ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះ​ស្រាយ​នយោ​បាយ រដ្ឋសភា​កោះ​ប្រជុំ​ថ្ងៃ​២៨​កក្កដា ដើម្បី​ប្រកាស​សុពល​ភាព​ដល់​លោក​ សម រង្ស៊ី​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​រដ្ឋ​សភា​​ បាន​​ឱ្យ​ដឹង​កាល​ពី​​រសៀល​​ថ្ងៃ​​ទី​២៥ កក្កដា ថា គណៈ​កម្ម​ា​ធិការ​​​អចិន្ត្រៃយ៍​រដ្ឋ​សភា ដែល​មាន​សមាស​ភាព​១២​រូប ដឹក​នាំ​ដោយ​​សម្តេច​​​ពញា​ចក្រី ហេង​ សំ​រិ​ន ប្រធាន​រដ្ឋ​សភា​ បាន​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ផ្តល់​សុពល​ភាព ដល់​​លោក សម រង្ស៊ី ជា​បេក្ខ​ជន​​ជាប់​​ឆ្នោត​តំណាង​រាស្ត្រ​គណ​បក្ស​​សង្គ្រោះ​​ជាតិ នៅ​​មណ្ឌល​ខេត្ត​កំពង់​ចាម​ ​។ ​ការ​​ប្រជុំ

រាជធានីភ្នំពេញ ៖ យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​រដ្ឋ​សភា​​ បាន​​ឱ្យ​ដឹង​កាល​ពី​​រសៀល​​ថ្ងៃ​​ទី​២៥ កក្កដា ថា គណៈ​កម្ម​ា​ធិការ​​​អចិន្ត្រៃយ៍​រដ្ឋ​សភា ដែល​មាន​សមាស​ភាព​១២​រូប ដឹក​នាំ​ដោយ​​សម្តេច​​​ពញា​ចក្រី ហេង​ សំ​រិ​ន ប្រធាន​រដ្ឋ​សភា​ បាន​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ផ្តល់​សុពល​ភាព ដល់​​លោក សម រង្ស៊ី ជា​បេក្ខ​ជន​​ជាប់​​ឆ្នោត​តំណាង​រាស្ត្រ​គណ​បក្ស​​សង្គ្រោះ​​ជាតិ នៅ​​មណ្ឌល​ខេត្ត​កំពង់​ចាម​ ​។ ​ការ​​ប្រជុំ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​​​ពី​​គណៈ​កម្ម​ាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ ផ្ញើ​លិខិត​ទទួល​ស្គាល់​​លោក​ សម រង្សុី ជា​បេក្ខ​ភាព​​ជាប់​ឆ្នោត​​តំណាង​រាស្ត្រ​​ថ្មី​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម​ ។

លោក ​អុឹម សួស្តី ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៤​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​រដ្ឋ​សភា​កម្ពុជា សម្តេច ហេង សំ​រិ​ន អំពី​​ការ​លុប​ឈ្មោះ​បេក្ខ​ជន​​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ បេក្ខ​ជន​​តំណាង​រាស្ត្រ ការ​ទទួល​ស្គាល់ បញ្ជី​​​បេក្ខ​ជន​​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ (CNRP) មណ្ឌល​ខេត្ត​កំពង់​ចាម ​។លិខិត​ គ​.​ជ​.​ប បាន​បញ្ជាក់​​ថា បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ និង​​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នីតិ​កាល​ទី​៥​​មួយ​ចំនួន បាន​លា​លែង និង​មួយ​​ចំនួន​ទៀត ត្រូវ​បាន​គណ​បក្ស​លុប​ឈ្មោះ​​ចេញ​ពី​បញ្ជី​គណ​បក្ស ​។ ​គណ​បក្ស​​ក៏​បាន​ស្នើ​សុំ គ​.​ជ​.​ប ចុះ​បញ្ជី​បេក្ខ​ជន​​បម្រុង​បន្ថែម​នៃ​​គណ​បក្ស សម្រាប់​បេក្ខ​ជន​​តំណាង​រាស្ត្រ មណ្ឌល​ខេត្ត​កំពង់​ចាម​ ​នីតិ​កាល​​ទី​៥​ ។

គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ (គ​.​ជ​.​ប​) មាន​សមាជិក​៩​រូប បាន​ជួប​ប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​២៥​ កក្កដា ដោយ​បាន​សម្រេច​ទទួល​ស្គាល់​​បញ្ជី​ឈ្មោះ​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​​ថ្មី របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ មណ្ឌល​ខេត្ត​កំពង់​ចាម​ ដែល​បាន​លា​ឈប់​ និង​ដាក់​​ជំនួស​​ថ្មី ដែល (​គ​.​ជ​.​ប)​ បាន​ទទួល​ស្គាល់​បេក្ខ​ភាព​លោក​ សម រង្ស៊ី ជា​បេក្ខ​ជន​​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​​គណ​បក្ស​សង្គ្រោះ​​ជាតិ​​លំដាប់​លេខ​រៀង​​ទី​២ នៅ​មណ្ឌល​កំពង់​ចាម​ ។ ​លោក សម រង្ស៊ី ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ជំនួស​លោក​ គួយ​ ប៊ុន​​រឿ​ន ជា​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ ។ ​ចំណែក​ លោក​ គួ​យ ​ប៊ុ​ន​​រឿន តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ចាម​​ ត្រូវ​​ទៅ​ធ្វើ​ជា​​បេក្ខ​ភាព​​សមា​ជិក​​ គ​.​ជ​.​ប​ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា គ​.​ជ​.​ប បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ និង​បាន​សម្រេច​លើ​ការ​ផ្លាស់​ប្តូរ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​តំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​២៧​រូប​នៅ​ខេត្ត​កំពង់​ចាម​ ។ ក្នុង​នោះ លោក​ សម រ​ង្ស៊ី ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់​ចាម ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ។ ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ បង្ហាញ​ថា នៅ​ខេត្ត​កំពង់​ចាម គណ​បក្ស​​សង្គ្រោះ​​ជាតិ​ មាន​បេក្ខ​ជន​​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ចំនួន​១០​រូប ក្នុង​ចំណោម​​១៨​អាសនៈ​ ។

លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ឯ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ថា កិច្ច​ព្រម​ព្រៀង​​រវាង​គណ​បក្ស​​សង្គ្រោះ​ជាតិ និង​​គណ​បក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ គ្រាន់​តែ​ជា​គោល​ការណ៍​​តែ​ប៉ុណ្ណោះ​ ។ គណ​បក្ស​ទាំង​ពីរ នឹង​បង្កើត​ក្រុម​ការងារ​ចំនួន​៣ ដើម្បី​ជជែក​​ឱ្យ​លម្អិត ទី​១-​ក្រុម​ការងារ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ទី​២-​ក្រុម​ការងារ​ធ្វើ​វិសោ​ធន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា និង​ទី​៣-​ក្រុម​ការងារ​​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ ។​ លោក កឹម សុខា ​បញ្ជាក់​ថា នៅ​ពេល​ណា​ដែល​ក្រុម​ការងារ​ទាំង​៣ បញ្ចប់​ការងារ​របស់​ខ្លួន​ ទើប​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ ផល​កិច្ច​​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ត្រូវ​បាន​​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​ប្រកាស​ថា​ ​នៅ​ថ្ងៃសុក្រ​ ទី​២៥​ កក្កដា​ វេលា​ម៉ោង​៣​រសៀល​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បានប្រជុំ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ​្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ​ដែល​មាន​លទ្ធ​ផល​ដូច​ខាង​ក្រោម​ ៖​

១-អង្គ​ប្រជុំ​បាន​ឯកភាព​​លើ​សំណើ​សុំ​ប្រកាស​សុពល​ភាព​នៃ​អាណត្តិ​របស់​លោក សម រង្ស៊ី​ ជា​សមាជិក​រដ្ឋ​សភា​ នីតិ​កាល​ទី​៥ ។​
២-​អង្គ​ប្រជុំ​បាន​សម្រេច​​ប្រគល់​ភារកិច្ច​ជូន​គណៈ​កម្មការ​នីតិ​កម្ម​ និង​យុត្តិ​ធម៌​​ នៃ​រដ្ឋ​សភា​ពិនិត្យ​ និង​សិក្សា​លើ​ការ​​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​ប្រការ​៦​ថ្មី​ នៃបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​​សភា ។​
៣-​អង្គ​ប្រជុំ​បាន​កំណត់​កាល​បរិច្ឆេទ​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិ​កាល​ទី​៥ នៅ​ថ្ងៃ​ចន្ទ ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក​ ដើម្បី​ប្រកាស​សុពល​ភាព​នៃ​អាណត្តិ​របស់​លោក​សម រង្ស៊ី​ ជា​​សមាជិក​រដ្ឋ​សភា​នីតិ​កាល​ទី​៥ ៕