ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​អប្សរា​ កីឡាករ​កម្ពុជា​ឈ្នះ2 ចាញ់​1

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កីឡាករ​ក​ម្ពុជា​៣​រូប​មាន​​២​រូបគឺ​ សែន រ៉ាឌី​ មកពីក្លិប​​អប្សរា​គុន​ខ្មែរ​ និង​កំពែង​ ខ្មៅ មក​ពី​ក្លិប​​វីអាយ​ភី​ចំការ​មន​​ ​បាន​យក​ឈ្នះ​ពិន​្ទុ​កីឡាករ​ថៃ​​ ចំណែក​១​រូប​ទៀតគឺ​ ឡៅ ស៊ីណាត​ មក​ពី​ក្លិប​​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ត្រូវ​កីឡាករ​​ថៃទាត់​ឱ្យ​ខូច​ដៃ​ខាង​ឆ្វេង​ប្រកួត​លែង​កើត​នៅ​ត្រឹម​ទឹក​ទី​៣​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​​អន្តរ​ជាតិ​ នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​អប្សរា​កាល​ពី​ថ្ងៃសៅរ៍​ ទី​២៦​ កក្កដា​ កន្លង​មក​នេះ ។​

ឈុត​ឆាក​ប្រកួត​​នាពេល​នោះ​ គេឃើញ​ សែន រ៉ាឌី​ បានបើក​ការវាយ​សង្គ្រុប​ទៅ​លើ​កីឡា​ករ​ថៃ Jaoprayasupeet ស្ទើរតែ​មិន​អាច​តដៃ​រួច​ តាំង​តែ​ពី​នៅ​ក្នុង​ទឹកទី​១ និង​ទឹក​ទី​២ មក​ម៉្លេះ ។​ ទោះ​បី​កីឡាករ​ថៃ​​វាយ​តប​ត​វិញ​ ក៏​មិន​អាច​​បង្អាក់​ដំណើរ​រុល​ចូល​វាយ​របស់​ សែន រ៉ាឌី​ បាន​ឡើយ ។​​ នៅ​ក្នុង​ទឹក​ទី​៣​ សែន រ៉ាឌី​ បាន​ម៉ាត់​ចូល​មុខ និង​ពោះ​ទឹក​កីឡាករ​ថៃ​រូប​នេះ​ពេញៗ​តែ​ម្តង​ក្នុង​ពេល​ដែល​កីឡាករ​ថៃ​រូប​នេះ​បាន​ព្យាយាម​សម្រុក​​ចូល​កៀក​វាយ​កែង​សង​វិញ​យ៉ាង​សាហាវ ។​ លុះ​ចូល​ដល់​ទឹកទី​៤ ​និងទី​៥​ សែន រ៉ាឌី​ ត្រូវ​កីឡាករ​ថៃ​វាយ​សង្គ្រុប​ជាប់​រហូត​ធ្វើ​ឱ្យគេ​ព្យាយាម​ដក​ថយ​អែប​ខ្សែ​រេញ​ជា​ញឹក​ញាប់​ ដោយ​សារ​កម្លាំងរបស់គេ​ចុះ​ខ្សោយ​មិន​អាច​តតាំង​​ឱ្យ​បាន​ខ្លាំង​ក្លាជាមួយ​កីឡាករ​ថៃ​បាន​ឡើយ ។​ ទោះ​បី​យ៉ាងណា​ កីឡាករ​ថៃ​មិន​អាច​ធ្វើ​អ្វី​ សែន រ៉ាឌី​ បាន​ឡើយ​ ទើប​លទ្ធ​ផល​ចុង​ក្រោយ​ សែន រ៉ាឌី​ ជាអ្នក​ឈ្នះ​​ដោយ​ពិន្ទុ ។​

ចំណែកកំពែង ខ្មៅ​ ដែល​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Rajahs នា​ពេល​នោះ​ គឺពិត​ជា​មិន​ធម្មតា​នោះ​ឡើយ​ ដោយសារ​កីឡាករ​ថៃ​ហាក់​បីដូចជា​មិន​ញញើត​ កំពែង ខ្មៅ​ បន្តិច​ណា​ឡើយ។ នៅ​​ក្នុង​ទឹក​ទី​១​ និងទឹកទី​២​ Rajahs បាន​ដើរ​ចូល​វាយ​ភ្លាមៗ​មិន​បង្អង់​ទុក​យូរ​ឡើយ​ ឯ​កំពែង ខ្មៅ​ ក៏បាន​វាយ​បក​សង​វិញ​ភ្លាមៗ​​ដោយ​បាន​ទាត់​សន្ធាប់​ទៅ​លើ​​ល្វែង​ខាង​ក្រោម​​បង្ខំឱ្យ​កីឡាករ​ថៃ​រូប​នេះ​ដក​ថយ​ទាំងព្រលឹង​ចុង​សក់​ ។​ កំពែង ខ្មៅ​ មាន​ឱកាស​គ្រប់គ្រង​ស្ថាន​ការណ៍​​ប្រកួត​បាន​ច្រើន​ជាង​ចាប់​តាំង​ពី​ទឹក​ទី​៣ រហូត​ទៅ​ ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៥​ ពេល​ឃើញ​កីឡាករ​ថៃ​កាន់​តែ​ដុន​ដាប​ កំពែង ខ្មៅ​ បាន​បើក​ការ​វាយ​សម្រុក​តាម​អំពើ​ចិត្ត​ តែ​មិន​អាច​ធ្វើ​អី​កីឡាករ​ថៃ​បាន​ឡើយ​ ទើប​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ ។​

ដោយ​ឡែក​ ឡៅ ស៊ីណាត​ ត្រូវ​កីឡាករ​ថៃ Pat KiaKhamphon ទាត់​ឱ្យ​ខូច​ដៃ​ខាង​ឆ្វេង​ប្រកួត​លែង​កើត​នៅ​ត្រឹម​ទឹក​ទី​៣​ ។​ ឡៅ ស៊ីណាត​ បង្ហាញ​ពី​ភាព​កំសោយ​របស់​ខ្លួន​តាំង​តែ​ពី​ក្នុង​ទឹក​ទី​មួយ​មក​ម៉្លេះ​ ជាក់​ស្តែង​ គេត្រូវ​កីឡា​ករ​ថៃ​ទាត់ និង​ធាក់​ឱ្យ​ដួល​ច្រងាប់​ច្រងិល​ជា​ច្រើន​លើក​ច្រើន​សាទៀត​ផង​ ។ តាំងពី​ទឹក​ទី​១​ដល់​ទឹក​​៣ ឡៅ ស៊ីណាត​ បាន​ត្រឹម​តែ​ការពារ​ខ្លួន​​យ៉ាង​លំបាក​បំផុត​ លុះ​ចូល​ដល់​ពាក់​កណ្តាល​ទឹក​ទី​៣​ គេ​ត្រូវ​កីឡាករ​ថៃទាត់​ត្រូវ​ដៃ​ខាង​​ឆ្វេង​បណ្តាល​ឱ្យ​ថ្លោះ​ប្រកួត​លែង​កើត​តែ​ម្តង៕​