ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​កាម​13​នាក់​ក្នុង​ចំណោម​25​នាក់​ទទួល​បាន​និទ្ទេស​ល្អ​ពី​វគ្គ​សិក្សា​គ្រូ​បង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​លើក​ទី​1

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ វគ្គ​សិក្សា​សាម​គ្គី​អូ​ឡាំ​ពិក​ ស្តី​ពី​គ្រូ​បង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​​លើក​ទី​១​ ក្រោម​ការ​ឧប​ត្ថម្ភ​របស់​អង្គ​ការ​សាម​គ្គី​អូ​ឡាំ​​ពិក​អន្តរ​ជាតិ​ (OS) សហ​ការ​រៀប​ចំ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ បង្រៀន​ដោយ​លោក​ Franz Studer ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ ជា​គ្រូ​ឧទ្ទេស​នាម​មក​ពី​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អន្តរ​ជាតិ​នោះ​ បាន​បញ្ចប់​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ កក្កដា កន្លង​មក​នេះ​ ។ វត្ត​មាន​ចូល​រួម​ក្នុង​ពិធី​បិទ​វគ្គ​ខាង​លើ​នេះ​មាន​លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​, លោក​ គង់​ ឬ​ទ្ធី​ជព្វ​ ប្រធាន​សហ​

រាជ​ធានី​ភ្នំពេញ ៖ វគ្គ​សិក្សា​សាម​គ្គី​អូ​ឡាំ​ពិក​ ស្តី​ពី​គ្រូ​បង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​​លើក​ទី​១​ ក្រោម​ការ​ឧប​ត្ថម្ភ​របស់​អង្គ​ការ​សាម​គ្គី​អូ​ឡាំ​​ពិក​អន្តរ​ជាតិ​ (OS) សហ​ការ​រៀប​ចំ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ បង្រៀន​ដោយ​លោក​ Franz Studer ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ ជា​គ្រូ​ឧទ្ទេស​នាម​មក​ពី​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​អន្តរ​ជាតិ​នោះ​ បាន​បញ្ចប់​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ កក្កដា កន្លង​មក​នេះ​ ។ វត្ត​មាន​ចូល​រួម​ក្នុង​ពិធី​បិទ​វគ្គ​ខាង​លើ​នេះ​មាន​លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​, លោក​ គង់​ ឬ​ទ្ធី​ជព្វ​ ប្រធាន​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ រួម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ និង​សិក្ខា​កាម​ជា​ច្រើន​នាក់​ទៀត​ ។

អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក​ ងិន​ សុខ​បញ្ញា​ បាន​ថ្លែង​ថា វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ពេញ​ ចាប់​ពី​ថ្ងៃ​ទី​២០​ រហូត​ដល់​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា នេះ​ គឺ​មាន​សិក្ខា​កាម​ចូល​រួម​​ទាំង​អស់​ចំនួន​២៥​នាក់​ ដោយ​បាន​សិក្សា​ពី​ទ្រឹស្តី​ និង​ការ​អនុ​វត្ត​ជាក់​ស្តែង​ជា​រៀង​រាល់​ថ្ងៃ​ពី​ប្រភេទ​កីឡា​ហែល​ទឹក​ ជិះ​កង់​ និង​រត់​ប្រណាំង​ ។ ជា​លទ្ធ​ផល​មាន​សិក្ខា​កាម​១៣​នាក់​ទទួល​បាន​និទ្ទេស​ល្អ, ៨​នាក់​ទទួល​បាន​និទ្ទេស​មធ្យម​ និង​៤​នាក់​ទៀត​ទទួល​បាន​និទ្ទេស​ខ្សោយ​ ។

លោក​ Franz Studer ដែល​ជា​គ្រូ​ឧទ្ទេស​នាម​ក្នុង​វគ្គ​នេះ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា ឆ្លង​កាត់​ការ​សិក្សា​ជាមួយ​គ្នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ លោក​គិត​ថា គ្រូ​បង្វឹក​ទាំង​អស់​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​កីឡា​ទ្រី​យា៉​ត្លុង​ ដែល​មាន​សមត្ថ​ភាព​ និង​បច្ចេក​ទេស​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​បណ្តុះ​បណ្តាល​ដល់​អ្នក​ជំនាន់​ក្រោយ​ ។ ទោះ​បី​យា៉ង​ណា​ អ្វី​ដែល​បាន​សិក្សា​យើង​គិត​ថា មិន​ទាន់​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទេ ដូច្នេះ​សិក្ខា​កាម​ទាំង​អស់​ត្រូវ​តែ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ថ្មី​មក​បំពេញ​បន្ថែម​ ។

ប្រធាន​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ លោក​ គង់​ ឬ​ទ្ធី​ជព្វ​ បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ Franz Studer ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ និង​បង្ហាត់​បង្រៀន​ក្នុង​វគ្គ​នេះ​ ស្រប​ពេល​​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​កីឡា​ SEA Games លើក​ទី​២៨​ នៅ​សិង្ហ​បុរី​ នា​ឆ្នាំ​២០១៥​ខាង​មុខ​ ។ ដូច្នេះ​គ្រូ​បង្វឹក​ និង​កីឡា​ករ​-កីឡា​ការិនី​ទាំង​អស់​ ត្រូវ​ខិត​ខំ​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​បន្ថែម​ទៀត​ ដើម្បី​ចូល​ប្រកួត​ក្នុង​ព្រឹត្ត​ិការណ៍​អន្តរ​ជាតិ​ជា​លើក​ដំបូង​នេះ​ ។ លោក​បន្ត​ថា គ្រូ​បង្វឹក​ដែល​បាន​ចូល​រួម​សិក្សា​ក្នុង​វគ្គ​បច្ចេក​ទេស​កីឡា​ទ្រី​យ៉ា​ត្លុង​នេះ​ ត្រូវ​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ជាមួយ​លោក​ Franz Studer ទៅ​ចែក​រំលែក​បន្ត ដើម្បី​ធ្វើ​ឱ្យ​កីឡា​ទ្រី​យ៉ា​ត្លុង​យើង​កាន់​តែ​រីក​សុះ​សាយ​ និង​មាន​ការ​រីក​ចម្រើន​មួយ​កម្រិត​ទៀត​ ។

លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ បាន​មាន​ប្រសាសន៍​ដែរ​ថា គ្រូ​បង្វឹក​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​បង្ហាត់​បង្រៀន​បច្ចេក​ទេស សីល​ធម៌​ និង​ការ​អនុ​វត្ត​ជាក់​ស្តែង​ ក៏​ដូច​ជា​បណ្តុះ​បណ្តាល​យុវ​ជន​ថ្នាល​ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ផ្សេង​ៗ​ ។ ជា​ពិសេស​មុន​ដល់​ឆ្នាំ​២០២៣​ យើង​ត្រូវ​រៀប​ចំ​ផែន​ការ​សំខាន់​ៗ​សម្រាប់​ប្រកួត​ដណ្តើម​យក​មេ​ដាយ​ក្នុង​ព្រឹត្តិ​ការណ៍​ SEA Games មុន​នឹង​យើង​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ​ ៕