ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​កាយ​វប្ប​​កម្ម​រីក​​ចម្រើន​​ទាំង​​ប្រទាំង​​ប្រទើស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ មក​ទល់​ពេល​នេះ សកម្ម​ភាព​ថ្មី​ៗ​របស់​សហ​ព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ហាក់​មិន​មាន​ចលនា​កម្រើក​ឡើង​សោះ ក្នុង​បរិបទ​ដែល​មាន​អ្នក​និយម​ហ្វឹក​ហាត់​ដំឡើង​សាច់ដុំនៅ​តាម​បណ្ដា​ក្លិប​ហាត់​ប្រាណ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​កំណើន​តួលេខ​ខ្ពស់​ជាង​មុន​។ ស្ថាន​ភាព​បញ្ច្រាស​ទិស​គ្នា​នេះធ្វើ​ឱ្យ​មាន​ការ​វិភាគ​ថា កីឡា​កាយ​វប្បកម្ម​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍កំពុង​រីក​ចម្រើន​ក្នុង​មាគ៌​ា​ប្រទាំង​ប្រទើស​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ មក​ទល់​ពេល​នេះ សកម្ម​ភាព​ថ្មី​ៗ​របស់​សហ​ព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ហាក់​មិន​មាន​ចលនា​កម្រើក​ឡើង​សោះ ក្នុង​បរិបទ​ដែល​មាន​អ្នក​និយម​ហ្វឹក​ហាត់​ដំឡើង​សាច់ដុំនៅ​តាម​បណ្ដា​ក្លិប​ហាត់​ប្រាណ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​កំណើន​តួលេខ​ខ្ពស់​ជាង​មុន​។ ស្ថាន​ភាព​បញ្ច្រាស​ទិស​គ្នា​នេះធ្វើ​ឱ្យ​មាន​ការ​វិភាគ​ថា កីឡា​កាយ​វប្បកម្ម​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍កំពុង​រីក​ចម្រើន​ក្នុង​មាគ៌​ា​ប្រទាំង​ប្រទើស​ ។

យោង​តាម​ភាព​ជាក់ស្ដែង ស្ទើរ​​តែ​មិន​មាន​សកម្ម​ភាព​តែ​ម្ដងចំពោះ​កីឡា​ករ​ល្អ​ៗ​ដែល​ធ្លាប់​ទទួល​បាន​ការ​កោត​សរសើរ​ថា​ មាន​រាង​កាយ​ស្អាត ឬ​មាន​សាច់ដុំ​ធំ​ៗនៅ​ក្នុង​វិស័យ​​កីឡា​កាយ​វប្បកម្ម​នៅ​កម្ពុជា​ ។ អ​សកម្មភាព​ទាំង​នេះកើត​មាន​ប្រមាណ​ជាង​២​ឆ្នាំ​ហើយ ដោយ​ផ្ទុយ​​ពី​ការ​ប្រកាស​ទុក បន្ទាប់​ពី​បាន​បង្កើត​ឱ្យ​ចេញ​ជា​សហ​ព័​ន្ធ​ភ្លាម​ៗ ​។ ក្រៅពី​គ្មាន​ការ​រៀបចំ​ប្រកួត​ឱ្យ​បាន​ទៀង​ទាត់ សហព័ន្ធ​ទាំង​មូលត្រូវ​គេ​មើលឃើញ​ថា មិន​មាន​រចនា​សម្ព័ន្ធ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់ដែល​ស្ទើរ​តែ​ធ្វើ​ឱ្យ​សហព័ន្ធដែល​លេច​ពន្លក​ត្រួយ​ហើយរ​លួយ​ទៅ​វិញ​ទៀត​ផង​ ។

ប្រភព​ពី​មន្ត្រី​សហព័ន្ធបាន​សារ​ភាព​ប្រាប់​ថា ចាប់​តាំង​ពី​បាត់​សកម្ម​ភាព​បំផុសប​ំផុលកីឡា​ករ​ខ្លាំង​ៗ ដែល​ពោរពេញ​ដោយ​សាច់ដុំ​ធំ​ៗ និង​ធ្លាប់​មាន​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ផង​នោះ បាន​ចេញ​ឆ្ងាយ​កាន់តែ​ខ្លាំងពី​ការ​ឃ្លាំមើល​របស់​សមាគម ឬ​សហព័ន្ធ​កាយ​វប្បកម្ម​ ។ អ្នក​ខ្លះបាន​សម្រេច​ចិត្ត​បោះបង់ ឯ អ្នក​ខ្លះ​ទៀតរត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​អស់ ដោយ​រហូត​ទាល់តែ​មាន​គម្រោង​តម្រូវ​ឱ្យ​ពួក​គេចេញ​ប្រកួត ទើប​តំណាង​សហព័ន្ធ​នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ទាក់​ទង​ឱ្យ​ពួក​គេត្រឡប់​មក​បំប៉ន​សាច់ដុំ២​អាទិត្យ ឬ​៣​អាទិត្យ​ក្នុង​ការ​ហ្វឹក​ហាត់​ ។

យ៉ាង​ណា​ក៏​ដោយ នៅ​តាម​បណ្ដា​ក្លិប​ហាត់​ប្រាណ​នានា គេ​នៅ​តែ​ឃើញ​យុវ​វ័យ​ភាគ​ច្រើនបាន​បន្សាំ​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​កាន់តែ​ខ្លាំង តាម​លំនាំ​របស់​កីឡា​ករ​កាយ​វប្បកម្ម បើ​ទោះ​ជា​ពួក​គេ​មិន​មាន​ចិត្ត​ចង់​ប្រកួត ឬ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករដែល​ស្ថិត​ក្នុង​មាគ៌​ា​របស់​សហព័ន្ធ​​ក្តី ។ លោក​ខ្លូត រតនា អតីត​ជា​កីឡាករ​ដែល​មាន​សាច់ដុំ​ធំ​ៗ និង​ជា​មន្ត្រី​ប្រចាំ​សហព័ន្ធ​​កីឡា​កាយ​វប្បកម្ម​កម្ពុជា​មួយ​រូប​បញ្ជាក់​ថា បើ​ក្រឡេក​មើល​មួយ​ភ្លែត​វិស័យ​កីឡា​នេះពិតជា​រីក​ចម្រើន​នៅ​តាម​ក្លិប​ហាត់ប្រាណ​តូច​ធំក្នុង​បរិបទ​ដែល​យុវ​ជន​ភាគច្រើន​ចាប់ផ្ដើម​ស្រឡាញ់​សាច់ និង​រូប​រាង​សង្ហា​ដើម្បី​បង្អួត​គ្នាបន្ថែម​ពី​ការ​គិតគូរ​ពី​សុខភាព​ ។ មិន​មែន​ត្រឹម​តារា​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​មនុស្ស​សាមញ្ញ​ ក៏​ឃើញ​មាន​ការ​គូស​វាស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះគួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ផ្ទុយ​ពី​ប៉ុន្មាន​ឆ្នាំ​មុនដែល​មាន​ការ​យល់​ថា អ្នក​មាន​សាច់ដុំ​កំប៉េង​កំប៉ោង​បែប​នេះ គឺ​អាក្រក់​មើល​ ។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រាប់​ថា អ្នក​មាន​សាច់ដុំ​ធំ​ល្អ មិន​មែន​សុទ្ធតែ​អាច​ក្លាយ​ខ្លួន​ជា​កីឡា​ករ​ផ្នែក​កាយ​វប្បកម្មដែល​មាន​សក្តានុពល​បាន​ទេ ប្រសិន​បើ​ពួក​គេ​មិន​មាន​របប​អាហារ​ច្បាស់លាស់ មិន​មាន​វិធីសាស្ត្រ​ហ្វឹកហាត់​ស្រប​តាម​គោល​ការណ៍ និង​មិន​អាច​ធ្វើ​ឱ្យ​សាច់ដុំ​ដែល​បាន​ឡើង​ធំ មិន​មាន​ជាតិ​ខ្លាញ់ ឬ​គ្មាន​ជាតិ​ញើស។ មន្ត្រី​ទទួល​បន្ទុក​ជា​ច្រើន​ទទួល​ស្គាល់​​ថា  កីឡា​សាច់ដុំដែល​បាន​បង្កើត​ជា​សហព័ន្ធ​កាលពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១១​នេះ មិន​មានដំណើរ​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ​ ដោយ​សារ​ភាព​ប្រទាំង​ប្រទើស​ពាក់ព័ន្ធ​នឹង​បញ្ហា​ថវិកា​ទ្រទ្រង់​តែ​ម្ដង​ ។

យោង​តាម​បទ​ពិសោធន៍ កម្មវិធី​ប្រកួត​ផ្នែក​កាយ​វប្បកម្មបូក​រួម​ទាំង​ការ​បញ្ជូន​កីឡា​ករ​កម្ពុជា​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​កន្លង​មក គឺ​ជា​បន្ទុក​ដែល​ខាង​សហព័ន្ធ​ជា​អ្នក​ស្វែង​រក​ជំនួយ​ខ្លួន​ឯង​ទាំង​ស្រុង ទើប​ជា​កត្តា​យូរ​ទៅមាន​ភាព​កម្សោយ​ទៅៗ​ក្នុង​ការ​រៀបចំ​សកម្មភាព​នានា​ ។ លោក​នៅ​មិន​ទាន់​អស់​សង្ឃឹមថា កីឡា​កាយ​វប្បកម្ម នឹង​មិន​បះ​ផ្ងារ​ជើង​ដូច​ការ​បារម្ភ​ទុក​នោះ​ទេ បន្ទាប់​ពី​ឃើញ​មហា​ជន​ស្រឡាញ់​ការ​​ហ្វឹក​ហាត់​ដំឡើង​សាច់​កាន់តែ​ច្រើន​ជាង​មុន​នា​ពេល​ចុង​ក្រោយ​ ។

លោក​វ៉ាត់ ចំរើន អគ្គ​លេខា​​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​មន្ត្រី​ទទួល​​បន្ទុក​សុទ្ធតែ​ទទួល​ស្គាល់​​ថា កីឡា​កាយ​វប្បកម្ម​នៅ​កម្ពុជា ហាត់​ស្ងាត់​សកម្មភាព​ ។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ទាំង​នេះ​នៅ​តែ​ផ្ដល់​លទ្ធភាព​បញ្ជូន​អ្នក​មាន​សមត្ថ​ភាព​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មិន​ដែល​ដាច់​នោះ​ទេ ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុកនៅ​មិន​ទាន់​អាច​កម្រើក​ឡើង​ជា​ទ្រង់ទ្រាយ​ធំដូច​ឆ្នាំ​ដំបូង​ ៕