ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រា​ចារ្យ​ផ្នែក​សិល្បៈ​បុរាណ​បារម្ភ​អំពី​ស្ថាន​ភាពសិល្បៈ​ល្ខោន​យីកេ ខណៈ​យុវវ័យ​មិនសូវចាប់​អារម្មណ៍

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ «សិល្បៈ​បុរាណ​ផ្នែក​យីកេ​របស់ខ្មែរ​យើង​អាច​ឈាន​ទៅរក​ការ​បាត់​បង់​រូបរាង ដោយ​សារ​តែ​យុវ​វ័យ​សម័យ​នេះ បានចាប់​អារម្មណ៍​ងាក​ទៅរកសិល្បៈ​បែប​សម័យ​ឡូយ​ឆាយ ខណៈ​ពេល​ដែល​ការ​សម្តែង​ម្តងៗ​ក៏​មិនសូវ​មាន​ទស្សនិក​ជន​ខ្មែរ​ចូល​ទស្សនា​ច្រើនឡើយ» ។ នេះជា​ការ​លើក​ឡើង​របស់​លោក​សា​ស្ត្រាចារ្យ​សិល្បៈ​ផ្នែក​បុរាណ​ អៀង ស៊ីធុល ដែល​បាន​បង្ហាញ

រាជធានីភ្នំពេញ ៖ «សិល្បៈ​បុរាណ​ផ្នែក​យីកេ​របស់ខ្មែរ​យើង​អាច​ឈាន​ទៅរក​ការ​បាត់​បង់​រូបរាង ដោយ​សារ​តែ​យុវ​វ័យ​សម័យ​នេះ បានចាប់​អារម្មណ៍​ងាក​ទៅរកសិល្បៈ​បែប​សម័យ​ឡូយ​ឆាយ ខណៈ​ពេល​ដែល​ការ​សម្តែង​ម្តងៗ​ក៏​មិនសូវ​មាន​ទស្សនិក​ជន​ខ្មែរ​ចូល​ទស្សនា​ច្រើនឡើយ» ។ នេះជា​ការ​លើក​ឡើង​របស់​លោក​សា​ស្ត្រាចារ្យ​សិល្បៈ​ផ្នែក​បុរាណ​ អៀង ស៊ីធុល ដែល​បាន​បង្ហាញ​​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ពីការ​ធ្លាក់​ចុះ​​ប្រជា​ប្រិយ​ភាព​ផ្នែក​ល្ខោន​យីកេ​ខ្មែរ ក្នុង​ស្រទាប់​មហា​ជន​នាពេល​បច្ចុ​ប្បន្ន ។ ក្នុង​នាម​​ជា​សាស្ត្រា​ចារ្យ​ដឹក​នាំ​បង្ហាត់​បង្រៀន​ក្រុម​កុមារ​បាសាក់​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ លោក​អៀង ស៊ីធុល បាន​លើកឡើងថា ស្ថាន​ភាព​បច្ចុប្បន្ន​របស់​សិល្បៈ​ល្ខោន​យីកេ​ខ្មែរ អាច​ឈាន​​ទៅរក​ការ​បាត់​បង់​នៃ​រូប​រាង និង​តម្លៃ ខណៈ​ដែល​យុវវ័យ​ខ្មែរ ហាក់​មិនសូវចាប់​អារម្មណ៍ និង​នាំគ្នា​ងាក​ទៅ​ចាប់​អារម្មណ៍​​សិល្បៈ​សម័យ​បែប​ឡូយ​ឆាយ​នោះ ហើយ​តម្លៃ​នៃ​​សិល្បៈ​ល្ខោន​យីកេ​កំពុង​តែ​ស្រុត​​ចុះ​ទៅៗ គួរ​ឱ្យ​ព្រួយ​បារម្ភ ។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែមថា បើ​ក្រឡេក​មើល​ស្ថាន​ភាព​​បច្ចុប្បន្ន​យើង​សង្កេត​ឃើញថា មិនមែន​តែ​សិល្បៈ​បុរាណ​ល្ខោន​យីកេ​មួយ​នេះ​ទេ ដែល​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​នៃ​រូពរាង ដោយ​សារ​កង្វះ​ការគាំទ្រ និង​ផ្តល់តម្លៃ ក្នុងនោះ​​សិល្បៈ​បុរាណខ្មែរ​ជាច្រើន​ទៀត ដូចជា ល្ខោន​បាសាក់ អាប៉េ អាយ៉ៃ ចាបីុដងវែងជាដើម ក៏​ប្រឈម​ទៅនឹង​បញ្ហា​នេះ​ដូចគ្នា​ផងដែរ ។ លោក​បញ្ជាក់ថា កាលពីដើម បើ​ទោះ​ជា​ប្រទេស​ស្ថិត​នៅ​ក្នុងភាព​ក្រីក្រ​ ជីវភាព​របស់​ប្រជាជនខ្វះ​មុខ ខ្វះក្រោយ​ក៏ដោយ ប៉ុន្តែ​នៅពេល​មាន​កម្ម​វិធី​បុណ្យ​ទាន​ម្តងៗ​ល្ខោន​​យីកេ ល្ខោន​បាសាក់ អាប៉េ អាយ៉ៃ ក៏ដូចជា​ចាបីុដងវែង​តែងតែ​ចុះ​ជាប់ជាមួយ​ប្រជាជន​ជានិច្ច ហើយ​ទស្សនិក​ជន​បាន​ផ្តល់​ការគាំទ្រ​យ៉ាងច្រើន ។ លោក​បន្តថា លុះមកដល់​សម័យ​បច្ចុប្បន្ន​​ដែល​មានភាព​ជឿ​នលឿន​ប្រជាពល​រដ្ឋ ជា​ពិសេស​យុវវ័យ​​ហាក់​មិន​សូវជា​ចាប់​អារម្មណ៍​លើ​ទម្រង់​សិល្បៈ​បុរាណ​ឡើយ ខណៈ​ពេល​ដែល​វប្ប​ធម៌​បរទេស​កំពុង​តែ​វាយ​លុក​យ៉ាងគំហុក​ផង​​នោះ ។

ជាការ​កត់​សម្គាល់​របស់​លោក​ បច្ចុ​ប្បន្ន​តាមបណ្តា​​ស្ថានីយ​ទូរទស្សន៍​នៅក្នុងស្រុក​ហាក់​មិន​បាន​អើពើ​ក្នុងការ​ចាក់​ផ្សាយ​ការ​សម្តែង​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​ផងដែរ ព្រោះ​គេអាចនឹង​យល់ថា បើ​ទោះ​បីជា​ចាក់​ផ្សាយ​ក៏​មិន​សូវ​ទាក់​ទាញ​អ្នក​ទស្សនា​ឡើយ ខណៈពេល​ដែលការ​សម្តែង​ក៏​មិនសូវ​មាន​ទស្សនិក​ជន​ខ្មែរ​ច្រើន​ចូលទស្សនា ដែល​ភាគច្រើន​ជាភ្ញៀវ​បរទេស​​ទៅវិញ ។ បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​អៀង ស៊ីធុល សព្វ​ថ្ងៃនេះ​មិនថា​ល្ខោន​យីកេ​នោះ ទេ គឺគ្រប់​ទម្រង់​នៃ​សិល្បៈ​បុរាណខ្មែរ​ទាំងអស់​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុងការ​បណ្តុះ​បណ្តាល សាប​ព្រួស​ឱ្យ​មាន​ថ្នាល​​ល្អត្រឹម​ត្រូវ។ ក្នុងការ​ហាត់​រៀន​លើ​អាជីព​សិល្បៈ​បុរាណ ដូចជាយីកេ​ជាដើម គឺត្រូវ​ប្រើ​រយៈ​ពេល​យូរណាស់ ដើម្បី​ឱ្យ​ចេះ​ជំនាញ​ពិត​ប្រាកដ ពោលគឺ​មិនមែនត្រឹមតែ​២ ឬ​៣​ខែចេះ​នោះទេ ។ លោក​បញ្ជាក់ថា អ្នក​ហាត់រៀន​យីកេ​ត្រូវប្រើ​ប្រាស់​ទាំង​បច្ចេក​ទេស​សំឡេង ដំណើរ កាយវិការ និង​បែប​បទ​ជាច្រើន​ទៀត ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព