ខេត្តពោធិ៍សាត់ ៖ លោកអ៊ូ ប៊ុនថាន់ អាយុ៤៤ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាប់សង្ស័យលើករណីចាក់សាំងដុតកម្មកររបស់ខ្លួន ទាំងរស់ រហូតដល់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម័ កាលពីថ្ងៃទី១៨ មិថុនា ២០០៩ នៅភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ហើយបានរត់គេចខ្លួនមួយរយៈកន្លងមកនេះ ឥឡូវនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ កញ្ញា ២០១០ ដែលដឹកនាំកម្លាំងចាប់ផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអន សុខុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ខណៈពេលបុរសរូបនោះចូលមកបំភ្លឺរឿងផ្សេងនៅក្នុងសាលាដំបូងខេត្ត ។
លោកឧត្តមសេនីយ៍ត្រីអន សុខុន បានប្រាប់ឱ្យដឹងថា ការចាប់ខ្លួនបុរសឈ្មោះអ៊ូ ប៊ុនថាន់ នេះបានធ្វើឡើងតាមដីការបស់តុលាការយោធាតែប៉ុណ្ណោះ ។ នៅល្ងាចថ្ងៃចាប់ខ្លួននោះបន្ទាប់ពីលោកព្រះរាជអាជ្ញាធ្វើការងាររឿងផ្សេងចប់លោកបានបង្ហាញដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាកាយោធាទៅលោកព្រះរាជអាជ្ញា និងសាមីខ្លួនរួចហើយក៏ចាប់វាយខ្នោះបញ្ចូលក្នុងរថយន្តតែម្តង ឯមេធាវីទំនងជាមិនបានដឹងថា អ៊ូ ប៊ុនថាន់ កូនក្តីរបស់ខ្លួនមានរឿងអ្វីពីមុនមកនោះទេ ។ លុះស្អែកឡើងថ្ងៃទី៣ កញ្ញា ២០១០ ក៏បានបញ្ជូនទៅកាន់តុលាការយោធា ដោយមិនបានសួរចម្លើយអ្វីទេ ។ អ៊ូ ប៊ុនថាន់ ត្រូវបានគេស៊ើបដឹងថា បានរត់ទៅលាក់ខ្លួនក្នុងរាជធានីភ្នំពេញ ខណៈពេលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ប៉ុន្តែមុនពេលចាប់ខ្លួនមួយថ្ងៃ អ៊ូ ប៊ុនថាន់ បានលបចូលមកក្នុងទីរួមខេត្តពោធិ៍សាត់វិញ ហើយយប់នោះមានគេដឹងថា ចូលច្រៀងខារ៉ាអូខ នៅហាងថ្ងៃល្អទៀតផង ។ លុះព្រឹកឡើងចូលមកសាលាដំបូងខេត្ត ទំនងជាមានដីកាកោះហៅពីលោកព្រះរាជអាជ្ញារឿងផ្សេង ក៏ជាប់អន្ទាក់កងរាជអាវុធហត្ថ ដែលតាមប្រមាញ់អនុវត្ត ដីកាតុលាការយោធាជាងមួយឆ្នាំកន្លងមកនេះតែម្តង ។
គួររំលឹកថា កាលពីថ្ងៃទី១៨ មិថុនា ២០០៩ វេលាម៉ោង១២និង៣០នាទីរសៀល ខណៈពេលមេឃកំពុងភ្លៀងរលឹម នៅភូមិឈើទាលជ្រុំឃុំប្រមោយ ស្រុកវាលវែង បុរសម្នាក់ឈ្មោះលឿង សារឿន អាយុ២៨ឆ្នាំ ជាកម្មកររបស់ឈ្មោះអ៊ូ ប៊ុនថាន់ ត្រូវអ៊ូ ប៊ុនថាន់ ជាថៅកែចាក់សាំងដុតទាំងរស់ ដោយសារធ្វើឱ្យបាត់សត្វពង្រូលមួយក្បាលទំងន់៩គីឡូក្រាម ។ ជនរងគ្រោះត្រូវភ្លើងឆេះរលួយរត់ចូលក្នុងពាងទឹក និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រហូតដល់រាជធានីភ្នំពេញ ប៉ុន្តែដោយសារអាការរបួសធ្ងន់ធ្ងរខ្លាំងពេកបានតែប៉ុន្មានថ្ងៃក៏ស្លាប់បាត់បង់ជីវិតទៅ ។ កាលបាត់ពង្រូលមួយក្បាល អ៊ូ ប៊ុនថាន់ បានឱ្យលឿង សារឿន រកលុយមកសងចំនួន១.៥០០.០០០រៀល ទើបរួចខ្លួន ប៉ុន្តែជនរងគ្រោះមានតែ ៨០០.០០០រៀល ក៏ចាក់សាំងដុតទាំងរស់តែម្តង ។
ដោយសារអ៊ូ ប៊ុនថាន់ ជាមន្ត្រីយោធាស័ក្តិ៣ នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ទើបតុលាការយោធាបានចេញដីកា ឱ្យកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ អនុវត្តដីកាចាប់ខ្លួន ប៉ុន្តែពេលនោះអ៊ូ ប៊ុនថាន់ បានរត់គេចខ្លួនរហូត ទើបតែពេលនេះចូលវិញស្ងាត់ៗ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសនីយ៍ត្រីអន សុខុន ធ្វើការឃាត់ខ្លួនតែម្តង ។ គ្រាន់តែរឿងបាត់សត្វពង្រូលមួយក្បាលសោះ ហ៊ានចាក់សាំងដុតមនុស្សទាំងរស់បែបនេះវាជាអំពើព្រៃផ្សៃខ្លាំងណាស់ ដែលមិនអាចអត់អោនទោសឱ្យបានឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណា ឈាមស្រែកស្បែកហៅធ្វើឱ្យកុកភ្លេចជង់ តែជង់មិនភ្លេចកុកឡើយ ៕


ចែករំលែកព័តមាននេះ