ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជ​បណ្ឌិតជំនាញ​មហារីកបង្ហាញពី​កត្ដាបង្កឱ្យមានជំងឺ​មហារីកពោះវៀន​ធំ និងវិធីព្យា​បាល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត Zee Ying Kiat ជំនាញ​ព្យាបាលជំងឺមហារីក និងខា​ងប្រើថ្នាំ កាលពីថ្ងៃទី​១៨ កក្កដា កន្លង​ទៅ​នៅ​​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញភូគីត្រា បានផ្តល់​សម្ភាសន៍ជាមួយ​អ្នកសារ​ព័ត៌មាន និងបាន​បង្ហាញពី​វិធីបង្ក​ឲ្យមានជំងឺ​មហារីក​ពោះវៀនធំ និងវិ​ធីព្យាបាលជំងឺ​មហារីកពោះ​វៀនធំ ។

រាជ​ធានី​ភ្នំពេញ  លោក​វេជ្ជបណ្ឌិត Zee Ying Kiat ជំនាញ​ព្យាបាលជំងឺមហារីក និងខា​ងប្រើថ្នាំ កាលពីថ្ងៃទី​១៨ កក្កដា កន្លង​ទៅ​នៅ​​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញភូគីត្រា បានផ្តល់​សម្ភាសន៍ជាមួយ​អ្នកសារ​ព័ត៌មាន និងបាន​បង្ហាញពី​វិធីបង្ក​ឲ្យមានជំងឺ​មហារីក​ពោះវៀនធំ និងវិ​ធីព្យាបាលជំងឺ​មហារីកពោះ​វៀនធំ  ។

លោក​វេជ្ជបណ្ឌិត តើ​អ្វីទៅជា​ជំងីមហារីក​ពោះវៀន​ធំ ?
ជំងឺ​មហារីក​ពោះវៀន​ធំកើតឡើងពីជាលិកា​របស់ពោះវៀនធំ ឬកំណាត់ចុង​ពោះវៀនធំ (ចុងពោះវៀន​ធំភ្ជាប់នឹង​រន្ធគូទ) ។ ជំងឺ​មហារី​កពោះវៀនធំ​ស្ទើរតែទាំង​អស់ គឺជាប្រភេទ adenocarcinoma (មហារីកដែល​ចាប់ផ្ដើម​ឡើងពីកោ​សិកាដែល​ផលិត និងបញ្ចេញទឹក​រំអិល និងសារធាតុរាវ​ផ្សេងៗទៀត)។

តើអ្វីដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ ?
មិនមាននរណា​ម្នាក់ដឹងពីមូលហេតុពិតប្រាកដ​ដែលបណ្ដាលឱ្យមានមហារីកពោះវៀ​នធំនោះទេ ។ ប៉ុន្តែយើងដឹង​ថា មនុស្ស​ដែល​មា​ន​កត្តាប្រឈម​មុខមួយចំនួន មានទំនោរ​កើតជំងឺមហារីកពោះវៀន​ធំច្រើនជាងអ្នក​ផ្សេង ។ ការសិក្សាបាន​រកឃើញ​កត្តាប្រឈមមុខ​កើតជំងឺមហារីកពោះវៀនធំ​មានដូចខាងក្រោម ៖
– ដុំ​សាច់ ខ្លាញ់ ក្នុងពោះ​វៀនធំ ៖ ដុំខ្លាញ់(Polyps) គឺជាកំណើននៅលើជញ្ជាំង​ខាងក្នុងនៃពោះវៀន ឬចុងពោះវៀនធំ ហើយច្រើន​កើត​ឡើងលើមនុស្ស​ដែលមានវ័យ៥០ឆ្នាំ​ឡើង ។ Polyps ស្ទើរតែ​ទាំងអស់គឺជា​ដុំស្លូត(មិនមែនមហារីក) ប៉ុន្តែPolyps មួយចំនួន​អាចក្លាយ​ជាមហារីក ។
– ដំបៅ​ពោះវៀនធំ ឬជំងឺCrohn៖ នរណាម្នាក់​ដែលធ្លាប់កើតជំងឺមហារីកពោះ​វៀនធំ(ដូចជាដំបៅពោះវៀន​ធំ ឬជំងឺCrohn)រយៈ​ពេល​ច្រើនឆ្នាំនោះ មនុស្សម្នាក់នោះ​មានការប្រឈមមុខកើតជំងឺមហា​រីកពោះវៀនធំ​ខ្ពស់ ។
– ប្រវត្តិ​ធ្លាប់កើតជំងឺ​មហារីក ៖ នរណាម្នាក់ដែលធ្លាប់​កើតជំងឺមហារីកពោះវៀនធំ​អាចកើតជំងឺនេះជា​លើកទី២ ។ ចំណែក​ស្ត្រី​ដែល​ធ្លាប់​កើត​ជំងឺមហារី​ក​ដៃស្បូន មហា​រីកស្បូន ឬ​មហារីក​សុដន់ ពួកគេក៏មានការប្រឈមមុខខ្ពស់នឹងកើតជំងឺមហារីកពោះវៀន
ធំដែរ ។
– ប្រវត្តិគ្រួសារធ្លាប់​កើតជំងឺ​មហារីក៖ ប្រសិនបើអ្នកមាន​សាច់ញាតិធ្លាប់កើតជំងឺមហារីកពោះ​វៀនធំ នោះអ្នកមានទំនោរច្រើន​ក្នុង​កា​​រ​កើតជំងឺនេះ​ដូចគ្នាដែរ ជាពិសេសប្រសិនបើសាច់​ញាតិរបស់អ្នកកើតជំងឺមហារីកតាំង​ពីវ័យនៅក្មេង ។
– របៀប​របបរស់នៅ ៖ អ្នកដែល​ជក់បារី ឬបរិភោគសាច់ពណ៌ក្រហម ឬសាច់ច្នៃច្រើន ហើយបរិភោគ​អាហារមាន​ជាតិសរ​សៃតិចនោះ អ្នកប្រឈម​មុខខ្ពស់ក្នុងការកើតជំងឺមហារីក​ពោះវៀនធំ ។
– អាយុលើស​ពី៥០ឆ្នាំ ៖ ជំងឺមហារីកពោះវៀនធំ មានទំនោរអាចកើតឡើងនៅ​ពេលមនុស្សមានវ័យកាន់តែចាស់​ឡើង ។ មនុស្ស​ច្រើនជាង៩០% ដែលកើតជំងឺនេះ ត្រូវបានវិភាគរកឃើញ​បន្ទាប់ពីពួកគេមានអាយុ៥០ឆ្នាំ ឬលើសពីនេះ ។

លោកវេជ្ជបណ្ឌិត អ្វីទៅជារោគសញ្ញាដែលអាចចាត់ទុកមនុស្សកើតជំងឺពោះវៀនធំ ?
រោគ​សញ្ញាជំងឺមហារីកពោះវៀនធំ​មានដូចជា ប្រែប្រួលទម្លាប់​ពោះវៀន (រាកឬទល់លា​មក) មានអារម្មណ៍​ថា បន្ទោបង់​មិនអស់, មានឈាមផ្ទុក​ក្នុងលាមក (ពណ៌ក្រហ​មភ្លឺ និងក្រហមចាស់) ,​លាមកមានទំហំ​តូចជាង​ធម្មតា, ឧស្សាហ៍មាន​ហ្គាស ឬឈឺពោះ ឬមានអារម្មណ៍ថា ណែន​ឬហើមពោះ ស្រកទម្ងន់ដោយគ្មាន​មូលហេតុ, មានអារម្មណ៍ថា អស់កម្លាំង​ជាប្រចាំ, មាន​អារម្មណ៍​ថា ចង់ក្អួត ឬក្អួតជាញឹកញាប់ តែរោគសញ្ញាទាំងនេះ​មិនមែនកើតដោយសារតែ​មហារីកនោះទេ ។ បញ្ហាសុខភាព​ផ្សេងទៀត ក៏អាច​បណ្ដាល​ឱ្យមានបញ្ចេញរោគសញ្ញា​ទាំងនេះដែរ។

បន្ថែមពីលើនេះទៅទៀត វាមានសារសំខាន់ណាស់ដែលអ្នកគួរតែស​ម្គាល់ដឹងថា ជំងឺមហារីកដែលទើប​នឹងកើតដំបូង ជាទូទៅ​វាមិន​បណ្ដាលឱ្យមានអាការៈឈឺ​ចាប់ទេ ។ ហេតុនេះ អ្នកដែលមានរោគសញ្ញា​ទាំងនេះគួរតែទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យ​និងព្​យាបាលអោយបានឆាប់ជា​តាមដែលអាចទៅរួច ។

លោកវេជ្ជបណ្ឌិត ប្រសិនអ្នកជំងឺដឹងថា ខ្លួនកើតជំងឺពោះវៀនធំ តើពួកគាត់ត្រូវធ្វើដូច​ម្តេច?
អ្នកជំងឺ ឬមនុស្សធម្មតាត្រូវពិនិត្យ​សុខភាព ដោយឱ្យវេជ្ជបណ្ឌិត​រកឃើញ Polyps ឬមហារីក មុនពេល​ដែលអ្នកមាន​បញ្ចេញ​រោគ​សញ្ញា ។ ការអ្នកឃើញជំងឺមហារីកពោះវៀន​ធំកាន់តែឆាប់ បង្កើនប្រសិទ្ធភាពនៃការព្យាបាល ។

តេស្តពិនិត្យអាចប្រើដើម្បីរកPolyps មហារីកឬភាពខុសប្រក្រតីផ្សេងៗ៖
– តេស្តពិនិត្យឈាមក្នុង​លាមក (FOBT) ៖ ពេលខ្លះមហារីក ឬPolyps មានហូរឈាមហើយ​តេស្តFOBTអាចរក​ឃើញ​បរិមាណឈាម ដែលមានដ៏តិចតួចនៅក្នុ​ងលាមកបាន ។ ប្រសិនបើធ្វើតេស្តនេះ ហើយរកឃើញថា មានឈាម នោះតេស្ត​ផ្សេងៗទៀតត្រូវការ​ធ្វើ ដើម្បីរកប្រភពរបស់​ឈាម ។

ស្ថានភាព​ដែលមិនមែនជាមហារីក (ដូចជាឬសដូងបាត) ក៏អាចបណ្ដាលឱ្យមានឈាមនៅក្នុង​លាមកដែរ ។
– ការពិនិត្យពោះវៀនធំ Sigmoidoscop៖​ វេជ្ជបណ្ឌិតពិនិត្យមើលចុង​និងពិនិត្យខាងក្រោម​នៃពោះវៀនធំ​ដោយទុ​យោមាន​ពន្លឺ (Sigmoi doscope) ។ កំណើន​ដែលជាមហារីក ដំបូងនិងមហារីក អាចត្រូវបានរកឃើញ និងកាត់ចេញឬយកទៅពិនិត្យ​រកមហារីក ។
– ការឆ្លុះពោះវៀន (Colonoscopy) ៖ វេជ្ជ​បណ្ឌិតពិនិត្យចុង​ពោះវៀនធំ និងពោះវៀនធំទាំងមូលដោយ​ប្រើទុយោវែង និងមានពន្លឺ ។ កំណើន​ដែលជាមហារី​ក​ទើបចាប់​ផ្ដើម និងមហារីកនៅក្នុងពោះវៀនធំ​ទាំងមូលអាចត្រូវ​បានរកឃើញ និងកាត់ចេញ​ឬវិភាគ​រក​មហារីក រួមទាំងកំណើន​ដែលនៅផ្នែកខាងលើនៃពោះវៀនធំ​ដែលការពិនិត្យដោយ Sigmoidoscopy អាចនឹងរកមិន​ឃើញ ។
– Double-Contrast barium enema ៖ វិធី​ពិនិត្យនេះគឺចាក់បញ្ចូល​សារធាតុរាវពណ៌ស​ទៅក្នុងពោះវៀនធំ និងចុងពោះវៀន​ធំ​ដើម្បី​ថត X-rayបានច្បាស់ជាងមុន។ អ្វីដែលខុសប្រក្រតី(ដូចជាមានPolyps)​ នោះវាពិនិត្យឃើញ​ច្បាស់ ។
– Virtual Colonoscopy ៖ តេស្តនេះ​គឺប្រើឧបករណ៍X-ray ជាពិសេស​ដើម្បីបង្កើតរូបភាពរបស់ពោះ​វៀនធំ និងចុងពោះ​វៀនធំ ។ កុំព្យូទ័រ​បំលែងរូបភាពទាំងនេះ​ទៅជារូបភាពលម្អិតដែល​អាចបង្ហាញអោយឃើញ Polyps និងអ្វីដែលខុស​ប្រក្រតី។

លោក​វេជ្ជបណ្ឌិតSee Ying Kiat បាន​ឲ្យដឹងទៀតថា​ ប្រសិនបើអ្នកមានរោគសញ្ញាឬលទ្ធផល​ពិនិត្យបង្ហាញថា​ជាមហា​រីកពោះ​រៀនធំ នោះវេជ្ជ​បណ្ឌិតត្រូវរកឱ្យឃើញ​ថា វាបណ្ដាលមកពីមហារីក ឬស្ថានភាពខុសផ្សេងៗទៀត ។ វេជ្ជបណ្ឌិតនឹងសួរពី​ប្រវត្តិជំងឺ​និង​គ្រួសារ ហើយ​ធ្វើការវិភាគរាងកាយអ្នក ។ ប្រសិនបើរ​កឃើញអ្វីដែលខុសប្រ​ក្រតី(ដូចជា Polyps)នោះអ្នកប្រហែលជាត្រូវ​ការវិភាគ​រកមហារីក ។ ជាញឹក​ញាប់ ជាលិកាខុស​ប្រក្រតីអាចត្រូវបាន​កាត់ចេញក្នុងកំឡុងពេល​ឆ្លុះពោះវៀន ។

ការពិសោធន៍​ត្រូវបានធ្វើឡើង ដើម្បីវិភាគថាជាលិកានោះ​ជាកោសិកាមហារីក​ដោយប្រើMicroscope ។ លោក​វេជ្ជ​បណ្ឌិត តើ​ពិនិត្យ​ដឹងថាជាជំងឺ​មហារីកពោះវៀន​ធំយ៉ាងដូចម្ដេច ? ប្រសិនបើការវិភាគបង្ហាញថាមហារីក​នោះ​វេជ្ជ​បណ្ឌិតត្រូវ​ការដឹងថា​តើជំងឺ​នេះ មាននៅកន្លែងណាខ្លះដើម្បីរៀបចំផែនការព្យាបាលឱ្យបានល្អបំផុត ។ ដំណាក់កាល​របស់មហារីក គឺអាស្រ័យលើថា តើដុំ​មហារីក​​មានរាលចូ​លទៅជាលិកានៅ​ជិតនោះ ហើយបើរាលដាល​មែនតើរាលទៅ​ផ្នែកណាខ្លះ ។

នៅពេលដែលវេជ្ជ​បណ្ឌិតពន្យល់ពីមហារីកពោះវៀនមានដំណាក់កាលដូចជា៖
– ដំណាក់​កាល ០ ៖ មហារីករកឃើញមាន​តែនៅផ្នែកខាងក្នុងនៃពោះវៀន​ធំឬចុងពោះវៀនធំ ។ ពេល​មហារីកនៅពោះវៀនធំស្ថិត​នៅ​ដំណាក់កាល០ គេហៅឈ្មោះម្យ៉ាងថា Carcinomainsitu ។
 – ដំណាក់​​កាល១ ៖ ដុំមហារីកចូលទៅក្នុង​​ស្រទាប់ជញ្ជាំងពោះរៀន​ធំ ឬចុងពោះវៀន​ធំហៅថា ដុំមហារីកកាត់​ជញ្ជាំងពោះវៀន ។
– ដំណាក់កាល២ ៖ ដុំមហារីក​ដុះចូលជ្រៅទៅក្នុង ឬកាត់​ជញ្ជាំងពោះវៀន​ធំ ឬចុងពោះវៀនធំ វាអាច​រាលដាលទៅ​ជាកោសិកានៅ​ជុំវិញ ប៉ុន្តែកោសិកា​មហារីកមិនបាន​រាលដាលទៅក្រពេញ​ទឹករងៃនោះទេ ។
– ដំណាក់កាលទី៣ ៖ មហារីកបានរាល​ដាលទៅក្រពេញទឹករងៃ​ដែលនៅជិតវា ប៉ុន្តែ​មិនបានរាលដាល​ទៅផ្នែកផ្សេង​ទៀតនៃ​រាងកាយនោះទេ ។
– ដំណាក់​កាលទី៤ ៖ មហារីកបានរាលដាល​ទៅផ្នែកផ្សេងទៀតនៃរាងកាយ​ដូចជា ថ្លើម ឬសួត ។ ទោះជាយ៉ាងណាក្តី ជំងឺមហារីក​ពោះវៀន​ធំក៏អាចកើតឡើងនៅ​ក្នុងពោះវៀនធំ ចុងពោះ​វៀនធំ ឬនៅផ្នែកផ្សេងៗទៀត​នៃរាងកាយទោះបីអ្នកជំងឺធ្លាប់​ព្យាបាលក្តី។
លោក​វេជ្ជបណ្ឌិត ជំងឺ​មហារីកពោះវៀនធំព្យា​បាលយ៉ាងដូចម្តេច ?

ជំងឺមហារីកពោះវៀនធំត្រូវការព្យាបាល ៖
– វះ​កាត់ ៖ ការវះកាត់់ធ្វើឡើង​ដោយយកជាលិកាដែលមានដុំ​មហារីក ជាលិកា ឬក្រពេញ​ទឹករងៃនៅជុំវិញ​ដុំនោះចេញ ។ ការវះកាត់​អាចធ្វើឡើងដោយការ​វះចោះឬវះបើក។
– ប្រើថ្នាំគីមី ៖ វិធីនេះគឺប្រើឱសថប្រឆាំងមហារីកដើម្បីសម្លាប់ ឬធ្វើឲ្យកោសិកាមហារីករួមតូច ។ ឱសថចូលទៅក្នុងលំហូរឈាមហើយអាចមានឥទ្ធិពលទៅលើកោសិកាមហារីកពេញរាងកាយ ។
– ព្យាបាលតាមគោលដៅ ៖ មនុស្ស​មួយចំនួនដែលមានកើត​មហារីកពោះវៀន​ធំរាលដាល អាចទទួលយកការព្យា​បាល​តាម​គោល​ដៅបាន ។ វិធីព្យាបាល​តាមគោលដៅ​គឺប្រើឱសថ ឬសារធាតុផ្សេងៗ​ទៀតដើម្បីទប់​ស្កាត់ កំណើន និងការរាល​ដាលរបស់មហារីក​ដោយជ្រៀតចូលទៅម៉ូលេគុលដែលជួយមហារីកឱ្យមានកំណើន និងរាលដាល ។
ព្យា​បាលដោយប្រើកាំរស្មី ៖ ការ​ព្យាបាលដោយប្រើកាំ​រស្មី គឺប្រើថាមពលខ្លាំង​ ដើម្បីសម្លាប់កោសិ​កាមហារីក ។វាមានឥទិ្ធពល​តែទៅ​លើកោសិកាមហារីកកន្លែងព្យាបាលតែប៉ុណ្ណោះ។

លោក វេជ្ជបណ្ឌិត See Ying Kiat បានឲ្យដឹងថា​ តាមស្ថិតិនៅលើពិភពលោកមានអ្នក​ស្លាប់ដោយសារអ្នក​កើតជំងឺមហារីក​ពោះ​វៀនធំក្នុងមួយឆ្នាំចំនួន៦៨.០០០នាក់ ហើយជំងឺបានជាប់ចំណាត់ថ្នាក់លេខ៣ ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុង​ចំណោម​មនុស្ស​ដែលកើតជំងឺមហារីក​នោះ មានអ្នកកើតជំងឺមហារីក​ច្រើនជាងគេជាប់​ចំណាត់ថ្នាក់លេខ៥ ។

ប្រសិនបើអ្នកដែលផ្ទុកជំងឺទុកដោយមិនព្យាបាល អ្នកជំងឺអាចប្រឈមនឹងការបាត់បង់ជីវិតក្នុងរយៈពេល៦ខែ(ជំងឺធ្ងន់) ប៉ុន្តែបើព្យា​បាលអ្នក​ជំងឺរស់បានក្នុងរយៈពេលពីរឆ្នាំ ឬលើសពីនេះ ៕