ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការ​បរទេស​​បំភ្លឺ ជុំវិញ​​ការ​ជួញ​ដូរ​មនុ​ស្ស ​និង​ជួញដូរ​​កម្លាំង​ពល​កម្ម ក្រោម​​រូបភាព​​រៀប​ការ​​នារី​ខ្មែរ​​និង​បុរស​​ចិន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១ សីហា បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ឆ្លើយ​តប​នឹង​សេចក្តីថ្លែងការណ៍​របស់​សមាគម​អា​ដ​ហុ​ក ចុះ​ថ្ងៃ​ទី​៣០ កក្កដា ស្តី​ពី «​ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម ក្រោម​រូបភាព អាពាហ៍ពិពាហ៍​នារី​កម្ពុជា​ជាមួយ​បុរស​ចិន​» ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​បង្ហាញ​ថា មាន​ស្ត្រី​ខ្មែរ​២៩៥​នាក់​បាន​រង​គ្រោះ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១ សីហា បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ឆ្លើយ​តប​នឹង​សេចក្តីថ្លែងការណ៍​របស់​សមាគម​អា​ដ​ហុ​ក ចុះ​ថ្ងៃ​ទី​៣០ កក្កដា ស្តី​ពី «​ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម ក្រោម​រូបភាព អាពាហ៍ពិពាហ៍​នារី​កម្ពុជា​ជាមួយ​បុរស​ចិន​» ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​បង្ហាញ​ថា មាន​ស្ត្រី​ខ្មែរ​២៩៥​នាក់​បាន​រង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម ក្រោម​រូបភាព​រៀប​ការ​ជាមួយ​ជនបរទេស ។

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បំភ្លឺ​ថា ៖
១-​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​-​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ចិន តែង​យកចិត្តទុកដាក់​ជា​និច្ច ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ចិន និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ក្នុង​ការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា  ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ដោយ​មិន​ទុក​ឱ្យ​នៅ​បន្ត​រង​គ្រោះ ដូចដែល​សមាគម​អា​ដ​ហុ​ក បាន​ធ្វើការ​ចោទប្រកាន់​នោះ​ឡើយ ។

២-​ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៤ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ពាក្យបណ្តឹង​មាន​ចំនួន​ច្រើន ក្នុង​នោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​-​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ដោះស្រាយ និង​បញ្ជូន​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន​១៨​នាក់​ត្រឡប់​មក​កម្ពុជា​វិញ ។ រីឯ​អ្នក​ដទៃ​ទៀត ស្ថាន​តំណាង​កម្ពុជា​កំពុង​ដោះស្រាយ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចិន ។ ៣-​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​ការងារ​ជាមួយ​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ផង​ដែរ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ជួញដូរ​ស្ត្រី​ខ្មែរ​តាម​រូបភាព​អាពាហ៍ពិពាហ៍​នេះ ។ ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ស្ត្រី​ខ្មែរ​នៅ​លីវ ដោយ​បាន​កំណត់​ឱ្យ​មាន​លិខិត​អញ្ជើញ​ត្រឹមត្រូវ​ពី​ភាគី​ចិន​ជា​មុន ហើយ​បើ​ទៅ​ប្រទេស​ចិន​ជា​អ្នកទេសចរ ត្រូវ​តម្កល់​ប្រាក់​ចំនួន​១០.០០០ ដុល្លារ​អា​មេ​រិ​ក (​មួយ​មុ​ឺ​ន​ដុល្លារ​) ក្នុង​ធនាគារ​ចិន​ជា​មុន​សិន ។

៤-​ដោយ​កន្លង​មក​មេខ្យល់​មានការ​លំបាក​ក្នុង​ការ​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​ចិន​ឱ្យ​ស្ត្រី​ខ្មែរ​រង​គ្រោះ ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មេខ្យល់​ទាំងនោះ​ក៏​ទៅ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​-​ស្ថាន​អគ្គ​កុងស៊ុល​ចិន​នៅ​បរទេស​វិញ ។ ដោយសារ​មាន​បញ្ហា​បែប​នេះ​ទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ស្នើ​ក្រសួងការបរទេស​ចិន ឱ្យ​ស្ថានទូត​-​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ទាំងអស់ នៅ​បរទេស ជា​ពិសេស​នៅ​ប្រទេស​ថៃ វៀតណាម និង​ឡាវ បញ្ឈប់​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ស្ត្រី​ខ្មែរ​នៅ​លីវ ហើយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ស្ថានទូត​-​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ចិន មិន​ឱ្យ​បញ្ជាក់​លិខិត​នៅ​លីវ​ឱ្យ​ស្ត្រី​ខ្មែរ​ដែល​នៅ​ទីនោះ ដើម្បី​ចៀសវាង​កុំឱ្យ​មេខ្យល់ នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន ។

មុន​នេះ តាម​សេចក្តីថ្លែងការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា​«​អា​ដ​ហុ​ក​» ចុះ​ថ្ងៃ​ទី​៣០ កក្កដា បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤ សមាគម​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្ថានភាព​ស្ត្រី​កម្ពុជា ដែល​ជា​រឿយ​ៗ​តែងតែ​រង​គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ជា​ជនបរទេស ។ សេចក្តីថ្លែងការណ៍​ដដែល បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​នេះ សមាគម​ទទួល​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​ចំនួន​១០៨​ករណី ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ទៅ​ប្រទេស​ផ្សេង​ៗ ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​២៩៥​នាក់ ក្នុង​នោះ​មាន ប្រទេស​ចិន​ចំនួន​២៦​ករណី មាន​ជន​រង​គ្រោះ​២៩​នាក់ ។ សមាគម​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​ការងារ​, ក្រសួងមហាផ្ទៃ​, ស្ថាប័ន​ទូត​-​ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស ។

សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់​ថា ជន​រង​គ្រោះ​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន បាន​ជួប​បញ្ហា មួយ​ចំនួន​ដូច​ជា ការ​ធ្វើ​ទារុណកម្ម ផ្លូវ​កាយ ផ្លូវចិត្ត ផ្លូវភេទ ការ​បង្អត់អាហារ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ផ្ទះ​ដូច​ទាសករ​ជាដើម ។ ប្រភព​ដដែល​បញ្ជាក់​ថា តាម​ការ​សិក្សា​លើ​ករណី​ទាំងនេះ គឺ​បណ្តាល​មក​ពី​កង្វះ​ទីផ្សារ​ការងារ ការ​បាត់បង់​ដីធ្លី និង​ការ​ជំពាក់​បំណុល​ធនាគារ​ជាដើម ៕