ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រុង​បាត់​​ដំបង​ភ្ញាក់​ផ្អើល​ទៀត​​ហើយ​រឿង​​ជីកកំណប់ ​សុំ​ច្បាប់​​ដាក់​លូ​​ ជីកលុង​​ក្រោម​ផ្ទះ​​រួច​ទៅ​​បាត់​ ទើប​​អ្នក​ស្រុក​ដឹង

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​​ ៖ អ្នក​ភូមិ​ ​និង​អ្នក​ដំណើរ​​បាន​ភ្ញាក់ផ្អើល​ចោមរោម​មើល​រណ្ដៅ​ដ៏​ជ្រៅ​មួយ​រូង​ចូល​ទៅ​ក្រោម​ដី​បាត​ផ្ទះ​ និង​លុង​ចូល​សំដៅ​មក​រក​ផ្លូវថ្នល់នៅ​ជាប់​នឹង​របង​ប៉ុ​ស្ដិ៍​រ​ដ្ឋ​​បាល​ និង​សាលាសង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់​ដំបង​ ដែល​គេ​សង្ស័យ​ថា​ ជា​រណ្ដៅ​ដែល​ក្រុម​ជន​​ទុ​ច្ច​រិ​ត​លួច​ជីក​ស្វែងរក​កំណប់​មហា​សាល ដែល​​​ក្រុម​ជន​ទុច្ចរិត​សម្ងំ​លួច​ជីក​អស់​រយៈ​​ពេល​ជាង​​១​ខែ​កន្លង​មក​ហើយ​ ប៉ុន្តែ​បែរជា​ចៅសង្កាត់ និង​មន្ត្រី​នគរបាល​ប៉ុ​ស្ដិ៍​នេះ​មិន​បានដឹង​ទៅ​វិញ​ ។

ខេត្ត​បាត់​ដំបង​​​ ៖ អ្នក​ភូមិ​ ​និង​អ្នក​ដំណើរ​​បាន​ភ្ញាក់ផ្អើល​ចោមរោម​មើល​រណ្ដៅ​ដ៏​ជ្រៅ​មួយ​រូង​ចូល​ទៅ​ក្រោម​ដី​បាត​ផ្ទះ​ និង​លុង​ចូល​សំដៅ​មក​រក​ផ្លូវថ្នល់នៅ​ជាប់​នឹង​របង​ប៉ុ​ស្ដិ៍​រ​ដ្ឋ​​បាល​ និង​សាលាសង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់​ដំបង​ ដែល​គេ​សង្ស័យ​ថា​ ជា​រណ្ដៅ​ដែល​ក្រុម​ជន​​ទុ​ច្ច​រិ​ត​លួច​ជីក​ស្វែងរក​កំណប់​មហា​សាល ដែល​​​ក្រុម​ជន​ទុច្ចរិត​សម្ងំ​លួច​ជីក​អស់​រយៈ​​ពេល​ជាង​​១​ខែ​កន្លង​មក​ហើយ​ ប៉ុន្តែ​បែរជា​ចៅសង្កាត់ និង​មន្ត្រី​នគរបាល​ប៉ុ​ស្ដិ៍​នេះ​មិន​បានដឹង​ទៅ​វិញ​ ។

​​អ្នក​ភូមិ​​និយាយ​ថា​ ពួកគេ​​បានដឹង​រឿង​​​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា​ បន្ទាប់​ពី​គេ​ឃើញ​​​កន្ទេល​​​ជ័រ​មួយ​បាន​ប៉ើង​ចេញពី​មាត់​រណ្ដៅ​នៅ​​ក្បែរ​ទ្វារ​​មុខ​ផ្ទះ​ដែល​គេ​បាន​គ្រប​ ។​ អ្នក​ភូមិ​បាន​​នាំ​គ្នា​ចុះ​ពិនិត្យ​មើល​ក្នុង​រណ្ដៅ​នោះ​​ក៏​ឃើញ​មាន​ស្នាម​ជីក​លុង​យ៉ាង​ជ្រៅ​ចូល​ទៅ​​ក្រោមបាត​​​ផ្ទះ និង​​លុង​មក​រក​ផ្លូវ​លេខ​៣​ ហើយ​ថែម​ទាំង​មាន​វ៉ៃ​ជន្ទល់​​ឈើ​​ដើម្បី​ទប់​ដី​ក្នុង​រណ្ដៅ​នោះ​ផង​ ទើប​មាន​ការ​សង្ស័យ​ថា​ រណ្ដៅ​នោះ​គឺជា​រណ្ដៅ​ដែល​គេ​​ជីក​​​រក​កំណប់​ ។ អ្នក​ភូមិ​ប្រាប់​ថា​ ម្ចាស់ផ្ទះ​នោះ​ឈ្មោះ​រឿ​ត និង​​ប្រពន្ធ​ឈ្មោះ​រ៉េ​ត​ ប៉ុន្តែ​ម្ចាស់ផ្ទះ​នោះ​អះអាង​ថា​ គាត់​បាន​លក់​ផ្ទះ​និង​ដីនេះ​​ទៅ​ឲ្យ​គេ​ផ្សេង​ច្រើន​​ខែ​កន្លង​មក​ហើយ ​។​ បុរស​ម្នាក់​ដែល​រស់​នៅ​​ក្បែរ​នោះ​និយាយ​ដែរ​ថា​ តាំងពី​ឮ​ថា ​ម្ចាស់​ផ្ទះ​​នោះ​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង ​គាត់​មិន​ដែល​ស្គាល់​មុខ​ម្ចាស់ផ្ទះ​ថ្មី​នោះ​ទេ​ តែ​គាត់​តែង​ប្រទះ​ឃើញ​​មនុស្ស​ប្រុស​ពី​៤​ទៅ​៥​នាក់​ ចេញចូល​ផ្ទះ​នោះ​​ពេល​យប់​បែប​អា​ថ​កំបាំង​បំផុត​ តែ​មិនដឹង​ថា​ ពួក​គេ​មក​ពី​ខាង​ណា​ឡើយ ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​​២៩ ​កក្កដា​ ពេល​គេ​ប្រទះ​ឃើញ​រណ្ដៅ​ដ៏​ធំ​ហើយ​​ជ្រៅ​ជីក​លុង​ចូល​ក្នុង​បាត​ផ្ទះ ​ទើប​មានការ​ភ្ញាក់ផ្អើល​ និង​រាយ​ការ​ណ៍ប្រាប់​ចៅ​សង្កាត់​ និង​មន្ត្រី​នគរបាល​ប៉ុ​ស្ដិ៍​ស្វាយប៉ោ ​តែ​ម្ដង ​។​ គាត់​បញ្ជាក់​ថា​ រណ្ដៅ​នោះ​ទំនង​គេ​ជីក​ស្វែងរក​កំណប់​ ហើយ​គេ​ជីក​ប្រហែល​ជាង​មួយ​ខែ​កន្លង​មក​​ហើយ​ តែ​ប៉ុន្មាន​ថ្ងៃនេះ​មិន​ដែល​ឃើញ​មនុស្ស​​​មួយ​​ក្រុម​​នោះ​ទេ ​។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​រណ្ដៅ​នោះ​នៅ​ជាប់​នឹង​​របង​សាលាសង្កាត់​ និង​បុ​ស្ដិ៍​រ​ដ្ឋ​បាល​ស្វាយ​ប៉ោ​ ដែល​ទំនង​គេ​ជីក​នៅ​ក្នុងផ្ទះ​ដោយ​បិត​ទ្វារ​​ជិត​ ប៉ុន្តែ​ដោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បាក់​ស្រុត​ខាង​​មុខទ្វារ​ ទើបត្រូវ​គេ​ប្រទះ​ឃើញ​តែ​ម្ដង​។ រណ្ដៅ​​នោះ​ត្រូវ​គេ​ជីក​លុង​ជ្រៅ​ចូល​ទៅ​បាត​ផ្ទះ​ខាង​ក្នុង​ និង​ជីក​លុង​យ៉ាង​ឆ្ងាយ​មក​ខាង​មុខ​ផ្ទះ​សំដៅ​​ទៅ​រក​ផ្លូវ​លេខ​៣​ ដែល​មាន​វ៉ៃជន្ទល់​ឈើ​ទប់​ដី​ដើម្បី​កុំ​ឲ្យ​បាក់​ស្រុត​ទៀត​ផង ​។​ ប៉ុន្តែ​ចៅ​សង្កាត់​ និង​មន្ត្រី​នគរបាល​ប៉ុ​ស្ដិ៍​​​មិន​មាន​ន​ណា​ម្នាក់​បានដឹង​នៅ​ពេល​គេ​ធ្វើ​សកម្មភាព​ទេ ។ លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​ទើប​ដឹង​ដោយ​​ប្រជា​​ពលរ​ដ្ឋ​រាយ​ការ​ណ៍​​​ប្រាប់ ​។

​អ្នក​ភូមិ​បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោម​រោម​​មើល​កាន់តែ​ខ្លាំង​នៅ​រសៀល​ថ្ងៃ​ដដែល ក្រោយ​​ពី​មានការ​សង្ស័យ​ថា​ រណ្ដៅ​រូង​ក្រោម​ដី​នោះ​​ជា​រណ្ដៅ​ជីក​រក​កំណប់​ ។​ រីឯ​កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ផ្នែក​បង្កា​រ​-​បង្ក្រាប​របស់​ស្នងការ​ដ្ឋា​​ន​ខេត្ត​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​រណ្ដៅ​នោះ​ភ្លាម​ៗ​ដែរ​ ក្រោយ​​ពី​​ទ​ទួល​បាន​ព័​ត៌​មាន​នេះ​​ តែ​មិនឃើញ​មាន​វត្ត​មាន​​អា​ជ្ញា​ធរ​ និង​សមត្ថកិច្ច​មូល​ដ្ឋា​ន​នៅ​ទី​នោះ​​ទេ ​។ ​ចៅសង្កាត់​ស្វាយប៉ោ​ លោក ​អ៊ុ​ក​ គី​ម​ បាន​ប្រាប់​កោះសន្តិភាព​បន្ទាប់​ពី​មានការ​ភ្ញាក់​ផ្អើល​​ថា​ ជុំវិញ​បញ្ហានេះ​ដំបូង​ម្ចាស់​ផ្ទះ​បាន​ស្នើ​សុំ​លោក​ធ្វើការ​ជួស​ជុល​ផ្ទះ​ ។ ក្រោយ​មក​បាន​សុំ​ជីក​ដាក់​លូ​បង្ហូរ​ទឹក ហើយ​លោក​បាន​ប្រាប់​ឱ្យ​ទាក់​ទង​ទៅ​ខាង​មន្ត្រី​សាធារណ​ការ​ខេត្ត ព្រោះ​ជា​មន្ត្រី​ជំនាញ​ ។ ចៅ​សង្កាត់​រូប​នេះ​បន្ត​ថា លោក​​​និង​មន្ត្រី​ជំនាញ​ ក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​នោះ​ដែរ​មុន​ពេល​អនុញាត ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា ក៏​ស្រាប់​តែ​មាន​ការ​ភ្ញាក់ផ្អើល​ថា មាន​ការ​ជីក​រក​កំណប់​នៅ​ក្នុង​ផ្ទះ​ខាង​លើ​នេះ លោក​ក៏​ចុះ​ទៅ​មើល​ ​បុ៉ន្តែ​​មិន​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ក្នុង​រណ្ដៅ​នោះ​ទេ​ ។

លោក ​គីម បញ្ជាក់​ថា លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា តើ​ការ​ជីក​រណ្ដៅ​រូង​ក្រោម​ដី​មិន​ប្រក្រតី​នោះ ជា​ការ​ជីក​ស្វែ​រក​អ្វី​ពិតប្រាកដ​នោះ​ទេ ដោយ​លោក​សន្យា​ថា ចាំ​ហៅ​ម្ចាស់ផ្ទះ​មក​សួរ​នាំ​សិន​ ។ ជុំវិញ​ការ​ជីក​រណ្ដៅ​រូង​ចូល​ក្រោមផ្ទះ​នេះ ​អ្នក​ស្រុក​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ក្បែរ​នោះ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិ​ភាព ដោយ​សារ​ខ្លាច​ដើម​គគីរ​ដ៏​ធំ​១​ដើម​ និង​បង្គោល​ភ្លើង​នៅ​ក្បែរ​នោះ​រលំ​សង្កត់​លើ​ជាយថា​ហេតុ​​ ។ ពួក​គាត់​និយាយ​ថា ដើម​គគីរ​នោះ​ត្រូវ​ក្រុម​ជន​ទុច្ចរិត​ជីក​រូង​ជ្រៅ​ទៅ​ដល់​គល់ និង​ផ្ដាច់​ឫស​មួយ​ចំនួន ។ រីឯ​បង្គោល​ភ្លើង​នៅ​ក្បែរ​នោះ​ ក៏​ត្រូវ​គេ​ជីក​រូង​ដល់​ឫស​ដែរ ​ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ និង​មាន​ខ្យល់ព្យុះ​ញឹក​ញាប់​ផង វា​អាច​ដួល​​រលំ​គ្រប់ពេល​វេលា ​។ ប្រជា​ពលរដ្ឋ​ព្រមាន​ថា ពួក​គាត់​នឹង​ប្ដឹង​ម្ចាស់ផ្ទះ និង​មន្ត្រី​នានា​ដែល​អនុញាត​ឱ្យ​ជីក​កកាយ​រណ្ដៅ​ក្រោម​ដី​គ្មាន​សណ្ដាប់​ធ្នាប់​នេះ បើ​សិន​ជា​ដើម​គគីរ​ និង​បង្គោល​​ភ្លើង​នៅ​ក្បែរ​នោះបង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​គាត់​មែន​ ។

លោក​ ជេត វណ្ណ​នី ស្នង​ការ​រង​ខេត្ត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​រណ្ដៅ​មិន​ប្រក្រតី​នោះ​បាន​វាយ​តម្លៃ​ថា បើ​តាម​ការ​ពិនិត្យ​រណ្ដៅ​ដែល​គេ​ជីក​រូង​ក្រោម​​ដី​បាត​ផ្ទះ និង​រូង​ជ្រៅ​មក​រក​ថ្នល់​នោះ​ គឺ​មិន​មែន​ជា​ការ​ជីក​ដើម្បី​ដាក់​លូ​ទេ ​បុ៉ន្តែ​​អាច​​ជា​ការ​​ជីក​ដើម្បី​ស្វែង​រក​អ្វី​មួយ ​។ លោក​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​កោះ​ហៅ​ម្ចាស់ផ្ទះ​មក​សួរនាំ​អំពី​ការ​ជីក​រូង​ក្រោម​ដី​នេះ តើ​ពួក​គេ​ជីក​ក្នុង​គោល​បំណង​អ្វី ? លោក​ជេត វណ្ណ​នី បន្ថែម​ថា លោក​ទទួល​ស្គាល់​ថា ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ពិត​ជា​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​ដើម​គគីរ​ដ៏​ធំ និង​បង្គោល​ភ្លើង​នៅ​ក្បែរ​នោះ​មែន បើ​សិន​ជា​​មាន​ភ្លៀង ហើយ​​​មាន​ខ្យល់ព្យុះ​ថែម​ទៀត​ ។ ដូច្នេះ​ម្ចាស់ផ្ទះ និង​អាជ្ញាធរ​ដែល​ដឹង​ឮ​ត្រូវ​​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេដែល​ក្រុម​អ្នក​ស្វែង​រក​កំណប់​មហា​សាលបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ដោយ​សារ​រឿង​កំណប់​ ។ កន្លង​មក​ក្រុម​អ្នក​ស្វែង​រក​កំណប់​ដែល​ភាគច្រើន​មាន​សមាសភាព​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ខ្នង​បង្អែក​ធំ​ៗ និង​មាន​ទាំង​ឧកញ៉ា​​​មួយ​​ចំនួន​ផង តែង​មក​លួច​ជីក​រុករក​កំណប់​ទាំង​យប់​​ទាំង​ថ្ងៃនៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ ។ ពេល​ខ្លះ​ពួក​គេ​ប្រើប្រាស់​​គ្រឿងចក្រ​មក​រក​ជីក​កកាយ​ទៀត​ផង ដោយ​គ្មាន​ខ្លាច​ក្រែង​អាជ្ញាធរ​ដែនដី​ឡើយ​ ។ រីឯ​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត​មួយ​ចំនួន​ក៏​ត្រូវ​គេ​សង្ស័យ​​ថា ជា​អ្នក​សម​គំនិត​ដល់​ក្រុម​ជន​ទុច្ចរិត​ទាំង​នោះ​ផង​ដែរ​ ។
គេ​នៅ​ចាំ​មើល​ថា តើ​ការ​ជីក​រណ្ដៅ​រូង​ចូល​បាត​ផ្ទះ​ខាង​លើ​នេះ ដែល​ម្ចាស់​អះ​អាង​ប្រាប់​អាជ្ញា​ធរ​​ថា ជា​ការ​ជីក​ដាក់​លូ​បង្ហូរ​ទឹក​នោះ មាន​ការ​បក​ស្រាយ​បែប​ណា​ពី​ម្ចាស់ផ្ទះ នៅ​ពេល​អាជ្ញា​ធរ​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​នា​ពេល​ខាង​មុខ​នេះ​ ។

រីឯ​អាជ្ញាធរ​គួរ​តែ​ចុះ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​មុន​ពេល​អនុញាត​ឱ្យ​ដល់​អ្នក​ស្នើ​សុំ និង​គួរតែ​ចុះ​តាម​ឃ្លាំមើល​ពី​សកម្ម​ភាព​ដោយ​ផ្ទាល់​ឱ្យ​ដល់ទី​កន្លែង ក្រោយ​ពី​អនុញាត​ឱ្យ​អ្នក​ស្នើ​សុំ​​នោះ​​ ចៀស​វាង​​ការ​ស​ន្និ​ដ្ឋាន​ទាំង​បិទ​ភ្នែក​ ៕