​អំឡុង​ពេល​នោះ​។ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ប្រុស​៥ ស្រី​២ លោក​ជា​កូន​ទី​៦ ដែល​មិន​មានសំណាង​ដូច​ក្មេង​ទាំងឡាយ​នោះ​ទេ ។ ពោល​គឺ​ក្រៅពី​គ្មាន​ឱកាស​បាន​សិក្សា​ដល់​ជ្រៅជ្រះ ក៏​ត្រូវ​បញ្ចេញ​កម្លាំង​រក​ប្រាក់​តាំងពី​មិន​ទាន់​ធំ​ដឹងក្តី​ផង​ដែរ​ដើម្បី​ជួយ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ដែល​ខ្វះខាត​បាន​ព្រឹក​ខ្វះ​ល្ងាច ។ ដោយសារ​ឪពុក​និង​ម្តាយ​រស់នៅ​បែក​គ្នា រូប​លោក​ថ្ងៃ​ណា​ក៏​បណ្តែត​ខ្លួន​ដើរ​សុំទាន​គេ​នោះ​ដែរ ដោយសារ​លោក​ចង់​ហូប​ឆ្អែត និង​មិន​ចង់​ឃើញ​ក្រុម​គ្រួសារ​ដាច់​ពោះ​ស្លាប់ ។

លោក​ប្រើ​ជីវិត​បែប​នេះ​យ៉ាង​ហោច​ជិត​២​ឆ្នាំ ទម្រាំ​ធំ​ដឹងក្តី​បន្តិច ក៏​ប្រឡូក​ការងារ​ជា​កូនសិស្សលោក ដើរ​បិណ្ឌ​បាត្រ​ជាមួយ​ព្រះសង្ឃ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​គីឡូ​ដី​ដើម្បី​ទទួល​បាន​អង្ករ និង​ម្ហូប​ជា​រៀងរាល់ថ្ងៃ​ពី​ព្រះសង្ឃ​យក​ទៅ​ឱ្យ​សមាជិកគ្រួសារ​បរិភោគ ។ ក្នុង​ពេល​សិក្សា​ថ្នាក់​ទី​១ លោក​មិន​មាន​សូ​ម្បី​ឯកសណ្ឋាន​ចូល​សាលា ដោយ​ថ្ងៃ​ណា​ក៏​ស្លៀក​សម្លៀក​បំពាក់​ខោអាវ​ពណ៌​ចូល​សាលា​នោះ​ដែរ ដែល​ក្រោយមក​ការ​ពិន័យ​របស់​លោកគ្រូ អ្នកគ្រូ​បាន​ប្រែ​ក្លាយជា​ការ​អាណិតអាសូរ​ចំពោះ​លោក​វិញ ។ ក្នុង​ឆ្នាំ​១៩៩៩ លោក​និង​ក្រុម​គ្រួ​សារបាន​ប្តូរ​ទៅ​រស់នៅ​ខេត្ត​ប៉ៃលិន ក្រោម​ការ​ជ្រោមជ្រែង​របស់​ឪពុក ហើយ​នោះ​ក៏​ជា​ពេល​ដែល​ជួយ​ស្ថានភាព​ក្រលំបាក​ដែល​ធ្លាប់​ប្រឈម​បាន​ល្អ​ប្រសើរ​បន្តិច​ផង​ដែរ ។

ថ្វី​ត្បិត​តែ​នៅ​កន្លែង​ថ្មី លោក​នៅ​តែ​បណ្តែត​ខ្លួន​ស៊ីឈ្នួល​គេ​បណ្តើរ និង​ដើរ​រើស​អេ​ត​ចាយ​បណ្តើរ បុ​៉​ន្តែ​លោក​ក៏​ស្គាល់​ហូប​ឆ្អែត​ខុស​ប្លែក​ពី​មុន និង​បាន​ចូល​សាលា​ជាប់លាប់​ជាង​មុន ដោយសារ​តែ​ម្តាយ​របស់​លោក​មានឱកាស​ទៅ​ជួយ​លក់​ផ្លែ​ឈើ​ឱ្យ​ថៃ​នៅ​ព្រំដែន ដែល​ទទួល​កម្រៃ​ច្រើន​ជាង​ស៊ីឈ្នួល​ដក​ស្ទូង​នៅ​ខេត្តបាត់ដំបង​។ នៅ​ពេលទំនេរ​គ្រួសារ​របស់​លោក​បែកគំនិត​ក្រងស្បូវ​ដើម្បី​ប្រក់ផ្ទះ និង​ទុក​គ្រាន់​លក់​បំពេញតម្រូវការ ។ យ៉ាងណា​ក៏​ដោយ លោក​អាច​បន្ត​ការ​សិក្សា​បាន​ត្រឹមតែ​ថ្នាក់​ទី​៧​បុ​៉​ណ្ណោះ  ក៏​សម្រេចចិត្ត​បោះបង់​ដោយសារ​តែ​សាលា​នៅ​ឆ្ងាយ និង​ម្យ៉ាង​ត្រូវ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រក​ប្រាក់​លើ​គ្រប់​មធ្យោបាយ ទោះជា​ខ្លួន​នៅ​តូច​ជាងគេ​ក្នុង​ចំណោម​បង​ៗ​ក្តី ។

ក្នុង​វ័យ​ប្រមាណ​ជា​១៤-១៥​ឆ្នាំ លោក​បែកគំនិត​សុំ​ពូ​ទូច ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​ហាត់​ទាត់ និង​ដាល់​បាវ​ខ្សាច់ ដោយសារ​តែ​ពូ​ទូច​មាន​ជំនាញ​ផ្នែក​ប្រដាល់សេរី ។ ដោយ​មាន​បំណង​ចង់បាន​ប្រាក់ លោក​ដែល​ក្នុង​ពេល​នោះ​មិន​ទាន់​ចេះ​ក្បាច់គុន​ប្រដាល់​ផង ក៏​សុំ​ឡើង​វ៉ៃ​ជាមួយ​កីឡាករ​ថៃ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​តាម​វត្ត​មួយ​នៅ​ព្រំដែន​ថៃ នា​អំឡុង​ឆ្នាំ​២០០៣ ។ ក្រោម​ការ​ពន្យល់​បង្ហាញ​របស់​ពូ​ទូច ពី​បច្ចេកទេស​ប្រដាល់​ភ្លាម​ៗ​ពេល​នោះ លោក​បាន​វាយ​ឈ្នះ​កីឡាករ​ថៃ​ដោយ​នឹក​ស្មាន​មិន​ដល់ រហូត​ធ្វើ​ឱ្យ​អតីត​កីឡាករ​វង្ស ស៊ី​ថៃ ដែល​ជា​ជើង​ខ្លាំង​នៅ​ពេល​នោះ​សម្រេចចិត្ត​ជួយ​បង្វឹក និង​ឱ្យធ្វើ​ជា​សិស្ស​គុន ។ លោក​ត្រូវ​បាន វង្ស ស៊ី​ថៃ ប្តូរ​ឈ្មោះ​ជា វង្ស ណ​យ ដើម្បី​ឱ្យ​មានការ​ទាក់ទាញ និង​ជ្រោមជ្រែង​ឱ្យ​បាន​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ ។

យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​របស់​លោក​នៅ​ភ្នំពេញ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ បុ​៉​ន្តែ​ត្រូវ​បាន​លោកគ្រូ​មាស សុខ​គ្រី យល់ព្រម​ទទួល​ជា​សិស្ស ដោយសារ​ការ​ទាក់ទង​របស់​លោក​វង្ស ស៊ី​ថៃ ។ ជំហាន​ថ្មី​នេះ​បាន​ជួយ​ឱ្យ​លោក​ប្រែក្លាយ​ពី​កីឡាករ​សាមញ្ញ​ទៅ​ជា​ល្បីឈ្មោះ​ដោយ​នឹក​ស្មាន​មិន​ដល់ បន្ទាប់​ពី​លោក​ចេះ​តែ​ឈ្នះ​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ហើយ​បាន​ទាំង​គ្រង​ជា​ម្ចាស់​ខ្សែក្រវាត់​ផង ។ វង្ស ណ​យ និយាយ​ថា ៖ «​កាល​ខ្ញុំ​នៅ​ប៉ៃលិន ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ដេក​តាម​ព្រៃ តាម​ភ្នំ គ្រប់ពេល​ឡើង​ទៅ​ប្រកួត​នៅ​តាម​ដី​ថៃ ហើយ​ប្រាក់​កាស​មិន​បាន​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​ប្រសើរ​ជាង​ដើរ​រើស​អេ​ត​ចាយ និង​ស៊ីឈ្នួល​គេ​បន្តិច​បុ​៉​ណ្ណោះ​»​។  លោក​បន្ត​ថា ការ​បោះ​ជំហាន​ចូល​ប្រដាល់​មិនមែន​ហេតុផល​ចង់​ល្បី​នោះ​ទេ សំខាន់​គឺ​ចង់បាន​ប្រាក់​បុ​៉​ណ្ណោះ បុ​៉​ន្តែ​មក​ពី​ការ​ប្រដាល់​រយៈពេល​ប្រមាណ​១០​ឆ្នាំទៅ​ហើយ​នៅ​តែ​រក​លុយ​បង់ថ្លៃ​ឈ្នួល​ផ្ទះ​មិន​បាន ទើប​សម្រេចចិត្ត​លាឈប់ ។

លោក​និយាយ​ថា «​ខ្ញុំ​មិន​ទាន់​ដាក់​លិខិត​លាឈប់​ពី​សហព័ន្ធ​ទេ បុ​៉​ន្តែ​បើ​ការ​ប្រដាល់​ដូច​បច្ចុប្បន្ន ខ្ញុំ​ពិតជា​ឈប់ ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​ប្រកួត​មួយ​លើក​រស់​មិន​បាន​កន្លះ​ខែ​ទេ ហើយ​ភាគច្រើន​ណាស់​ដែល​ក្នុង​មួយ​ខែ ខ្ញុំ​អត់​មាន​ប្រកួត​សោះ តើ​ខ្ញុំ​ត្រូវ​ដេកចាំ​ស្លាប់​មែន​ទេ​!» ។ ជាមួយនឹង​ការ​អះអាង​ថា នៅ​សល់​តែ​ខ្សែក្រវាត់​មក​ពី​បារាំង​ចំនួន​២ និង​ពាន​ទើប​ដណ្តើម​បាន​ពី ឡៅ ស៊ី​ណាត មួយ​ចុង​ក្រោយ លោក​អះអាង​ថា ការ​ប្រដាល់​អត់​បាន​ជួយ​ឱ្យ​លោក​បាន​សល់​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅពី​មានការ​ប្រដាល់​ទើបបាន​ហូប​ឆ្ងាញ់ ហើយ​ប្រដាល់​ម្តង​ដេក​ឈឺ​ច្រើន​ថ្ងៃ ព្រោះតែ​ត្បិតត្បៀត​លុយកាក់​ទុក​សម្រាប់​កូន​ប្រពន្ធ ហើយ​មិន​ហ៊ាន​យក​ទៅ​មើលជំងឺ​នោះ ។

លោក​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ការ​ប្រដាល់​បាន​ផ្តល់​កិត្តិយស​ធំធេង​ឱ្យ​លោក បុ​៉​ន្តែ​មិន​បាន​ជួយ​ឱ្យ​លោករ​ស់បាន​ទេ ហើយ​មក​ពី​លោក​មិន​ចង់​ធ្វើការ​បណ្តើរ​ប្រដាល់​បណ្តើរ នាំ​ឱ្យ​បាក់កម្លាំង ទើប​ឈប់​តែ​ម្តង កុំឱ្យ​គេ​ថា លោក​ឡើង​ប្រដាល់​ដូរ​បាយ​ដូច​ធ្លាប់​ឮ ៕