ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ខិលខូច​យក​​សំបក​គ្រាប់​​ផ្លោង​60​មី​ល្លី​​ម៉ែត្រ​ដោត​​បំភ័យ​​កណ្តាល​ផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រាប់​ផ្លោង​ធុន​៦០​មី​ល្លី​ម៉ែត្រ​១​គ្រាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជីកដី​កប់​ក្បាល​ចុះ​ទុក​កន្ទុយ​សល់​ផុត​ពី​ដី​ដូច​គេ​ដោត​បញ្ឈរ​បង្កៃ​តាម​ផ្លូវលំ​មួយ​កន្លែង ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ប៉ះពាល់​គ្រាប់​នោះ​ឡើយ ព្រោះ​គ្មាន​ជំនាញ​ខ្លាច​ផ្ទុះ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ។

រាជធានី​ភ្នំពេញ ៖ គ្រាប់​ផ្លោង​ធុន​៦០​មី​ល្លី​ម៉ែត្រ​១​គ្រាប់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ជីកដី​កប់​ក្បាល​ចុះ​ទុក​កន្ទុយ​សល់​ផុត​ពី​ដី​ដូច​គេ​ដោត​បញ្ឈរ​បង្កៃ​តាម​ផ្លូវលំ​មួយ​កន្លែង ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ប៉ះពាល់​គ្រាប់​នោះ​ឡើយ ព្រោះ​គ្មាន​ជំនាញ​ខ្លាច​ផ្ទុះ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ។

ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ កក្កដា នៅ​តាម​ផ្លូវលំ​មួយ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ សង្កាត់​ស្នោ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រាប់​ផ្លោង​ធុន​៦០​មី​ល្លី​ម៉ែត្រ​១​គ្រាប់​នោះ ជា​គ្រាប់​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជីកដី​កប់​ដាក់​ក្បាល​ចុះ​ក្រោម និង​កន្ទុយ​ឡើង​លើ និង​លុប​ដី​ទុក​តែ​កន្ទុយ​បន្តិច​ប៉ុណ្ណោះ ទាល់តែ​ដើរទៅ​ជិត​ទើប​ឃើញ ហើយ​រណ្តៅ​ដែល​គេ​ជីក​កប់​គ្រាប់​នោះ​មាន​ទំហំ​មុខកាត់​ប្រមាណ​៣​តឹក ។ ក្រៅពី​គ្រាប់​ខាងលើ មិនដឹង​ថា គេ​ដាក់​អ្វី​នៅ​ពីក្រោម​នោះ​ទៀត​ឡើយ ដោយ​អ្នកខ្លះ​សន្និដ្ឋាន​ថា មាន​គ្រាប់​ធុន​ធំ​កប់​នៅ​ពីក្រោម​ទៀត តែ​ក៏​មាន​អ្នកខ្លះ​សង្ស័យ​ថា ជា​គ្រាប់​អត់​ក្បាល គ្រាន់តែ​គេ​កប់​លេង ។

ប៉ុន្តែ​ទោះបីជា​បែប​ណា ទាល់តែ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ទើប​អាច​ដឹង​ប្រាកដ​បាន​ថា គ្រាប់​នោះ​បែប​ណា ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្នោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ យក​ឈើ​ចង​ខ្វែង ព្រមទាំង​យក​មែក​ឫស្សី​ងាប់​ៗ​ទៅ​ដាក់​ធ្វើ​ជា​តម្រុយ និង​ជា​សញ្ញា​សម្រាប់​ជា​ការ​ប្រុង​ប្រយ័ត្ន ខ្លាចក្រែង​មាន​រថយន្ត​ឬ​គោ​យន្ត​ដែល​បើក​ឆ្លងកាត់​ទីនោះ​កិន អាច​បណ្តាល​ឱ្យ​ផ្ទុះ​មាន​គ្រោះថ្នាក់​កើតឡើងបាន ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដែល​ទៅ​ត្រួតពិនិត្យ​បានឱ្យ​ដឹង​ថា គ្រាប់​នោះ​ពិតជា​ត្រូវ​បាន​ជីក​កប់​ថ្មី​ៗ គឺ​កប់​នៅ​វេលា​យប់​ថ្ងៃ​ទី​៣០ កក្កដា និង​បាន​កប់​មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ថែម​ទៀត ។ មិន​មាន​នរណា​ម្នាក់​បានដឹង​ពី​គោលបំណង​របស់​ជន​មិន​ស្គាល់​មុខ​កប់​គ្រាប់​ខាងលើ​នោះ​ទេ ។

គេ​ធ្វើ​បែប​នេះ​ពិតជា​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​សម្រាប់​អ្នក​ភូមិ​ជិត​នោះ ។ ម្យ៉ាងទៀត គ្រាប់​នោះ​ត្រូវ​បាន​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ និង​បាន​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ​ខាងលើ ទើប​លោក​មេ​ភូមិ​រាយការណ៍​បន្ត​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ហើយ​ពេល​នេះ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​ខាង​មន្ត្រី​ស៊ី​ម៉ាក់​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង និង​បាន​ដក​យក​ចេញពី​កន្លែង​នោះ​ហើយ ។ ផ្លូវ​ខាងលើ​នេះ​គឺជា​ផ្លូវលំ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត ដែល​មាន​រថយន្ត​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​រាល់​យប់​ថ្ងៃ ដូច​ជា​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ដឹក​ដី ហើយ​ក៏​មាន​គោ​យន្ត​ផង​ដែរ ។ ប៉ុន្តែ​ហាក់ដូចជា​សំណាងល្អ​ខ្លាំង​ណាស់​ដែល​នៅ​ពេល​នោះ​ពុំ​មាន​រថយន្ត​ណា​បើក​កិន​ចំ​គ្រាប់​បង្កៃ​នេះ​ទេ ។ ប្រសិនជា​កិន​អាច​នឹង​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ជា​មិន​ខាន​ឡើយ ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​នៅ​ក្បែរ​នោះ និង​ជា​អតីត​ទាហាន​សម័យ លន់ ន​ល់ បានឱ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​នោះ កាលពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០​ដល់​១៩៧៥ គឺជា​សមរភូមិ​មុខ និង​ជា​ទីលានប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម​រវាង​កង​ទាហាន​លោក​សេនាប្រមុខ លន់ ន​ល់​និង​កងទ័ព​ខ្មែរក្រហម ហើយ​គ្រាប់​គ្រប់​ប្រភេទ​បាន​បន្សល់​ទុក​យ៉ាងច្រើន​រាប់​មិន​អស់​ក្នុង​ពេល​កន្លង​មក ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​មាននៅ​សល់​តិចតួច​ដែរ ព្រោះ​ខាង​មន្ត្រី​ស៊ី​មា​៉​ក់បាន​ចុះ​ទៅ​បោសសម្អាត​ប្រមូល​យក​ជា​បន្តបន្ទាប់ ។

បុរស​រូប​នោះ​បាន​រំលឹក​ផង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១២​កន្លង​ទៅ​មានការ​បង្កៃ​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​ចម្ការ​ប្រេងខ្យល់​មួយ ស្ថិត​នៅ​ក្បែរ​នោះ​ចម្ងាយ​ពី​គ្នា​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​នោះ ដែល​ខណៈនោះ​ក្មេង​ប្រុស​២​នាក់​ទៅ​ឃ្វាលគោ​ប្រទះ​ឃើញ​អត់​ស្គាល់ ស្មានថា​ជា​កណ្តឹងគោ ក៏​បាន​រើស​យក​ទៅ​ពាក់​ក និង​កាន់​រលាស់​លេង ហើយ​ក៏​ផ្ទុះ​លាន់​កក្រើក​ព្រៃ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​ដាច់​ដៃ និង​ពិការ​ភ្នែក​ម្ខាង​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ករណី​បង្កៃគ្រាប់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ជនល្មើស​គឺជា​ម្ចាស់​ចម្ការ​ប្រេងខ្យល់​ដាក់​បង្កៃ ព្រោះ​ខឹង​គេ​លួច​កាប់​ដើម​ប្រេងខ្យល់​ធ្វើ​អុសដុត ។ ប៉ុន្តែ​ទោះបី​បែប​ណា ខាង​សមត្ថកិច្ច​នៅ​តែ​មិន​អាច​រក​ឃើញ​ម្ចាស់​គ្រាប់​នេះ​ដដែល ។​(​នៅ​ត​)