ខេត្តកណ្តាល ៖ គ្រោះថ្នាក់មួយគួរឱ្យរន្ធត់បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៧ កក្កដា នៅកំពង់ចម្លងត្រើយខាងលិចភូមិព្រែកត្រែង ខណៈដែលគោយន្តច្នៃមួយគ្រឿងដឹកឈើគ្រឿងផ្ទះ បានបើកចុះកំពង់ចម្លងដោយទូកដើម្បីឆ្លងទៅជ្រោយជ្រៃ រួចរអិលកំណល់ជ្រុលទៅបុកនឹងធ្នឹមទូកដ បណ្តាលឱ្យអ្នកបើកបរបែកក្បាលធ្លាយចេញខួរដូចគេពុះជាពីរស្លាប់យ៉ាងអាណោចអាធ័ម ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អុឹម សុវណ្ណរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ តាមប្រភពព័ត៌មានពីឈ្មោះ អុឹម ដានី ភេទ ប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្អូនបង្កើតជនរងគ្រោះឱ្យដឹងថា រូបគេទាំងពីរនាក់បងប្អូនបានទិញឈើដឹកយកទៅធ្វើផ្ទះផ្ទាល់ខ្លួន និងនាំចេញពីស្រុកកៀនស្វាយ មកឆ្លងទូកដនេះក្នុងបំណងធ្វើដំណើរទៅផ្ទះតាមផ្លូវកាត់ ព្រោះវាជិត និងឆាប់ដល់ ។ ដានីនិយាយទាំងទឹកភ្នែកថា នៅពេលបើកចុះទូកដ រូបគេជាប្អូនចុះយកកំណល់សម្រាប់កល់កង់រថយន្តនៅលើទូក ព្រោះរថយន្តច្នៃអត់មានហ្វ្រាំងដៃទេ ។ បុ៉ន្តែដោយសារនៅលើទូកដមានសំណើមទឹក និងដីខ្លះផងនោះបណ្តាលឱ្យរអិលកំណល់ រួចជ្រុលទៅមុខបុកធ្នឹមទូកដបណ្តាលឱ្យបងប្រុសស្លាប់ភ្លាមមួយរំពេចគួរឱ្យរន្ធត់ ។
ក្រោយពេលកើតហេតុភ្លាម អធិការនគរបាលស្រុកកៀនស្វាយ លោកប៉ា សំអិត បានចុះទៅដល់កន្លែងកើតហេតុ ហើយឱ្យមន្ត្រីជំនាញចរាចរស្រុកអនុវត្តតាមជំនាញច្បាប់ចរាចរណ៍ ព្រមទាំងយកគោយន្តកែច្នៃរបស់ជនរងគ្រោះមករក្សាទុកនៅកន្លែងអធិការដ្ឋានស្រុកជាបណ្តោះអាសន្ន ។ ចំណែកទូកដ ក៏ត្រូវសមត្ថកិច្ចឃាត់ទុកផងដែរដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ