ខេត្តកំពត ៖ ជនសង្ស័យ២នាក់ បានត្រូវកំលាំងនគរបាលស្រុកបន្ទាយមាសព័ទ្ធចាប់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ កញ្ញា នៅក្នុងភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង បន្ទាប់ពីជនទាំងពីរនាក់នេះ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូ C-125 ស៊េរី២០០៨ មួយគ្រឿងបានសំរេច ខណៈម្ចាស់ម៉ូតូចុះទៅបង់សំណាញ់ក្នុងប្រឡាយដែលមានចំងាយប្រហែល៥០ម៉ែត្រពីកន្លែងចតម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១ កញ្ញា នៅជិតប្រឡាយទឹកផ្លូវចូលទៅរោងចក្រស៊ីម៉ង់ត៍ ក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។ តាមសមត្ថកិច្ចប៉ូលិសស្រុកបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ឈ្មោះឌុល មិត្ត អាយុ៣៧ឆ្នាំ នៅភូមិសន្លុង ស្រុកទ្រាំង ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះងយ ថាវ អាយុ៣២ឆ្នាំ នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។ រីឯម្ចាស់ម៉ូតូឈ្មោះរិន ស៊ាន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបានឱ្យកោះសន្តិភាពដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានចោរកាច់សោ.កម៉ូតូទាំងថ្ងៃនេះភ្លាម លោកអធិការនគរបាលស្រុកក៏បានបែងចែកកំលាំងចុះស្ទាក់ចាប់ជនសង្ស័យទាំងពីរនាក់ជាបន្ទាន់ ។ ក្រោយពីត្រូវសមត្ថកិច្ចដេញយ៉ាងប្រកិត ជនសង្ស័យទាំងពីរនាក់បានទុកម៉ូតូទាំងពីរគ្រឿងចោលនៅវាលស្រែ ហើយទៅសំងំលាក់ខ្លួននៅក្នុងស្រែសន្ទូងមួយ ប៉ុន្តែត្រូវសមត្ថកិច្ចរកឃើញ និងព័ទ្ធចាប់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងអាវុធខ្លីមួយដើមមានគ្រាប់ចំនួន៦គ្រាប់ និងទូរស័ព្ទដៃ៣គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចថា ជនសង្ស័យទាំង២នាក់ បានសារភាពថា កាំភ្លើងមួយដើមនេះពួកគេបានទិញពីផ្សារទឹកថ្លា រាជធានីភ្នំពេញ ជាយូរមកហើយក្នុងតំលៃ៣០០ដុល្លារ និងបានធ្វើសកម្មភាពប្លន់ និងលួចជាច្រើនដង។
លោកបុត សុបាន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យងយ ថាវ និងបក្សពួកមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចតាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយក៏ធ្លាប់ចាប់ខ្លួនបានក្រុមរបស់គេ៣នាក់រួចមកហើយដែរ ។ ក្រុមត្រកូលងយ នេះ គឺជាមុខសញ្ញាលួច ប្លន់ប្រដាប់អាវុធនៅក្នុងភូមិសាស្ត្រ៤ខេត្ត គឺខេត្តកំពត តាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ។ ហើយថ្មីៗនេះក្រុមរបស់គេទើបនឹងធ្វើសកម្មភាពប្លន់នារីម្នាក់នៅសង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ ក្រោយពីសាកសួរ និងធ្វើកំណត់ហេតុ សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ