ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​​ការ​ប្រកួត​​កីឡា​កាយ​សម្ព័ន្ធ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​​ជាតិ​ប្រចាំ​ឆ្នាំ​​2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​បាន​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២៤ កក្កដា មក​នោះ បាន​បញ្ចប់​ជា​ស្ថាពរ ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា នៅ​ក្នុង​សាល​ប្រកួត​កីឡា​កាយសម្ព័ន្ធ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​បាន​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២៤ កក្កដា មក​នោះ បាន​បញ្ចប់​ជា​ស្ថាពរ  ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា នៅ​ក្នុង​សាល​ប្រកួត​កីឡា​កាយសម្ព័ន្ធ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា កីឡា​កាយសម្ព័ន្ធ​បាន​រស់​ឡើង​វិញ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ក៏​ដូច​ជា​កីឡា​ដទៃ​ទៀត​ដែរ ។ យើង​ទាំងអស់​គ្នា​បាន​ឆ្លងកាត់​ពី​បាតដៃ​ទទេ ហើយដោយ​សារ​យើង​ស្រលាញ់ និង​ចង់ឱ្យ​កីឡា​មួយ​នេះ​មានការ​អភិវឌ្ឍ យើង​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត សម្ភារ និង​ថវិកា​ជំរុញ​សកម្មភាព​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បណ្តុះបណ្តាល​អត្ត​ព​លិ​ក​វ័យក្មេង ដោយ​ធ្វើ​សកម្មភាព​ហ្វឹកហាត់​ជា​ប្រចាំ​ទើប​ទទួល​បានការ​ចូលរួម និង​គាំទ្រ​ដូច​ពេល​នេះ ។ បច្ចុប្បន្ន​យើង​មាន​ធនធានមនុស្ស​ជំនាញ មាន​ទីលាន​កាយសម្ព័ន្ធ​សម​ស្រប មាន​ឧបករណ៍​សម្ភារ​សម​ល្មម មាន​ក្លិប កីឡាករ​-​កីឡាការិនី តែ​យើង​នៅ​ខ្វះ​តែ​ឆន្ទៈ មនសិការ​ការងារ និង​ការ​ប្តេជ្ញា​ចិត្ត​ប៉ុណ្ណោះ នឹង​ឈាន​ដល់​គោលដៅ​សក្តានុពល​កីឡា​កាយសម្ព័ន្ធ​ជាក់​ជា​មិន​ខាន ជា​ពិសេស​ក្នុង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ។

ចំពោះ​លទ្ធផល​ចំណាត់​ថ្នាក់លើ​ប្រភេទ​វិញ្ញាសា​អា​ទី​ស្ទិ​ក (Artistic) បែងចែក​ជា​ពីរ​ក្របខ័ណ្ឌ​គឺ ៖
ឯកត្តជន​ក្របខ័ណ្ឌ​ក​២​ផ្នែក​បុរស​លេង​លើ​ឧបករណ៍​ចំនួន​៤ (​កម្រាល​-​សេះ​លោត​-​សេះ​កង​-​កង​) លេខ​១​បាន​ទៅ​កីឡាករ មួន សិលា​ពេជ្រ មក​ពី​ក្លិប​ខេ​ម​ឃី​ត ឃុំ​ខ្វាវ ។ ផ្នែក​នារី​លេង​លើ​ឧបករណ៍​ចំនួន​៣ (​កម្រាល​-​សេះ​លោត​-​ស្នួ​លំនឹង​) លេខ​១​បាន​ទៅ​កីឡាការិនី ហេង រក្សា មក​ពី​ក្លិប​ហ្សា​ក់​កឹះ​មា​៉​ញ់ ។

ឯកត្តជន​ក្របខ័ណ្ឌ​ក​១ ផ្នែក​បុរស​លេង​លើ​ឧបករណ៍​ចំនួន​៥ (​កម្រាល​-​សេះ​លោត​-​សេះ​កង​-​កង និង​របារ​ស្រប​) លេខ​១​បាន​ទៅ​កីឡាករ សំ រី​ម មក​ពី​ក្លិប​៧​មក​រា​សែន​ជ័យ ។ ផ្នែក​នារី លេង​លើ​ឧបករណ៍​ចំនួន​៣ (​កម្រាល​-​សេះ​លោត​-​ស្នួ​លំនឹង​) លេខ​១​បាន​ទៅ​កីឡាការិនី ហឹ​ុ​ម សុភាព មក​ពី​ក្លិប​កំពង់​ក្តារ ។ វិញ្ញាសា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Aerobic) ឯកត្តជន​ក្របខ័ណ្ឌ​ក​២​ផ្នែក​បុរស លេខ​១​បាន​ទៅ​កីឡាករ វើ​ន ស៊ី​ថា មក​ពី​ក្លិប​ខេ​ម​ឃី​ត ឃុំ​ខ្វាវ ខណៈ​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី ខេន ស្រី​ណុ​ច មក​ពី​ក្លិប​ខេ​ម​ឃី​ត​ឃុំ​ខ្វាវ​ដូច​គ្នា ។ ចំពោះ​ក្របខ័ណ្ឌ​ក​១ លើ​វិញ្ញាសា​ខាងលើ​នេះ ផ្នែក​បុរស​លេខ​១ បាន​ទៅ​កីឡាករ ង៉ែត វាសនា និង​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី ផា​ន សុ​ភ័​ក្រ ដែល​ពួក​គេ​ទាំង​ពីរ​នាក់​មក​ពី​ក្លិប​៧​មក​រា​សែន​ជ័យ​ដូច​គ្នា ។

សម្រាប់​ចំណាត់ថ្នាក់​ជា​ក្រុម​បុរស​-​នារី លើ​ប្រភេទ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក (Aerobic) លេខ​១​បាន​ទៅ​ក្លិប​៧​មក​រា​សែន​ជ័យ ដែល​មាន​កីឡាករ ង៉ែត វាសនា និង ជឿន ចាន់​បូ​រី​, កីឡាការិនី ផា​ន សុ​ភ័​ក្រ និង មួ​ង យូ​ណា​ន់ ។ លេខ​២​បាន​ទៅ​ក្លិប​អគារ​ស្ពាន​ឥ​ន្ធ​នូ ដែល​មាន​កីឡាករ កែវ មក​រា និង ហេង ឈុ​ន​លាង​, កីឡាការិនី ហ៊ុយ គី​មយី និង ទូច រតនា និង​លេខ​៣​បាន​ទៅ​ក្លិប​ខេ​ម​ឃី​ត​ត្រពាំង​ឃ្លោក ដែល​មាន​កីឡាករ ឃុន សុភា​ស់ និង មុត សុខា​, កីឡាការិនី ជឹ​ម ស្រី​និ​ច និង ជឿ​ង ស្រី​និ​ត ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ឧបត្ថម្ភ​ដល់​ក្លិប​ដែល​បាន​ចូលរួម​ក្នុង​មួយ​ក្លិប​ៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ និង​លោក សុខ ហុង ដែល​ជា​អនុប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​ក្នុង​១​ក្លិប​ៗ​ចំនួន​៥០​ដុល្លារ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ លោក ថោ​ង ខុន បាន​នាំ​យក​អំណោយ​ដែល​ជា​មូលនិធិ​កីឡា​ជាតិ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ចំនួន​២​លាន​រៀល ព្រមទាំង​អង្ករ ទឹក​ស៊ី​អី​ុ​វ មី ត្រីខ និង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត​ប្រគល់​ជូន​ដល់​កីឡាករ​តេ​ក្វា​ន់​ដូ រិ​ន ប៊ុ​ន​ហួត ដែល​កាលពី​ថ្ងៃ​ទី​២៧ កក្កដា កន្លង​ទៅ ផ្ទះ​របស់​កីឡាករ​ខាងលើ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ដែល​ពេល​នេះ​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ។

ដូច្នេះ​បើសិនជា​សប្បុរសជន​ដែល​មាន​សន្តាន​ចិត្ត​ចង់​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​កីឡាករ​ខាងលើ អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៨ ៦៥៦ ៦៤៦ ដើម្បី​អាច​ឱ្យ​កីឡាករ​ដែល​ធ្លាប់តែ​ទទួល​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​នានា​កន្លង​មក មាន​លទ្ធភាព​ក្នុង​ការ​ហ្វឹកហាត់ និង​ប្រកួត​បន្ត​ទៀត ៕