ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Indian Grand Prix ត្រូវ​​បាន​លុបឈ្មោះ​​ចេញពី​ប្រតិទិន​​ប្រណាំង​F1 ឆ្នាំ​នេះ

9 ឆ្នាំ មុន

លោក Bernie Ecclestone ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ព្រឹត្តិការណ៍​ប្រណាំង Indian Grand Prix ដែល​តែងតែ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា មិន​មាន​ទេ​នៅ​ឆ្នាំ​២០១៤ បើ​ទោះ​ណា​ប្រទេស​ឥណ្ឌា​បាន​ចុះ​កុងត្រា​ប្រណាំង​ដល់​ឆ្នាំ​២០១៥ ក្តី ។

លោក Bernie Ecclestone ប្រធាន​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ព្រឹត្តិការណ៍​ប្រណាំង Indian Grand Prix ដែល​តែងតែ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា មិន​មាន​ទេ​នៅ​ឆ្នាំ​២០១៤ បើ​ទោះ​ណា​ប្រទេស​ឥណ្ឌា​បាន​ចុះ​កុងត្រា​ប្រណាំង​ដល់​ឆ្នាំ​២០១៥ ក្តី ។

ការ​អះអាង​បែប​នេះ​ត្រូវ​លោក Ecclestone បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​ខាង​ដើម​មានការ​ជ្រៀតជ្រែក​ពី​អ្នកនយោបាយ​និង​ថា Jaypee Group ជា​ក្រុមហ៊ុន​រៀបចំ​ការ​ប្រកួត​បរាជ័យ​មិន​អាច​បំពេញការងារ​សាងសង់​តាម​គម្រោង​ដែល​បាន​សន្យា ។
យ៉ាងណា​ក៏​ដោយ បុរស​វ័យ​៨០​ឆ្នាំ​ប្លាយ​រូប​នេះ​សង្ឃឹមថា Indian Grand Prix នឹង​បង្ហាញ​វត្តមាន​របស់​ខ្លួន​សា​ជា​ថ្មី​ក្នុង​ពិភព F1 ពិភពលោក​នា​ឆ្នាំ​២០១៥ ។ «​សង្ឃឹមថា អ្វី​ៗ​នៅ​ប្រទេស​ឥណ្ឌា​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​» ។

ទោះជា​យ៉ាងណា លោក Vicky Chandhok ប្រធាន​សហព័ន្ធ​ប្រណាំង​រថយន្ត​ឥណ្ឌា​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ BBC ថា លោក Ecclestone និង​ក្រុមហ៊ុន​រៀបចំ​ការ​ប្រណាំង Jaypee Group កំពុង​ព្យាយាម​ស្វែ​ករក​កាលបរិច្ឆេទ​ថ្មី​មួយ ។ លោក​បញ្ជាក់​ថា លោក Ecclestone​ចង់ឱ្យ​ព្រឹត្តិការណ៍​ប្រណាំង​នេះ​រៀបចំ​ធ្វើ​នៅ​ដើមរដូវ​កាល​ជា​ជាង​នៅ​ខែតុលា​ដែល​ជា​កាលបរិច្ឆេទ​បច្ចុប្បន្ន ។ «​រៀបចំ​ការ​ប្រណាំង​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៤ នៅ​ខែមីនា ឬ​មេ​សា ឆ្នាំ ២០១៥ គឺជា​រឿង​មិន​អាច​ទៅ​រួច​សម្រាប់​ពួក​យើង​ដ្បិត​វា​អាស្រ័យ​លើ​ប្រភព​ធនធាន និង​ហិរញ្ញវត្ថុ​» ។

Chandhok បាន​សម្តែង​សុទិដ្ឋិនិយម​ថា រាល់​បញ្ហា​ទាំងអស់​នឹង​ត្រូវ​បាន​ដោះស្រាយ​ខណៈ​ដែល​ការ​ប្រណាំង​ចំនួន​២​លើក​មុន​មាន​ភាព​ស្មុគស្មាញ​លើ​បញ្ហា​ពន្ធ ។ «​វា​បាន​ចំណាយ​ពេលវេលា​យ៉ាង​យូរ ហើយ​ប្រភព​ធនធាន​ជា​ច្រើន​ត្រូវ​បាន​ចំណាយ​ដោយ​ហ្វ​ម​មូ​ឡា​វ័ន និង​ក្រុមហ៊ុន Jaypee Group នាំ​យក​ការ​ប្រណាំង​មក​កាន់​ប្រទេស​ឥណ្ឌា ។ គ្រប់​ៗ​គ្នា​ពិតជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ច្បាប់​អនុញ្ញាត​រៀបចំ​ការ​ប្រណាំង​» ។ លោក​បាន​បន្ត​ថា ៖ «​វា​បាន​បង្ហាញ​ថា ឥណ្ឌា​មាន​សមត្ថភាព​គ្រប់គ្រាន់​រៀបចំ​ការ​ប្រណាំង  ។ ដូច្នេះ វា​ជា​ការ​ខ្មាស​អៀន​មួយ ប្រសិនជា​ព្រឹត្តិការណ៍​ប្រណាំង Indian Grand Prix បាត់ឈ្មោះ​ពី​ប្រតិទិន​ហ្វ​ម​មូ​ឡា​វ័ន​ពិភពលោក ។ សង្ឃឹមថា បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ»​។

លោក Ecclestone ដែល​គេ​ដឹង​ថា ជា​អ្នក​រៀបចំ​ប្រតិទិន​ប្រណាំង​ហ្វ​ម​មូ​ឡា​វ័ន​ដោយ​ខ្លួនឯង​ផ្ទាល់ តែង​ព្យាយាម​រៀង​រហូត​មក​ដាក់​បញ្ចូល​ព្រឹត្តិការណ៍​ប្រណាំង​ឱ្យ​បាន​២២​កម្មវិធី​ទៅ​ក្នុង​តារាង​ប្រតិទិន F1 ខណៈ​ដែល​បណ្តា​ក្រុម ក៏​ដូច​ជា​កីឡាករ​ចង់បាន​ក្រោម​២០​កម្មវិធី​ក្នុង​មួយ​ឆ្នាំ ៕