ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ព្រមព្រៀង​​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជាផ្ទៃក្នុង​​សភា រវាង​​ក្រុមការងា​រ​គណបក្ស​​ប្រជាជន​​កម្ពុជា​​និង​សង្គ្រោះ​​ជាតិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​២​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមការងារ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ដែល​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ឈាង វុន និង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​ព្រមព្រៀង និង​ឯកភាព​គ្នា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​នៅ​ក្នុង​កិច្ច​ពិភាក្សា កាលពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នៅ​វិមាន​រដ្ឋសភា ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​២​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមការងារ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ដែល​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ឈាង វុន  និង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​ព្រមព្រៀង និង​ឯកភាព​គ្នា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​នៅ​ក្នុង​កិច្ច​ពិភាក្សា កាលពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នៅ​វិមាន​រដ្ឋសភា ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​ថា ក្រុមការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា  នោះ ។ អ្វី​ដែល​ក្រុមការងារ​ពិភាក្សា​គ្នា​យូរ​នោះ គឺ​មក​ពី​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ការ​សួរ​ទៅ​កាន់​រាជរដ្ឋាភិបាល ដែល​មួយ​រយៈ​កន្លង​មក​មានការ​ខ្វះចន្លោះ​មិន​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ ។ លោក​បញ្ជាក់​ថា «​យើង​ជជែក​គ្នា​យូរ​នោះ គឺ​ចង់ឱ្យ​ស្ថាប័ន​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់មាត់ ឬ​បំភ្លឺ​ដោយ​លិខិត ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ឱ្យ​អនុវត្ត​ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​» ។

ដោយឡែក ចំពោះ​ការ​ចូល​ស្បថ​ក្នុង​ព្រះ​បរមរាជវាំង​ក៏​ដូច​ជា​ការ​ចូល​ប្រជុំ​សភា លោក​យ៉ែ​ម បុញ្ញឫទ្ធិ ថ្លែង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​ទាំងអស់ មិន​ទាន់​កំណត់​ថ្ងៃ​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ គឺ​រង់ចាំ​ថ្នាក់ដឹកនាំ​សម្រេច​ថា​ពេល​ណា​គឺ​ពេល​នោះ ។ លោក ឈាង វុន ថ្លែង​ថា «​ក្រុមការងារ​ចរចា​របស់​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​រួម​គ្នា ឯកភាព​គ្នា​ក្នុង​ស្មារតី​ខ្ពស់ ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ យើង​បាន​សម្រេច​ថា ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ សេចក្តី​ព្រាង​ត្រូវ​ចែក​ជា​ពីរ​ដំណាក់កាល ហើយ​យើង​ធ្វើ​ការងារ​ទី​១​គឺ​ការ​ចាំបាច់​អនុវត្ត​តាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​ថ្ងៃ​ទី​២២ កក្កដា កន្លង  មក ។ អី​ុ​ចឹ​ង យើង​បាន​កំណត់​ចំណុច​មួយ​ចំនួន​ហើយ ។

ឯ​ចំណុច​ខ្លះ​ដែល​មិន​ទាន់​ឯកភាព​គ្នា​នោះ យើង​នឹង​យក​ទៅ​ជជែក​គ្នា​នៅ​ពេល  ក្រោយ ។ តាម​ខ្ញុំ​ដឹង ចំណុច​នោះ​គឺ​ជជែក​គ្នា​នៅ​ពេល​ដែល​សមាជិក​សភា​ទាំងអស់​ធ្វើការ​ជាមួយ​គ្នា​» ។ លោក ឈាង វុន បាន​លើក​ឡើង​ថា អ្វី​ដែល​សេសសល់​នោះ យើង​នឹង​យក​យន្តការ​រដ្ឋសភា​ដើម្បី​កែតម្រូវ ។ ចំពោះ​ករណី​សួរនាំ​រដ្ឋមន្ត្រី​ណាមួយ​នោះ យើង​បាន​ឯកភាព​គ្នា​តាម​ស្មារតី​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ទទួលស្គាល់​ពី​តួនាទី​គ្នា​ទៅ​វិញ​ទៅ​មក រវាង​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ក្នុង​រដ្ឋសភា និង​គណបក្ស​ដែល​មាន​អាសនៈ​ភាគតិច​ក្នុង​រដ្ឋសភា ។ យើង​បាន​ឯកភាព​គ្នា​ថា អ្នកតំណាង​រាស្ត្រ​មាន​សិទ្ធិ​កោះ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល ឬ​វរជន​ដើម្បី​បំភ្លឺ​ផ្ទាល់​បាន ។ ក្នុង​ករណី​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ណាមួយ​ដើម្បី​បំភ្លឺ​រឿង​អ្វី​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ថា ជា​សិទ្ធិ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​សម្តេច​បាន​លើក​ឡើង​ថា រដ្ឋមន្ត្រី​ណាមួយ​ដែល​ត្រូវ​រដ្ឋសភា​កោះ​អញ្ជើញ​ត្រូវ​តែ​ចូល​មក​បំភ្លឺ​តាម​ការ​កោះ  អញ្ជើញ ។

តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​នោះ​លើក​ឡើង​ថា យោង​តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រុមការងារ​ចរចា​របស់​គណបក្ស​ទាំង​ពីរ បាន​ជួបជុំ​ពិភាក្សា​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ជា​ពីរ​ដំណាក់កាល ។ ក្នុង​ដំណាក់កាល​ទី​១​ក្រុមការងារ​បាន​ឯកភាព​គ្នា​ដូច​ជា ៖

ប្រការ​៦​ថ្មី (​ពីរ​) ៖ គណៈកម្មការ​នានា​នៃ​រដ្ឋសភា​មាន ៈ
១-​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា
២-​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម
៣-​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក
៤-​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ
៥-​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន
៦-​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌
៧-​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍
៨-​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី
៩-​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
១០-​គណៈកម្មការ​អង្កេត បោ​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ

ប្រការ​៩​ថ្មី (​ពីរ​) ៖ អនុប្រធាន​ទាំង​ពីរ​ជួយ​ធ្វើការ​ប្រធាន​ទៅ​តាម​ការ​បែងចែក​ភារកិច្ច​ពី​ប្រធាន ។ កាលបើ​ប្រធាន​អវត្តមាន​ឬ​មក​ធ្វើការ​ពុំ​បាន អនុ​ប្រធាន​ធ្វើការ​ជួស​ប្រធាន​ក្នុង​ឋានៈ​ជា​ប្រធាន​ស្តីទី​តាម​រយៈ​លិខិត​ផ្ទេរសិទ្ធិ ។ ការ​ផ្ទេរសិទ្ធិ​នេះ​ត្រូវធ្វើ​ទៅ​តាម​ឋានានុក្រម ។ ប្រការ​១៤​ថ្មី​(​ពីរ​) ៖ រដ្ឋសភា មាន​អគ្គលេខាធិការដ្ឋាន​មួយ​ទទួល​បន្ទុក​ខាង​ការ​រៀបចំ​ធ្វើ​កំណត់ហេតុ​របស់​រដ្ឋសភា និង​របស់​គណៈកម្មការ​នានា ។ អគ្គលេខាធិការដ្ឋាន​នេះ ទទួល​រា​៉​ប់រង​គ្រប់​កិច្ចការរដ្ឋបាល និង​សេវាកម្ម​នានា​ជូន​រដ្ឋសភា និង​គណៈកម្មការ​ទាំងអស់ ព្រមទាំង​ទំនាក់ទំនង​ផ្សេង​ៗ​ក្រៅ​រដ្ឋសភា ។ អគ្គលេខាធិការដ្ឋាន​បង្កើត​ឱ្យ​មានការ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បន្ទាប់​ពី​សម័យប្រជុំ​ពេញអង្គ ។ ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​នោះ ត្រូវ​ស្រប​តាម​របៀបវារៈ​នៃ​សម័យប្រជុំ​របស់​រដ្ឋសភា ហើយ​មាន​ថិរវេលា​មិន​លើស​ពី​២០​នាទី ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋបាល ជា​ភារកិច្ច​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ។

ប្រការ​៣២​ថ្មី​(​ពីរ​) ៖ អ្នកតំណាង​រាស្ត្រ​មាន​សិទ្ធិ​សួរ​សំណួរ​ដល់​រាជរដ្ឋាភិបាល ។ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធានរដ្ឋសភា ។ ចម្លើយ​អាច​ធ្វើ  ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋមន្ត្រី​មួយ​រូប​ឬ​ច្រើន​រូប ។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់ ។ ចម្លើយ​របស់​រដ្ឋមន្ត្រី​ឬ​របស់​នាយក​រដ្ឋមន្ត្រី​អាច​ធ្វើ​ដោយ​ផ្ទាល់មាត់​ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ ហើយ​ចាំបាច់​ត្រូវ​តែ​មក​បំភ្លឺ​តាម​សំណើ​របស់​អ្នកតំណាង​រាស្ត្រ ។ ចម្លើយ​ខាងលើ​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​សំណួរ ។ ចំពោះ​ចម្លើយ​ផ្ទាល់មាត់ ប្រធានរដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ឬ​មិន​ឱ្យ​មានការ​ជជែក​ដេញដោល ។ បើ​គ្មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​របស់​នាយក​រដ្ឋមន្ត្រី​នឹង​បញ្ចប់​សំណួរ​តែ​ម្តង ។
ប្រការ​៣៤(​ថ្មី​) ៖ គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា អាច​អញ្ជើញ​រដ្ឋមន្ត្រី​ឬ​វរជន​ណាមួយ​មក​បំភ្លឺ​ពី​បញ្ហា​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​ខ្លួន រដ្ឋមន្ត្រី​ឬ​វរជន​នោះ​ចាំបាច់​ត្រូវ​តែ​ចូល​បំភ្លឺ ។

ចំពោះ​កិច្ចព្រមព្រៀង​របស់​ក្រុមការងារ​ចរចា​ជុំវិញ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​បានឱ្យ​ដឹង​ទៀត​ថា បញ្ហា​ដែល​នៅ​សេសសល់​ក្រុមការងារ​បាន​ឯកភាព​គ្នា​ថា​នឹង​យក​ទៅ​ដោះស្រាយ​នៅ​ក្នុង​យន្តការ​រដ្ឋសភា​នា​ពេល​ខាង​មុខ​។ គួរ​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ក្រុមការងារ​ចរចា​ចំនួន​បី​ដើម្បី​ពិភាក្សា​គ្នា ទី​១-​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ទី​២-​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ទី​៣-​វិសោធនកម្ម​ច្បាប់បោះឆ្នោត ។ ចំពោះ​ក្រុមការងារ​ចរចា​ទាំង​៣​មាន ក្រុមការងារ​ចរចា​មួយ​បាន​ឯកភាព និង​ព្រមព្រៀង​គ្នា​ហើយ គឺ​ក្រុមការងារ​ពិភាក្សា​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​លើក​ឡើង​ថា ដរាបណា​ក្រុមការងារ​ទាំង​៣​មិន​ទាន់​ធ្វើ​ការងារ​ចប់​ទេ តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​ទេ ៕