ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TFC​បង្ហាញ​ពី​ការ​តាំងចិត្ត​ខ្ពស់​ក្រោយ​មាន​ទីស្នាក់ការ​ថ្មី​ផ្ទាល់ខ្លួន​ពិតប្រាកដ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ទីស្នាក់ការ​ធ្វើការ​ថ្មី​ពិតប្រាកដ​ដែល​ជា​ការ​ផ្តល់​ឱ្យ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នោះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​(TFC) បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បណ្ដុះបណ្ដាល​ថ្នាល​ជំនាន់​ក្រោយ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ប្រកួត​កីឡា​SEA Games ឆ្នាំ​២០២៣ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ទីស្នាក់ការ​ធ្វើការ​ថ្មី​ពិតប្រាកដ​ដែល​ជា​ការ​ផ្តល់​ឱ្យ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នោះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​(TFC) បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បណ្ដុះបណ្ដាល​ថ្នាល​ជំនាន់​ក្រោយ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ប្រកួត​កីឡា​SEA Games ឆ្នាំ​២០២៣ ។

ការ​ប្ដេជ្ញា​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៤ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​មានការ​ចូលរួម​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក

អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ទេព រិ​ទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ព្រមទាំង​បវរកញ្ញា​ប្រទេស​ជប៉ុន ២​រូប គឺ​កញ្ញា Hisae Arai
(​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​) និង​កញ្ញា​Kiko Arai ដើម្បី​ធ្វើការ​សំណេះសំណាល ក៏​ដូច​ជា​បង្ហាញ​មហាជន​ឲ្យ​បានដឹង​ពី​ទីស្នាក់ការ​ពិតប្រាកដ​របស់​សហព័ន្ធ​សម្រាប់​ធ្វើការ​ផ្ទាល់ខ្លួន ។

លោក ទេព រិ​ទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​បាន​ផ្តល់​ទីកន្លែង​សមរម្យ​ឲ្យ​សហព័ន្ធ​លោក​សម្រាប់​ធ្វើ
ការ ។ លោក​បាន​បញ្ជាក់​ថា កន្លង​មក​សហព័ន្ធ​បាន​ផ្លាស់​ប្តូរ​ទីស្នាក់ការ​ជា​ញឹកញាប់ ព្រោះ​ជាទី​តាំង​ជួល​គេ​បណ្តោះអាសន្ន គឺ​មានការ​លំបាកខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ការងារ​របស់​សហព័ន្ធ​យើង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​មួយ​ចំនួន តែ​ចាប់ពី​ពេល​នេះ​តទៅ​លែង​មានការ​ផ្លាស់​ប្តូរ​ទៀត​ហើយ ។

លោក​អគ្គលេខាធិការ​បាន​បញ្ជាក់​ទៀត​ថា «​ក្រោយ​ពី​សហព័ន្ធ​មាន​ទីស្នាក់ការ​ផ្ទាល់ខ្លួន និង​រៀបចំ​កន្លែងធ្វើការ​បាន​ស្អាត​ហើយ ក្នុង​នាម​ថ្នាក់ដឹកនាំ​សហព័ន្ធ លោក​នឹង​ខិតខំ​ជំរុញ​ប្រភេទ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន ជា​ពិសេស​គឺ​ការ​ប្រមូលផ្ដុំ និង​បណ្ដុះបណ្ដាល​យុវជន​ថ្នាល ដែល​មាន​ទេព​កោសល្យ​ឲ្យ​បាន​ច្រើន សម្រាប់​ត្រៀម​ប្រកួត​កីឡា​SEA Games ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

លោក អ៊ុ​ក សិទ្ធិ​ជាតិ បាន​លើក​ឡើង​ថា ដើម​ឡើយ​ទីកន្លែង​នេះ​ជា​កន្លែង​ចំហ​គ្មាន​ជញ្ជាំង​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដែល​កីឡាករ -​កីឡាការិនី​ហែល​ទឹក​ប្រើប្រាស់​សម្រាប់​ដើរ​១​ជុំ​មក​ពី​អាង​ហែល​ទឹក​ទៅ​កន្លែង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ ។ ប៉ុន្តែ​ដោយសារ​មើលឃើញ​ថា សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា គ្មាន​ទីស្នាក់ការ​ប្រើប្រាស់ ទើប​ក្រសួង​សម្រេច​ផ្តល់​ទីតាំង​នេះ​ឱ្យ ។ លោក​ក៏​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក៏​ដូច​ជា​មន្ត្រី​ទាំងអស់​ដែល​បាន​ខិតខំ​រៀបចំ​កន្លែង​នេះ​ឱ្យ​ក្លាយទៅជា​កន្លែងធ្វើការ​ដ៏​សមរម្យ​មួយ ។

លោក​វ៉ា​ត់ ចំរើន ក្នុង​ឱកាស​នោះ​ក៏​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​ទីកន្លែង​ធ្វើការ​ថ្មី​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​នេះ​ផង​ដែរ ហើយ​លោក​សង្ឃឹមថា សហព័ន្ធ​កីឡា​វាយ​កូន​បាល់ នឹង​ខិតខំ​ធ្វើ​កិច្ចការ​សំខាន់​ៗ​របស់​ខ្លួន​ជា​ច្រើន​ទៀត ដើម្បី​ការ​រីក​ចម្រើន​នា​ពេល​អនាគត ជា​ពិសេស​គឺ​សូម​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ Davis-Cup ឡើង​ទៅ​ក្រុម II ឲ្យ​បាន​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ៕