ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​វត្ថុតាង​លើក​តម្កើង​ ធាន វុទ្ធី ថា ជាព្រះ​

9 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ សមត្ថកិច្ច​ចម្រុះ​ស្រុក​កោះធំ កាលពី​ព្រឹក​ថ្ងៃ​ទី​១ សីហា បាន​ដកហូត​យក​វត្ថុ​តាង​នានា​ជា​ច្រើន​ប្រភេទ ភាគច្រើន​ជា​រូបថត​ដែល​មាន​រូប​បុគ្គល​ធម្មាចារ្យ​ធាន វុ​ទ្ធី ដែល​បាន​តាំង​ខ្លួនឯង​ជា​មនុស្ស​អស្ចារ្យ​លើ​លោក និង​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ បន្ទាប់​ពី​ទទួល​បាន​នូវ​ជំនឿ​ពី​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី និង​ការ​ឈ្លក់​វង្វេង​ខ្លួនឯង​ហួសហេតុ ។ វត្ថុ​តាង​ទាំងនោះ​ត្រូវ​បាន​ដកហូត​ពី​ស្ដ្រី​ឈ្មោះ

ខេត្ដកណ្ដាល ៖ សមត្ថកិច្ច​ចម្រុះ​ស្រុក​កោះធំ កាលពី​ព្រឹក​ថ្ងៃ​ទី​១ សីហា បាន​ដកហូត​យក​វត្ថុ​តាង​នានា​ជា​ច្រើន​ប្រភេទ ភាគច្រើន​ជា​រូបថត​ដែល​មាន​រូប​បុគ្គល​ធម្មាចារ្យ​ធាន វុ​ទ្ធី ដែល​បាន​តាំង​ខ្លួនឯង​ជា​មនុស្ស​អស្ចារ្យ​លើ​លោក និង​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ បន្ទាប់​ពី​ទទួល​បាន​នូវ​ជំនឿ​ពី​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី និង​ការ​ឈ្លក់​វង្វេង​ខ្លួនឯង​ហួសហេតុ ។ វត្ថុ​តាង​ទាំងនោះ​ត្រូវ​បាន​ដកហូត​ពី​ស្ដ្រី​ឈ្មោះ ហ៊​ន ចាន់​ណា ដែល​ជា​អ្នកលក់​រូបភាព​ទាំងនោះ និង​មានផ្ទះ​នៅ​ក្បែរ​វត្ដ​ទួល​រាជា ស្ថិត​ក្នុងភូមិ​កំពង់​គ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ដែល​រូបថត​ភាគច្រើន​ជា​ការ​កែ​ច្នៃ​តាម​កុំព្យូទ័រ ។

មន្ដ្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​រួម​មាន រូបថត​សន្លឹក​តូច សន្លឹក​ធំ​ចំនួន​២.១៨០​សន្លឹក រូបថត​មាន​ស៊ុម​កញ្ចក់​ចំនួន​៦៤​ស៊ុម ឌី​ស្ក​ចំនួន​៧៨៧​បន្ទះ យ័ន្ដ​ក្រណាត់​ក្រហម​ចំនួន​១៧៥​ផ្ទាំង យ័ន្ដ​កាត​រឹង​ចំនួន​៤១០​សន្លឹក និង​យ័ន្ដ​ប្រាក់​ដុល្លារ ក្រដាស​មួយ​លាន​ចំនួន​១១០​សន្លឹក ។ វត្ថុ​តាង​ទាំងនេះ​គឺ​សុទ្ធតែ​មានការ​អនុញ្ញាត​ពី​បុគ្គល ធាន វុ​ទ្ធី ឱ្យធ្វើ​ការ​កែ​ច្នៃ​ដើម្បី​ដាក់​លក់​ដល់​អ្នកមាន​ជំនឿ​ដែល​ខ្វះ​ការ​ពិចារណា​ទាំងឡាយ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រូបថត​ច្នៃប្រឌិត​និង​យ័ន្ដ​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ដកហូត​និង​បាន​វេច​ខ្ចប់​ដើម្បី​យក​ទៅ​រក្សា​ទុក និង​បញ្ជូន​ទៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ​រក្សា​ទុក​បន្ដ ។ គួរ​បញ្ជាក់​ថា មុន​នេះ​១​ថ្ងៃ​គឺ​នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​មាន​លោក​អភិបាលខេត្ដ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ មន្ដ្រី​ធម្មការ និង​សាសនា ក្រសួង មន្ទីរ​និង​ការិយាល័យ​ស្រុក សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ត្រួតពិនិត្យ​ក្នុង​មហា​កុដិ​មួយ​នៅ​ក្នុង​វត្ដ​ទួល​រាជា ដើម្បី​ត្រួតពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី​របស់​បុគ្គល ធាន វុ​ទ្ធី ដែល​បាន​ប្រព្រឹត្ដ​កន្លង​មក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ និង​អាច​ប៉ះពាល់​ដល់​ប្រទេស​នានា​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។

លោក អ៊ុំ ភារ​ម្យ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១ សីហា ថា កាលពី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា គណៈកម្មការ​ចម្រុះ​បាន​ត្រួតពិនិត្យ​នៅ​មហា​កុដិ​ក្នុង​វត្ដ​ទួល​រាជា ប៉ុន្ដែ​មិន​បាន​ដកហូត​យក​អ្វីមួយ​ទេ គ្រាន់តែ​ត្រួតពិនិត្យ​ប៉ុណ្ណោះ គឺជា​កន្លែង​ស្នាក់​នៅ​របស់​បុគ្គល ធាន វុ​ទ្ធី ។ លោក​មិន​បាន​ប្រាប់​ពី​ការ​ត្រួតពិនិត្យ​នេះ​ថា​មាន​អ្វីខ្លះ​ដែល​មិន​ប្រក្រតី​ទេ ប៉ុន្ដែ​ការ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​រក​ភាព​មិន​ប្រក្រតី​នានា​ផ្សេង​ទៀត ។ ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ គណៈកម្មការ​ចម្រុះ​បាន​ឯកភាព​គ្នា​រក្សា​ទុក​មហា​កុដិ​នេះ​ឱ្យ​នៅ​សភាព​ដើម​ដដែល និង​បាន​ចាក់សោ​យ៉ាង​មាំ​ព្រមទាំង​មានការ​យាមកាម ការពារ​ពី​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​នាក់ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា មិន​ទាន់​មានការ​ឯកភាព​ថា តើ​ត្រូវ​បើកទ្វារ​មហា​កុដិ​នេះ​នៅ​ពេល​ណា​ទេ ប៉ុន្ដែ​រក្សា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ គេ​មានការ​កត់​សម្គាល់ថា នៅ​ក្នុង​បរិវេណ​វត្ដ​ទួល​រាជា ចាប់តាំងពី​ផ្ទុះ​រឿងអាស្រូវ​នេះ​មក គឺ​មាន​ភាព​ស្ងាត់ជ្រងំ​ខុស​ប្លែក​ពី​មុន​ដែល​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​មើល​សមិទ្ធផល​នៅ​ក្នុង​ទីវ​ត្ដ​អារាម​នេះ ។ ពេល​នេះ សូ​ម្បី​តែ​យាយជី តាជី​ដែល​មក​តាំងសីល​ក៏​បាន​ចាកចេញ​ទៅ​វិញ​អស់ និង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ ៕