ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​​ទង្គិចគ្នាមុខសាលា​រាជធានី​សន្លប់ស្ត្រី​អ្នកបុរី​កីឡា2​នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​សហគមន៍​បុរី​កីឡា​ និង​អតីត​អ្នក​ភូមិ​បឹង​កក់​ប្រហែល​៦០​នាក់​ ដឹកនាំ​ដោយ​អ្នក​ស្រី​ ទេព​ វ​ន្នី​ បាន​លើក​បដា​ពាក្យ​ស្លោក​ និង​គ្រឿង​បំពង​សំឡេង​ឈរ​បិទ​ច្រក​ចេញ​ចូល​មុខ​សាលា​រាជធានី​ភ្នំពេញ​ លើ​កំណាត់​មហា​វិថី​ព្រះ​មុនី​វង្ស​ បណ្តាល​ឱ្យ​កកស្ទះ​ចរា​ចរណ៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា​ ដើម្បី​​ទាម​ទារ​ឱ្យ​អភិបាល​រាជធានី​​ បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ឱ្យ​ច្បាស់​នៅ​ក្នុង​ដំណោះស្រាយ​ជូន​ពួក​គាត់​ ។​

រាជធានីភ្នំពេញ​ ៖ ក្រុម​សហគមន៍​បុរី​កីឡា​ និង​អតីត​អ្នក​ភូមិ​បឹង​កក់​ប្រហែល​៦០​នាក់​ ដឹកនាំ​ដោយ​អ្នក​ស្រី​ ទេព​ វ​ន្នី​ បាន​លើក​បដា​ពាក្យ​ស្លោក​ និង​គ្រឿង​បំពង​សំឡេង​ឈរ​បិទ​ច្រក​ចេញ​ចូល​មុខ​សាលា​រាជធានី​ភ្នំពេញ​ លើ​កំណាត់​មហា​វិថី​ព្រះ​មុនី​វង្ស​ បណ្តាល​ឱ្យ​កកស្ទះ​ចរា​ចរណ៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា​ ដើម្បី​​ទាម​ទារ​ឱ្យ​អភិបាល​រាជធានី​​ បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ឱ្យ​ច្បាស់​នៅ​ក្នុង​ដំណោះស្រាយ​ជូន​ពួក​គាត់​ ។​

ការ​តវ៉ា​ពី​ទំនាស់​រឿង​ដីធ្លី​នេះ​ បណ្តាល​ឱ្យ​ស្ត្រី​មក​ពី​សហគមន៍​បុរី​កីឡា​២​នាក់​ដួល​សន្លប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ស្ត្រី​ម្នាក់​ដែល​មក​ពី​សហគមន៍​បុរី​កីឡា​បាន​ឱ្យ​ដឹង​ថា​ បងប្អូន​ដែល​មក​ពី​សហគមន៍​បុរី​កីឡា​នា​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា​ គឺ​ដើម្បី​សុំ​ឱ្យ​លោក​អភិ​បាល​រាជធានី​ភ្នំពេញ​ ព​ន្លឿ​ន​ការ​ដោះស្រាយ​លំ​នៅ​ឋាន​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់រហ័ស​ ព្រោះ​រដូវ​វស្សា​ចូល​មក​ដល់​ហើយ​ មិន​គួរ​ចេះ​តែ​ពន្យារ​ពេល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​យា​៉​ង​ដូច្នេះ​ឡើយ​ ។​

នៅ​​ព្រឹក​នោះ​ដែរ​ ពួក​គាត់​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ ការ​ទាមទារ​រក​ដំណោះ​ស្រាយ​ដោយ​អហិង្សា​ បែរ​ជា​សមត្ថកិច្ច​ប្រើ​ហិ​ង្សា​យក​ដំបង​ឆក់​មក​ប្រើ​លើ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​ដួល​សន្លប់​២​នាក់​ ក្នុង​នោះ​រួម​មាន​អ្នកស្រី​ ប្រាក់​ សុខ​ និង​អ្នកស្រី​ ហែម​ ស្រី​ ។ ដោយឡែក​ អតីត​អ្នក​ភូមិ​បឹង​កក់​ដែល​ចូល​រួម​បាន​និ​យា​យ​ថា​ ជា​ច្រើន​លើក​មក​ហើយ​ដែល​ពួក​គាត់​មក​សាលា​រាជធានី​ភ្នំពេញ​ សុំ​ឱ្យ​លោក​​អភិបាល​រាជ​ធានី​ជួយ​ដោះស្រាយ​ប្រាក់​គោល​នយោ​បាយ​ក្នុង​មួយ​គ្រួសារ​២​មុ​ឺ​ន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ព្រោះ​បច្ចុប្បន្ន​នេះ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ជីវភាព​រស់​នៅ​ ឯ​បញ្ហា​លំនៅ​ឋាន​ សាលា​រាជធានី​បាន​សន្យា​តែ​លើ​បបូរមាត់​ ពេល​មក​តវា​៉​ម្ដង​ គឺ​សន្យា​ខ្យល់​ ។​

លោក​អភិបាល​មិន​ព្រម​ចេញ​មក​ជួប​ទេ​ សន្យា​រហូត​ ។​ ចំណែក​ប្រជា​ពល​រដ្ឋ​តំបន់​បឹង​កក់​ចំនួន​៤០​គ្រួ​សារបាន​លើក​ឡើង​ថា​ ការ​តវា​៉​របស់​ពួក​គាត់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា​នេះ​ មិន​មែន​ជា​លើក​ទី​១​ទេ​ ហើយ​មក​លើក​នេះ​គឺ​ដើម្បី​ឱ្យ​លោក​អភិ​បាល​រាជធានី​ ដោះស្រាយ​តាម​សំណូម​ពរ​រួម​មាន​ ៖​

១-​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បឹង​កក់​ចំនួន​៤០​គ្រួសារ​ ។​
២-​បោះ​ព្រំ​ដី​១២,៤៤​ហិ​កតា​ឱ្យ​បាន​ច្បាស់​លាស់​ ដាច់​ពី​ដី​ក្រុម​ហុ​៊​ន​សូ​៊​កា​គូ​អុ​ី​ន​​ ។​
៣-​បញ្ឈប់​ការ​សាងសង់​បន្ទាយ​ប៉េ​អឹ​ម​ជា​បន្ទាន់​ លើ​ដី​នៅ​តំបន់​បឹង​កក់​ដែល​កំពុង​មាន​ជម្លោះ​ ។​
ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី​សហគមន៍​បុរី​កីឡា​បាន​លើក​បញ្ជាក់​ថា​ សហគមន៍​បុរី​កីឡា​ចង់បាន​ការ​អន្តរាគមន៍​ពី​អភិបាល​រាជធានី​ភ្នំពេញ​ដោយ​ទាម​ទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ លើ​ការ​ដែល​ក្រុម​ហ៊ុន​ផាន​ អីុមិច​ បណ្ដេញ​ពួក​គាត់​ចេញ​ បែរជា​គ្មាន​ដំណោះស្រាយ​ទៅ​វិញ​ ហើយ​ចេះ​តែ​ពន្យារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដែល​ពួក​គាត់​មិន​អាច​រង់​ចាំ​តទៅ​ទៀត​បាន​ ។

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ដែល​មាន​ភារ​កិច្ច​រៀបចំ​សណ្តាប់ធ្នាប់​និយាយ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ​ ផ្តើម​ចេញពី​ក្រុម​អ្នក​តវា​៉​ដែល​ដឹកនាំ​ដោយ​អ្នកស្រី​ ទេព​ វ​ន្នី​ អ្នក​ស្រី​ យ៉ោ​ម​ បុប្ផា កញ្ញា​ សុង​ ស្រី​លាភ​ ដែល​ជា​សកម្មជន​ដីធ្លី​នាំ​គ្នា​ឈរ​បិទទ្វារ​ច្រក​ចេញចូល​មុខ​សាលា​រាជធានី​ និង​ធ្វើ​ឱ្យ​ស្ទះផ្លូវ​ ។​ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​សំណូមពរ​ឱ្យ​ពួក​គាត់​ឈរ​នៅ​ម្ខាង​ផ្លូវ​ទល់មុខ​សាលា​រាជធានី​ ​បុ៉ន្តែ​ពួក​គាត់​មិន​ព្រម​ ទើប​បង្ខំចិត្ត​រុញច្រាន​ហើយ​ក៏​ប៉ះ​គ្នា​ដោយ​សារ​រុញ​ទៅ​រុញ​មក​បុ​៉​ណ្ណោះ​ មិន​មាន​ប្រើ​ដំបង​ឆក់​នោះ​ទេ​ ។​ ឯ​ការ​ចោទ​ថា​សមត្ថកិច្ច​ប្រើ​ដំបង​ឆក់​នោះ​ គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់​មក​លើ​សមត្ថកិច្ច​ ដោយ​គ្មាន​ភស្ដុតាង​ ។​

ដោយឡែក​ នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រមាណ​ជា​៥០​នាក់​ដែល​មាន​កាន់​បដា​ពាក្យ​ស្លោក​ និង​រូប​ស​ម្តេចកិត្ដិព្រឹ​ទ្ធ​បណ្ឌិត​ ប៊ុន​ រា​៉​នី​ ហុ​៊ន​ សែន​ បាន​នាំ​គ្នា​ឈរ​ម្ខាង​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ដាច់​ចេញពី​ក្រុម​អ្នក​តវា​៉​បឹង​កក់​និង​បុរី​កីឡា​ កុំ​ឱ្យ​ច្រឡំ​គ្នា​ ដើម្បី​សុំ​ឱ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ ជួយ​អន្តរា​គមន៍​ដោះស្រាយ​ដី​ដែល​មាន​សេចក្តី​សម្រេច​ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សេចក្តី​សម្រេច​របស់​ទីស្តីការ​គ​ណៈ​រដ្ឋមន្ត្រី​ លេខ​៦៥០​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០០៦​​ ឱ្យ​អង្គ​ភាព​ការពារ​អាកាស​វ​រសេនា​តូច​លេខ​៩១​ កង​ទ័ព​ជើង​គោក​ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្នុង​មួយ​គ្រួសារ​ទំហំ​០,២៥​ហិកតា​ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រៃ​ទា​ បាន​បញ្ជាក់​ថា​ បើ​ទោះបីជា​មាន​សេចក្តី​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ទីស្តីការ​គ​ណៈ​រដ្ឋមន្ត្រី​ និង​ក្រសួង​ការពារ​ជាតិ​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​ដែល​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ការ​ដោះស្រាយ​ពី​អង្គភាព​ការពារ​អាកាស​វ​រសេនា​តូច​លេខ​៩១​ទេ​ ទើប​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ជា​អាណាព្យាបាល​ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​ឱ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​ បាន​ជូន​ដំណឹង​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​មក​តវា​៉​នៅ​មុខ​សាលា​រាជធានី​នោះ​ថា​ នឹង​អនុញ្ញាត​ឱ្យ​ចូល​ជួប​នៅ​ស​ប្តា​ហ៍​ក្រោយ​និង​សុំ​ឱ្យ​រំសាយ​​នៅ​វេលា​មោ​៉​ង​១១​និង​៤០​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល​ ទើប​ឃើញ​ក្រុម​អ្នក​តវា​៉​នាំ​គ្នា​រំសាយ​ចេញ​ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថ​កិច្ច​ ៕