ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក រតនា មិ​នអស់​ចិត្ត​ចំពោះ​ការ​ផ្តល់​ពិន្ទុ​ឱ្យគេ​ចាញ់​ រឿម វណ្ណៈ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កីឡាករ​សេក រតនា​ មក​ពី​ក្លិប​​សឹក​រង​ខេត្ត​សៀម​រាប​ បាន​បង្ហាញ​​អារម្មណ៍​មិន​អស់​ចិត្ត​បន្ទាប់​ពី​រូបគេត្រូវ​អាជ្ញា​កណ្តាល​លោក​រាម​ កុសល​ ​ប្រកាសឱ្យ​ចាញ់​ពិន្ទុ​កីឡាករ​រឿម វណ្ណៈ​ មកពីសមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​ស្រា​​បៀរ​លីអូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​វគ្គ​ជម្រុះ​វិល​ជុំ​ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ CTN កាល​ពីល្ងាច​​ថ្ងៃ​សៅរ៍ ទី​២៦​ កក្កដា​ កន្លង​មក​នេះ។​

នៅ​ក្នុង​ទឹក​ទី​១​ និង​ទឹក​ទី​២​ សេក​ រតនា​ បាន​ប្រើ​ក្បាច់​ពិសេសៗ​វាយ​សម្រុក​ទៅ​លើ​ រឿម វណ្ណៈ​ ​យ៉ាង​ចាស់​ដៃ​ដូចជា​​ ការ​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​ល្វែង​ខាង​ក្រោម​ ព្រម​ទាំង​បាន​ម៉ាត់​ចូល​មុខ​ពេញៗ​ជា​ច្រើន​ដៃ​បន្ថែម​ទៀត​ ។ រឿម វណ្ណៈ​ មិន​ត្រឹម​តែ​ពុំ​មាន​ល​ទ្ធ​ភាព​វាយ​បក​សង​វិញ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ពេល​ខ្លះ​គេ​​បណ្តោយ​ឱ្យ​ សេក រតនា​  ទាត់​ឱ្យ​ដួល​ទាំង​ជំហរ​ជាច្រើន​លើក​ច្រើន​សា​ទៀត​ផង​ ។ និយាយ​រួម​នៅ​ក្នុង​ទឹក​ទី​១​ និងទឹក​ទី​២​ ​នេះ​ រឿម វណ្ណៈ​ ចាញ់​ប្រៀប​ សេក រតនា​ ដាច់​តែ​ម្តង​ ។ ចូល​ដល់​ទឹក​ទី​៣ សេក រតនា​ នៅតែ​ព្យាយាម​ដើរ​ចូល​វាយ​សម្រុក​កាន់តែ​ខ្លាំង​ក្នុង​គោល​បំណង​ផ្តួល រឿម វណ្ណៈ​ ឱ្យបាន​ឆាប់​បំផុត ។ ប៉ុន្តែ​លើក​នេះ​ រឿម វណ្ណៈ​​ មិន​ទុក​ឱកាស​ឱ្យ​ សេក រតនា​ វាយ​មក​លើ​រូបគេតាម​តែ​ចិត្ត​ដូច​មុន​ទៀត​ឡើយ​ គេ​បាន​ប្រើ​ស្នៀត​ជើង​ទាត់​ និង​វាយ​កែង​សំដៅ​សៀត​ផ្កា និង​ថ្ងាស​របស់​ សេក រតនា​ មើល​ទៅ​គួរ​ឱ្យ​ស្រៀវ​សាច់​ ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ សិស្ស​​គុន​មក​ពី​ក្លិប​សឹក​រង​ខេត្ត​សៀម​រាប​រូប​នេះ​មិន​ព្រម​ដក​ថយ​ដោយ​ងាយ​នោះ​ឡើយ​ គឺ​គេ​នៅ​តែ​ដើរ​ចូល​យ៉ាង​ងងើល​ទាត់ និង​ម៉ាត់​សង​វិញ​ ប៉ុន្តែ​ការ​វាយ​សង​របស់​គេ​មិន​ខ្លាំង​ដូច​នៅ​ដើម​ទឹក​ឡើយ ។​ នៅ​៣​ទឹក​ចុង​ក្រោយ​នេះ​ គេ​ឃើញ​ សេក រតនា​ កាន់​តែ​ដើរ​ចូល​ រឿម វណ្ណៈ​ កាន់​តែ​មាន​ឱកាស​វាយ​ត្រូវ​ច្រើន​​ ទើប​លទ្ធ​ផល​ចុង​ក្រោយ​ រឿម វណ្ណៈ​ ត្រូវគេ​កាត់​ក្តី​ឱ្យ​ឈ្នះ​ពិន្ទុ​ទាំង​មិន​សូវ​ស្រួល​ខ្លួន​ប៉ុន្មាន ។​ ជ័យ​ជម្នះ​របស់​កីឡាករ​រឿម វណ្ណៈ​ លើក​នេះ​​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ស្រែក​អបអរ​ ឯ​អ្នក​ខ្លះ​សើច​ចំអក​ឱ្យ​​ផង​ដែរ​ ខណៈ​​ សេក រតនា​​ បានសម្តែង​នូវ​​ការខក​ចិត្ត​យ៉ាងខ្លាំង​ដោយ​សារ​គេ​គិត​ថា​ លទ្ធផល​នេះ​មិន​យុត្តិ​ធម៌​​សម្រាប់​រូបគេ​ឡើយ​ ។ ទោះ​បី​យ៉ាងណា​ ការ​សម្រេច​​របស់​ចៅ​ក្រម​ទាំង​៥​រូប គឺ​មិន​​អាច​កែ​ប្រែ​បាន​ទេ​ ។​

ពេល​នេះ​គេ​បាន​រក​ឃើញ​កីឡាករ​រឿម ​វណ្ណៈ​ ម្នាក់​ទៀត​ហើយ​ដែល​មាន​លទ្ធ​ភាព​ក្នុង​ការរក​បាន​៣​ពិន្ទុ​ជា​លើក​ដំបូង ។​ កាល​សប្តាហ៍​ទី​១​ កីឡាករ​ថុល​ មករា មកពីក្លិប​​ឃ្លាំង​មឿង​កីឡា និង​កីឡា​ករ​ង៉ែត​ រដ្ឋា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហា​​ផ្ទៃ​ គឺជាអ្នក​​ដែល​រក​បាន​៣​ពិន្ទុ​មុន​គេ ៕​