ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរោង​ចក្រកាត់ដេរ​វេលាទៀប​ភ្លឺ ស្លា.ប់ជន​ជាតិចិន​ម្នាក់ របួស3​នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រោង​ចក្រ​កាត់​ដេរ​យី​​ហោ​ ឆាង​ ស៊ីង​ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​តែ​ម្តង​ និង​​បណ្តាល​ឱ្យ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ ត្រូវ​ឆេះ​ខ្លោច​ស្លា.ប់​​នៅ​ក្នុង​អណ្តា​ត​ភ្លើង​ និង​ម្នាក់​របួស​ធ្ងន់​ ២​នាក់​​របួស​ស្រាល​​ដោយ​ការ​រលាក​ភ្លើង​ ។ មិន​ទាន់​មាន​ការ​អះ​អាង​ណា​មួយ​ ឱ្យ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បង្ក​ជា​អគ្គិ​ភ័យ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​ត្រូវ​បាន​សមត្ថ​កិច្ច​សង្ស័យ​ថា អាច​បណ្តាល​​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​

រាជ​ធានី​ភ្នំពេញ ៖ រោង​ចក្រ​កាត់​ដេរ​យី​​ហោ​ ឆាង​ ស៊ីង​ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​តែ​ម្តង​ និង​​បណ្តាល​ឱ្យ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ ត្រូវ​ឆេះ​ខ្លោច​ស្លាប់​​នៅ​ក្នុង​អណ្តា​ត​ភ្លើង​ និង​ម្នាក់​របួស​ធ្ងន់​ ២​នាក់​​របួស​ស្រាល​​ដោយ​ការ​រលាក​ភ្លើង​ ។ មិន​ទាន់​មាន​ការ​អះ​អាង​ណា​មួយ​ ឱ្យ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បង្ក​ជា​អគ្គិ​ភ័យ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​ត្រូវ​បាន​សមត្ថ​កិច្ច​សង្ស័យ​ថា អាច​បណ្តាល​​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​ ហើយ​ការ​ខូច​ខាត​នៅ​ក្នុង​គ្រោះ​​អគ្គិ​ភ័យ​ខាង​លើ​នោះ​ តាម​ការ​អះ​អាង​ក្រៅ​ផ្លូវ​ការ​ថា​មាន​ប្រមាណ​រាប់​​លាន​ដុល្លារ​ ។

គ្រោះ​មហន្ត​រាយ​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៨​ កក្កដា ដែល​រោង​ចក្រ​ខាង​លើ​មាន​ទី​តាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​នៅ​ក្នុង​អណ្តាត​ភ្លើង​នោះ​មាន​ចំនួន​៤​នាក់​ ជា​ជន​ជាតិ​ចិន​ ក្នុង​នោះ​​បុរស​ម្នាក់​ដែល​ស្លាប់​ឈ្មោះ​ យា៉ង​ ស៊ី​ស៊ុង អាយុ​៤២​ឆ្នាំ ជា​ប្រធាន​ក្រុម​ផ្នែក​ត្រួត​ពិនិត្យ​ និង​បោក​អ៊ុត ។ ដោយ​ឡែក​បុរស​ជន​ជាតិ​ចិន​៣​នាក់​ទៀត​ ដែល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់​ ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ព្រោះ​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ភ្លើង​ឆេះ​រលាក​ខ្លួន​ប្រាណ​ និង​ដៃ​​ជើង​​គ្រប់​​ៗ​គ្នា​តែ​ម្តង ។

មន្ត្រី​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឱ្យ​ដឹង​ថា រោង​ចក្រ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​​មាន​ទំហំ​​ជាង​១០០​ម៉ែត្រ​គុណ​នឹង​ជាង​៥០​ម៉ែត្រ​ រួម​ជាមួយ​សម្ភា​រ​សង្វាក់​ផលិត​កម្ម​ទាំង​អស់​នៅ​ក្នុង​​នោះ​ផង​ បាន​ក្លាយ​ទៅ​ជា​ចំណី​ព្រះ​អគ្គី​ដែល​ឆេះ​យា៉ង​ខ្លាំង​ព្រោះ​នៅ​ក្នុង​អគារ​រោង​ចក្រ​នោះ​ពោរ​ពេញ​ទៅ​ដោយ​របស់​ងាយ​នឹង​ឆេះ​ ដូច​ជា​ក្រណាត់​ ជ័រ​កាង​ព្យួរ​ខោ​អាវ​ ក្រដាសកាតុង​​ជា​ដើម​ ។ ស្ត្រី​ម្នាក់​ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា ភ្លើង​បាន​ចាប់​ផ្តើម​ឆេះ​ តាំង​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​មក​ម៉្លេះ​ ដែល​នៅ​ពេល​នោះ​គេ​បាន​ឃើញ​អណ្តា​ត​ភ្លើង​​ក្រហម​ឆ្អៅ​ពី​ចម្ងាយ​ ប៉ុន្តែ​មិន​មាន​នរ​ណា​ចាប់​អារម្មណ៍​ថា រោង​ចក្រ​នោះ​​ត្រូវ​ភ្លើង​ឆេះ​ឡើយ​ ដោយ​នឹក​ស្មាន​ថា​គេ​ដុត​​សំរាម​ ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​គេ​ដុត​សំរាមចេញ​អណ្តា​ត​ភ្លើង​សន្ធោ​សន្ធៅ​បែប​នេះ​ដែរ ។

លុះ​រយៈ​ពេល​១​ម៉ោង​ក្រោយ​មក​ គឺ​នៅ​វេលា​ម៉ោង​ជាង​៤​ទៀប​ភ្លឺ​ នៅ​ពេល​ដែល​អណ្តាត​ភ្លើង​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើងៗ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ ដែល​ពេល​នោះ​ភ្លើង​បាន​ឆេះ​យា៉ង​ពេញ​បន្ទុក​​ទៅ​ហើយ​ ក្នុង​រោង​ចក្រ​ទាំង​មូល​ត្រូវ​គ្រប​​ដណ្តប់​ទៅ​ដោយ​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មៅ​  ខ្មួល ។
មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌​មាន​ពី​អគ្គិ​ភ័យ​នេះ​ នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ​ ដែល​ព័ត៌​មាន​នោះ​ហាក់​មាន​ការ​យឺត​យ៉ាវ​បន្តិច​​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី​ ការ​អន្តរា​គមន៍​បាន​ធ្វើ​ឡើង​​ភ្លាម​ៗ​​តែ​ក្នុង​រយៈ​ពេល​១០​នាទី​ប៉ុណ្ណោះ​ រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​បាន​ទៅ​ដល់​ទី​នោះ​ជា​បន្ត​បន្ទាប់ ។ រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ដែល​ចេញ​ពន្លត់​ភ្លើង​នា​ពេល​នោះ​ មាន​ចំនួន​២៥​គ្រឿង​ ដែល​មក​ពី​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ អង្គ​ភាព​៧១១​នៃ​កង​ពល​តូច​លេខ​៧០​ និង​កង​រាជ​អាវុធ​ហត្ថ​ផង​ដែរ ដែល​ក្នុង​រថ​យន្ត​មួយ​គ្រឿង​ៗ​ប្រើ​ប្រាស់​​ទឹក​ចាប់​ពី​១៥​ស៊ី​ទែន​ឡើង​ទៅ​ ហើយ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ភ្លើង​នៅ​មិន​ទាន់​រលត់​នៅ​ឡើយ​ គ្រាន់​តែ​មិន​បាន​ឆេះ​រាល​ដាល​ដល់​​កន្លែង​ផ្សេង​ៗ​ទៀត​ ។

អគារ​រោង​ចក្រ​កាត់​ដេរ​ដែល​ឆេះ​នេះ​ សាង​សង់​ឡើង​ពី​ថ្ម​គ្រោង​ដំបូល​ធ្វើ​ពី​ដែក​ និង​ប្រក់​ដំបូល​ស័ង្កសី​ ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​បាក់​ធ្លាក់​មក​ដី​ទាំង​ស្រុង​តែ​ម្តង​ ។ រី​ឯ​ជញ្ជាំង​ថ្ម​ព័ទ្ធ​ជុំ​វិញ​បាន​ប្រេះ​ស្ទើរ​តែ​បាក់​រលំ​ដែរ​ ។ នៅ​ពេល​កើត​ហេតុ​ភ្លាម​ៗ​នោះ​ គេ​មិន​បាន​ដឹង​ថា​ មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​បាន​ដឹង​ថា​មាន​អ្នក​រង​របួស​ធ្ងន់ និង​ស្រាល​ដោយ​ការ​​រលាក​ភ្លើង​ ព្រោះ​ពួក​គេ​រត់​ចេញ​ពី​អណ្តាត​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​ ។ លុះ​ក្រោយ​ពេល​ប្រតិ​បត្តិ​ការ​ពន្លត់​ភ្លើង​រហូត​ដល​់​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ ទើប​ឃើញ​មាន​អ្នក​ស្លាប់​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​រួញ​ក្រញង់ និង​ដេក​ស្លាប់​ផ្កាប់​មុខ​នៅ​ក្នុង​បន្ទប់​ដេក​ជាន់​ឡៅ​តឿ​ក្បែរ​បន្ទប់​ទឹក​មួយ​កន្លែង​ជ្រុង​ខាង​ត្បូង​ នៃ​អគារ​រោង​ចក្រ​កាត់​ដេរ​នោះ​ ។ បន្ទាប់​មក​គេ​បាន​សែង​ចុះ​ពី​លើ​ឡៅ​តឿ​នោះ​រួច​ដាក់​ក្នុង​រថ​យន្ត​ពេទ្យ​ ដឹក​យក​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ​តម្កល់​ទុក​នៅ​ទី​នោះ​ ហើយ​​ក៏​មាន​កម្លាំង​នគរ​បាល​បច្ចេក​ទេស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​កោ​សល្យ​វិច័យ​ផង​ដែរ ។

តំណាង​រោង​ចក្រ​កាត់​ដេរ​បាន​ប្រាប់​ថា កម្ម​ករ-​កម្ម​ការិនី​ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​នោះ​មាន​ចំនួន​៨៥០​នាក់​ ពួក​គេ​មិន​បាន​ធ្វើ​ការ​នៅ​ពេល​យប់​ទេ ។ ពួក​គេ​ធ្វើ​ការ​តែ​នៅ​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​មាន​តែ​បុគ្គ​លិក​ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​សម្រាក​នៅ​ទី​នោះ​ ។ តំណាង​រូប​នោះ​មិន​បាន​អះ​អាង​ឱ្យ​ប្រាកដ​ប្រជា​ថា ការ​ខាត​បង់​ជា​ប្រាក់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​អគ្គិ​ភ័យ​នោះ​ មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា មាន​រាប់​លាន​ដុល្លារ​ ព្រោះ​ទាំង​វត្ថុ​ធាតុ​ដើម​ ផលិត​ផល​សម្រេច​ រួម​នឹង​មា៉ស៊ីន​សង្វាក់​ផលិត​កម្ម​នៅ​ក្នុង​នោះ​ទាំង​អស់​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​ ។ តំណាង​រោង​ចក្រ​បាន​សំណូម​ពរ​ដល់​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ ជួយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​ផង​ ដើម្បី​ចង់​ដឹង​ថា តើ​បណ្តាល​មក​ពី​អ្វី​ពិត​ប្រាកដ​ ជា​ពិសេស​ជួយ​ការ​ពារ​ទី​តាំង​ទាំង​មូល​ដើម្បី​កុំ​ឱ្យ​ជន​ឆ្លៀត​ឱកាស​​ចូល​ទៅ​អុក​ឡុក​រើ​កកាយ​ ។

ចំណែក​ឯ​កម្ម​ករ​-កម្ម​ការិនី​រោង​ចក្រ​ ក៏​បាន​ចូល​រួម​សម្តែង​ការ​សោ​ក​ស្តាយ​ជាមួយ​ថៅ​កែ​រោង​ចក្រ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​​ដែរ​ ពួក​គេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យា៉ង​ខ្លាំង​ផង​ដែរ ចំពោះ​បញ្ហា​ខាង​លើ​នោះ​ ដោយ​ពួក​គេ​បាន​និយាយ​ថា​ នៅ​សល់​តែ​រយៈ​ពេល​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​នូវ​ប្រាក់​ឈ្នួល​ ស្រាប់​តែ​ពេល​នេះ​មាន​រឿង​អកុសល​បែប​នេះ​ទៅ​វិញ​ ។ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ ពួក​គេ​សង្ឃឹម​ថា ថៅ​កែ​នឹង​មាន​លទ្ធ​ភាព​សម្រាប់​បើក​ប្រាក់​​ឈ្នួល​ឱ្យ​ពួក​គេ​ ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ពេល​ក្រោយ​ឡើយ​ ។ ទាក់​ទិន​ទៅ​នឹង​ហេតុ​ការណ៍នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក៏​មាន​កម្ម​ករ-កម្មកា​រិនី​រោង​ចក្រ​កាត់​ដេរ​មួយ​ទៀត​ យី​​ហោ​ ឌូ​ហឹស ដែល​មាន​ទី​តាំង​ជិត​គ្នា​នោះ​ដែរ​ ដួល​សន្លប់​ជិត​១០​នាក​់​ ។

មូល​ហេតុ​បណ្តាល​មក​ពី​ផ្សែង​ដែល​ឆេះ​រោង​ចក្រ​នោះ​បាន​ហុយ​ចូល​ទៅ​ក្នុង​រោង​ចក្រ​ ក្នុង​ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​ការ​ ហើយ​ពេល​នោះ​មាន​អ្នក​ខ្លះទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​រត់​ចេញ​ បង្ក​ការ​ជ្រួល​ច្របល់​ពេញ​រោង​ចក្រ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​កម្លាំង​ខ្សោយ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លី​និក​ឯក​ជន​ក្បែរ​នោះ​ផង​ដែរ ៕