ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​​វគ្គ​3 ឈាន​​ចូល​ដល់​​ស​ប្តា​ហ៍​​ទី​3ហើយ​​នៅ​ថ្ងៃអាទិត្យ​​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អុ​ិ​ន​នា​រាត្រី​ថ្ងៃអាទិត្យ ទី​៣ សីហា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ កីឡាករ​ដែល​ត្រូវ​ឡើង​សង្វៀន​ប្រកួត​មាន​ទាំងអស់​៥​គូ និង​៣​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​៦៥​គីឡូក្រាម​២​គូ ទម្ងន់​៦០​គីឡូក្រាម​២​គូ និង​ទម្ងន់​៥៧​គីឡូក្រាម​មាន​តែ​មួយគូ​បុ​៉​ណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​របស់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​៣ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អុ​ិ​ន​នា​រាត្រី​ថ្ងៃអាទិត្យ ទី​៣ សីហា​ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ កីឡាករ​ដែល​ត្រូវ​ឡើង​សង្វៀន​ប្រកួត​មាន​ទាំងអស់​៥​គូ និង​៣​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​៦៥​គីឡូក្រាម​២​គូ ទម្ងន់​៦០​គីឡូក្រាម​២​គូ និង​ទម្ងន់​៥៧​គីឡូក្រាម​មាន​តែ​មួយគូ​បុ​៉​ណ្ណោះ ។

ក្នុង​ចំណោម​កីឡាករ​ទាំង​៥​គូ​នេះ គេ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​លើ​ការ​ប្រកួត​រវាង​កីឡាករ​ចាន់ សំអាត និង​កីឡាករ​ឈាន ហំ ដែល​សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​ដូច​គ្នា ។ ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មាន​កីឡាករ​រ៉ា​ក់ វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ជួប​ប្រកួត​ជាមួយ​កីឡាករ​ភិន សុទី មក​ពី​ក្លិប​ខេត្តក្រចេះ និង​កីឡាករ​ហ៊ុន គី​រី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​យុ​៉​ន សំអាត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ។

កីឡាករ​រ៉ា​ក់ វិ​ឆ័​យ និង​យុ​៉​ន សំអាត ឆ្លងកាត់​ការ​ប្រកួត​បាន​មួយ​លើក​ម្នាក់​រួច​មក​ហើយ បុ​៉​ន្តែ​ពួក​គេ​ទាំង​ពីរ​បាន​ទទួល​រង​នូវ​ការ​បរាជ័យ​ដូច​គ្នា ទើបតែ​រកបាន​មួយ​ពិន្ទុ​ម្នាក់​បុ​៉​ណ្ណោះ ។ ចំណែក​កីឡាករ​ហ៊ុន គី​រី និង​យុ​៉​ន សំអាត វិញ ក៏​ឆ្លងកាត់​ការ​ប្រកួត​បាន​មួយ​លើក​ម្នាក់ និង​ឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​ដូច​គ្នា ។ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​មាន​កីឡាករ​ចាន់ សំអាត មក​ពី​ក្លិប​ខេត្តព្រះវិហារ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឈាន ហំ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ណា​ម មូ​៉​រិ​ន មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ប៊ុ​ន​ត​ត មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ។

រវាង​កីឡាករ​ចាន់ សំអាត និង​ឈាន ហំ គេ​ក៏​ទើប​ប្រកួត​បាន​មួយ​លើក​ម្នាក់​ដូច​គ្នា បុ​៉​ន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ដោយ​ចាន់ សំអាត ចាញ់ រីឯ​ឈាន ហំ ឈ្នះ ទើប​លើក​នេះ អាំង សំអាត ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​លុបលាង​ក្តី​អាម៉ាស់ ខណៈ​ឈាន ហំ ក៏​ត្រូវការ​ឈ្នះ​ដូច​គ្នា​ដើម្បី​បង្កើន​ក្រេ​ឌី​តរបស់​ខ្លួន ។ ទោះបី​យ៉ាងណា សម្រាប់​អ្នក​និយម​ទស្សនាការ​ប្រដាល់ មិន​ហ៊ាន​អះអាង​ទុក​មុន​ថា រវាង​ពួក​គេ​ទាំង​២​នាក់​នរណា​ខ្លាំង​ជាង​នរណា​ទេ ដោយ​សារ​កីឡាករ​ទាំង​ពីរ​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា ដូច្នេះ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​បាន​ឡើយ ។ យ៉ាងណា​ក៏​ដោយ គូ​នេះ​តាម​ការ​ស្ទាបស្ទង់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​ក្នុង​រឿង​វាយតប់​នៅ​លើ​សង្វៀន​តាម​រយៈ​ការ​វាយ​អស់ដៃអស់ជើង​ធ្វើ​ឱ្យ​ទស្សនិកជន​ជក់ចិត្ត ។

ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែល​មាន​តែ​១​គូ​នោះ គឺ​កីឡាករ​ជា សុខ​ចាន់ មក​ពី​ក្លិប​អមតៈ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ ។ គូ​នេះ​ប្រកួត​បាន​មួយ​លើក​ម្នាក់​ដូច​គ្នា ក្នុង​នោះ ជា សុខ​ចាន់ ចាញ់ ឯ​ខុន បូ​ឡា ឈ្នះ ៕