ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ដ​​ហុ​ក ៈ ជន​​រង​គ្រោះ​295​​នាក់ ត្រូវ​បាន​​ជួញដូរ​​ក្រោម​រូប​ភាព រៀប​ការ​​ជាមួយ​ជន​បរទេស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ជួញដូរ​មនុស្ស និង​ជួញដូរ​កម្លាំង​ពលកម្ម ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ នៅ​តែ​ជា​បញ្ហា​ក្តៅ​សម្រាប់​កម្ពុជា​នៅឡើយ ។
តាម​សេចក្តីថ្លែងការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា​«​អា​ដ​ហុ​ក​» ចុះ​ថ្ងៃ​ទី​៣០ កក្កដា ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤ សមាគម​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្ថានភាព​ស្ត្រី​កម្ពុជា ដែល​ជា​រឿយ​ៗ​តែងតែ​រង​គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ជា​ជនបរទេស ។

រាជធានី​ភ្នំពេញ ៖ ការ​ជួញដូរ​មនុស្ស និង​ជួញដូរ​កម្លាំង​ពលកម្ម ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ នៅ​តែ​ជា​បញ្ហា​ក្តៅ​សម្រាប់​កម្ពុជា​នៅឡើយ ។
តាម​សេចក្តីថ្លែងការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា​«​អា​ដ​ហុ​ក​» ចុះ​ថ្ងៃ​ទី​៣០ កក្កដា ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤ សមាគម​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្ថានភាព​ស្ត្រី​កម្ពុជា ដែល​ជា​រឿយ​ៗ​តែងតែ​រង​គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ជា​ជនបរទេស ។

សេចក្តីថ្លែងការណ៍​ដដែល បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​នេះ សមាគម​ទទួល​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​ចំនួន​១០៨​ករណី ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ទៅ​ប្រទេស​ផ្សេង​ៗ ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​២៩៥​នាក់ ក្នុង​នោះ​មាន ប្រទេស​ចិន​ចំនួន​២៦​ករណី មាន​ជន​រង​គ្រោះ​២៩​នាក់ ។ សមាគម​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​ការងារ​, ក្រសួងមហាផ្ទៃ​, ស្ថាប័ន​ទូត​-​ស្ថាន​កុងស៊ុល ប្រចាំ​ប្រទេស ។ សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់​ថា ជន​រង​គ្រោះ​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន បាន​ជួប​បញ្ហា មួយ​ចំនួន​ដូច​ជា ការ​ធ្វើ​ទារុណកម្ម ផ្លូវ​កាយ ផ្លូវចិត្ត ផ្លូវភេទ ការ​បង្អត់អាហារ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ផ្ទះ​ដូច​ទាសករ​ជាដើម ។

ប្រភព​ដដែល​បញ្ជាក់​ថា តាម​ការ​សិក្សា​លើ​ករណី​ទាំងនេះ គឺ​បណ្តាល​មក​ពី​កង្វះ​ទីផ្សារ​ការងារ ការ​បាត់បង់​ដីធ្លី និង​ការ​ជំពាក់​បំណុល​ធនាគារ​ជាដើម ។ ក្នុង​ព្រឹត្តិការណ៍​ដោយឡែក​ទាក់ទិន​នឹង​ករណី​ខាងលើ ស្ត្រី​ជាប់ចោទ​ម្នាក់ ជា​មេអណ្តើក​នាំ​ស្ត្រី​ខ្មែរ​ទៅ​លក់​ផ្លូវភេទ​នៅ​ចិន ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម កាលពី​ថ្ងៃ​ទី​៣០ កក្កដា ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ សមគំនិត​ក្នុង​ការ​ជ្រើសរើស​មិន​ស្របច្បាប់​សម្រាប់​កេងប្រវ័ញ្ច យោង​តាម​មាត្រា​១២ កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា ២៩, ៩៣, ៩៤ នៃ​ក្រមព្រហ្មទណ្ឌ ។

សាលក្រម​ដដែល​បង្គាប់​ឱ្យ​ជនជាប់ចោទ សងជម្ងឺចិត្ត​ដល់​ជន​រង​គ្រោះ​២​នាក់ ក្នុង​ម្នាក់​ៗ ៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ ស្ត្រី​ជាប់ចោទ​ឈ្មោះ បូ ស៊ី​ណា អាយុ​៣៧​ឆ្នាំ ទីលំនៅ​មុន​ពេល​ចាប់ខ្លួន នៅផ្ទះ​លេខ​៦២១ ភូមិ​ប៉ប្រក​ខាងជើង តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៣ យោង​លើ​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង ។ ក្នុង​ពាក្យបណ្តឹង បញ្ជាក់​ថា កាលពី​ជាង​៣​ខែ​កន្លង​ទៅ ឈ្មោះ បូ ស៊ី​ណា ទៅ​ទាក់ទង​កូនស្រី នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​រស់នៅ​ប្រទេស​ចិន រួម​ជាមួយ​នារី​ខ្មែរ​២​នាក់​ទៀត ។

ពេល​ទៅ​ដល់​ប្រទេស​ចិន កូនស្រី​ពិតជា​បាន​រៀប​ការ​ជាមួយ​បុរស​ចិន​ពិតមែន តែ​បាន​ត្រឹម​មួយ​រយៈ កូនស្រី​និង​នារី​ខ្មែរ​២​នាក់​ទៀត​នោះ ត្រូវ​គេ​លក់​ពី​ម្នាក់​ទៅ​ម្នាក់ ដើម្បី​បម្រើ​ផ្លូវភេទ​នៅ​ប្រទេស​ចិន ។ ដោយសារ​អត់ទ្រាំ​នឹង​អំពើ​ព្រៃផ្សៃ លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពុំ​បាន ពួក​នាង​ក៏​ទូរស័ព្ទ​ទាក់ទង​មក​ឪពុក​ម្តាយ​នៅ​ស្រុក​ខ្មែរ ឱ្យ​សមត្ថកិច្ច​ចាប់​ក្រុម​ជន​បោកប្រាស់​យក​ពួក​នាង​ទៅ​លក់​នៅ​ប្រទេស​ចិន ទើប​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនល្មើស និង​រំដោះ​ពួក​នាង​មក​វិញ ៕