ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ស្រី​ខួច និយាយ​រឿង​ដណ្តើម​ពាន​នៅ​រេញ​បាយ័ន​ថ្ងៃអាទិត្យ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាំងពី​បាន​ខ្សែក្រវាត់​ពី​ប្រទេស​បារាំង កីឡាការិនី​ជើង​ខ្លាំង នាង វី ស្រី​ខួច នៅ​មិន​ទាន់​បាន​ឡើង​សង្វៀន​ប្រដាល់​ម្ដងនោះ​ឡើយ ។ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ នាង​នឹង​ឡើង​ប្រកួត​យក​ពាន​មួយទៀត​ហើយ បន្ទាប់​នៅ​ក្នុង​ដៃ​មាន​ពាន​ជើងឯក​មួយ និង​ខ្សែក្រវាត់​មួយ​ប្រកបដោយ​មោទនភាព ។

រាជធានី​ភ្នំពេញ ៖ តាំងពី​បាន​ខ្សែក្រវាត់​ពី​ប្រទេស​បារាំង កីឡាការិនី​ជើង​ខ្លាំង នាង វី ស្រី​ខួច នៅ​មិន​ទាន់​បាន​ឡើង​សង្វៀន​ប្រដាល់​ម្ដងនោះ​ឡើយ ។ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ នាង​នឹង​ឡើង​ប្រកួត​យក​ពាន​មួយទៀត​ហើយ បន្ទាប់​នៅ​ក្នុង​ដៃ​មាន​ពាន​ជើងឯក​មួយ និង​ខ្សែក្រវាត់​មួយ​ប្រកបដោយ​មោទនភាព ។

វី ស្រី​ខួច បាន​ផ្ដល់​សម្ភាសន៍​ដោយ​ផ្ទាល់​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ថា មួយ​រយៈ​នេះ នាង​មិន​បាន​ប្រហែស​នោះ​ទេ បន្ទាប់​ពី​ត្រូវ​ស្ថានីយទូរទស្សន៍​បាយ័ន​ផ្ដូ​ផ្គង​ឲ្យ​ឡើង​ប្រកួត​ដណ្ដើម​ពាន ជាមួយ​កីឡាការិនី សឹង តុ នៅ​ថ្ងៃអាទិត្យ ទី​២៤ សីហា នេះ​។ កីឡាការិនី​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ច្រើន​លើក​មក​ហើយ ដោយ​ក្នុង​ពេល​ខ្លះ​វី ស្រី​ខួច ឈ្នះ និង​ពេល​ខ្លះ សឹង តុ ឈ្នះ​។ យ៉ាងណា​ក៏​ដោយ ក្នុង​ការ​ប៉ះ​គ្នា​លើក​ចុង​ក្រោយ ជើង​ខ្លាំង​សឹង តុ បាន​របូត​តំណែង​ជើងឯក​របស់​ទូរទស្សន៍​បាយ័ន​ទៅ​ឲ្យ​វី ស្រី​ខួច ដែល​ក្រោយមក​នាង​ក៏​ហាក់​បណ្ដែត​ខ្លួន​ឲ្យ​ក្លាយជា​កីឡាការិនី​បាត់បង់​ថាមពល​ទៀត ព្រោះតែ​ស្ថានភាព​ក្រីក្រ និង​មិន​បាន​ហ្វឹកហាត់​ជាប់លាប់​។

តាម​ការ​បញ្ជាក់ ជីវភាព​ជាក់ស្ដែង​របស់​កីឡាការិនី​ទាំង​ពីរ ស្ថិត​ក្នុង​សភាព​ក្រលំបាក​ដូច​គ្នា ។ ប៉ុន្តែ វី ស្រី​ខួច ហាក់​មានឱកាស​ប្រសើរ​ជាង ដោយសារ​តែ​នាង​អាច​ផ្អាក​ការងារ​ធ្វើ​សំណង់ និង​ការងារ​ក្នុង​រោងចក្រ​ដែល​ធ្លាប់​ប្រឡូក​មក​ចំណាយពេល​ហាត់​រត់ និង​ចូល​ក្លិប​ហ្វឹកហាត់​ទៀងទាត់ ។ ផ្ទុយ​ទៅ​វិញ កីឡាការិនី​សឹង តុ នៅ​តែ​ប្រើ​កម្លាំង​ដដែល​ទេ បន្ថែម​ពី​អាជីព​ប្រដាល់​ដែល​យូរ​ៗ​ម្តង​ទើបបាន​ឡើង​រេញ​យក​ប្រាក់​នោះ ។ កីឡាការិនី សឹង តុ ក្នុង​ពេល​នេះ​អាច​មិនមែន​ជា​ដៃគូ​របស់​កីឡាការិនី​វី ស្រី​ខួច នោះ​ទេ ដោយសារ​តែ​ស្ថានភាព​គ្រួសារ​ហាក់​រុញ​ឲ្យ​នាង​ដកឃ្លា​កាន់តែ​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់ ។ យ៉ាងណា​ក៏​ដោយ​ជើង​ខ្លាំង​រូប​នេះ​នៅ​តែ​ជា​ដៃគូ​ម្នាក់ ដែល​ធ្វើ​ឲ្យ​កីឡាការិនី វី ស្រី​ខួច ញញើតញញើម​ជាងគេ ពិសេស​គឺ​ស្នៀត​ទាត់​និង​ជង្គង់ បើ​ទោះជា​នាង​ហាក់​អន់​កម្លាំង​មិន​ដូច​មុន​ក្ដី ។

វី ស្រី​ខួច និយាយ​ថា ពាន​ជើងឯក​ដែល​គ្រោង​ដណ្ដើម​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ មិនមែន​ជា​ពាន​ជើងឯក​ទូរទស្សន៍​បាយ័ន ដែល​នាង​ធ្លាប់​ដណ្ដើម​បាន​កាលពី​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​ជា​ពាន​មួយ​ថ្មី ដែល​ខាង​ទូរទស្សន៍​បាយ័ន​រៀបចំ​ឡើង ឱ្យ​ពួក​យើង​ទាំង​ពីរ​ប្រជែង​ដណ្ដើម​យក​។ ទោះជា​នាង​ធ្លាប់​ចាញ់​កីឡាការិនី​សឹង តុ នា​ពេល​កន្លង​មក តែ​នាង​នៅ​តែ​មាន​ជំនឿ​ថា ឈ្នះ​ដោយ​មិន​តឹងតែង​នោះ​ឡើយ​សម្រាប់​ការ​ប៉ះ​គ្នា​ជា​ថ្មី​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា​ថ្ងៃអាទិត្យ នេះ​។ ជំនឿ​ចិត្ត​នេះ កើតឡើង​បន្ទាប់​ពី​នាង​មាន​ពេល​ហាត់​រត់​រាល់​ព្រឹក និង​បាន​រំលឹក​ក្បាច់គុន​ជាមួយ​គ្រូបង្វឹក​រាល់​ល្ងាច ក្រោយ​ពេលទំនេរ​មិន​ធ្វើ​ការងារ ។ គាប់​ជួន​ជា​នាង​នៅ​ពេញកម្លាំង និង​ទើប​ផ្ដួល​កីឡាការិនី​ជនជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​-​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​បារាំង​មុន​នេះ​បន្តិច​ផង ទើប​នាង​គិត​ថា​សឹង តុ មិនមែន​ជា​ឧបសគ្គ​ទៀត​ទេ​។ វី ស្រី​ខួច​និយាយ​ថា «​សម្រាប់​ខ្ញុំ​ត្រៀមខ្លួន​ឈ្នះ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​លើក​នេះ​រួច​ហើយ ព្រោះ​តាំងពី​ខ្ញុំ​មក​ពី​បារាំង ខ្ញុំ​មាន​ពេល​ហ្វឹកហាត់​ច្រើន​!»​។

មន្ត្រី​ទូរទស្សន៍​បាយ័ន​ប្រាប់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​នេះ មាន​បំណង​ឲ្យ​វី ស្រី​ខួច ដែល​ទើប​ឈ្នះ​ពាន និង​ខ្សែក្រវាត់​ពី​បារាំង បាន​ឡើង​ប្រកួត​យក​ប្រាក់​លាន និង​កុំ​ឲ្យ​មហាជន​ភ្លេចឈ្មោះ ។ មន្ត្រី​ដដែល​នេះ ប្រាប់​ថា ការ​ប្រកួត​នេះ ខ្លួន​នៅ​មិន​ទាន់​អស់ចិត្ត​នោះ​ទេ ក្នុង​ពេល​ដែល​វី ស្រី​ខួច ពិបាក​រក​ដៃគូ ដែល​តម្រូវ​ឲ្យ​នាង​ប្រកួត​តែ​ជាមួយ​គូបដិបក្ខ​ដដែល​ៗ ដែល​នាង​ធ្លាប់​ផ្ដួល ។ ប៉ុន្តែ​ក៏​គ្រាន់បើ​ជាង​ឲ្យ​នាង​នៅ​ស្ងៀម ហើយ​មិន​មាន​ចំណូល​ពី​ការ​ប្រដាល់​នោះ​ដែរ​។ មក​ទល់​ពេល​នេះ ក្ដី​បារម្ភ​នៅ​តែ​កើតឡើង ដោយសារ​វត្តមាន​អ្នក​ប្រដាល់​នារី​ថ្មី​មិន​មាន​ទាល់តែ​សោះ ក្នុង​ពេល​ដែល​ដៃគូ​ចាស់​ៗ​ទាំងអស់​របស់​វី ស្រី​ខួច កាន់តែ​លាឈប់​ជិត​អស់ហើយ ៕