ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ចាស់​ ​សរ សី​ ​ប៉ះ​ពេជ្រ​​ អារុណ​ ​នៅ ​SEATV

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​អាទិត្យ ទី​២៧ កក្កដា​ស្អែក​នេះ កីឡាករ​ជើង​​ចាស់​ពីរ​រូប ​គឺ​កីឡា​ករ​សរ សី ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ និង​កីឡាករពេជ្រ អា​រុណ ​មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន ​នឹង​ត្រូវ​ប៉ះ​គ្នា​ ។ ​ពួក​គេ​ជួប​គ្នា​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEATV) ដើម្បី​រំលេច​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​របស់​កីឡាករ​៤​រូប​ទៀត​​ឱ្យ​​កាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​អាទិត្យ ទី​២៧ កក្កដា​ស្អែក​នេះ កីឡាករ​ជើង​​ចាស់​ពីរ​រូប ​គឺ​កីឡា​ករ​សរ សី ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ និង​កីឡាករពេជ្រ អា​រុណ ​មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន ​នឹង​ត្រូវ​ប៉ះ​គ្នា​ ។ ​ពួក​គេ​ជួប​គ្នា​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEATV) ដើម្បី​រំលេច​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​របស់​កីឡាករ​៤​រូប​ទៀត​​ឱ្យ​​កាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ ។

ជា​ការ​ពិត​ កីឡាករ​ជើង​ខ្លាំង ​និង​ធ្លាប់​ល្បី​ឈ្មោះ​កក្រើក​ក្នុង​ពិភព​ប្រដាល់​ទាំង​ពីរ​រូប​នេះ​ធ្លាប់​ប៉ះ​គ្នា​ច្រើន​លើក​រួច​មក​ហើយ ​ដោយ​មាន​ឈ្នះ​មាន​ចាញ់​ទៅ​វិញ​ទៅ​មក ។ ​រវាង​ពួក​គេ ដ្បិតថា​ ចង់​ហួស​ស៊េរី​បន្តិច​មែន ​ប៉ុន្តែ​នៅ​ខ្លាំង​កម្លាំង​ពេញ និង​មាន​សមត្ថភាព​តតាំង​គ្នាបាន​រស់​រវើក​នៅ​លើ​សង្វៀន​នា​ពេល​កន្លង​មក ទើប​នៅ​តែ​មាន​ការ​ចង់​ឃើញ​ថា​ រវាង សរ សី និង​ ពេជ្រ អា​រុណ ដែល​បាន​បាត់​មុខ​អស់​មួយ​រយៈ និង​វ័យ​ជ្រេ​ដូច​គ្នា តើ​អ្នក​ណា​នឹង​ឈ្នះ​ ។ ប្រសិន​បើ​​ឱ្យ​ទស្សន៍​ទាយ គេ​នឹង​ជ្រើស​យក​កីឡាករ​សរ សី  ដោយ​សារ​តែ​ក្នុង​ពេល​នេះ ​គេ​ហាក់​នៅ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​នៅឡើយ​ ។ ដោយ​ឡែក​ចំពោះ​កីឡាករ​ពេជ្រ អា​រុណ ក៏​នៅ​មាន​អ្នក​រំពឹង​ថា​ នឹង​ឈ្នះ​ច្រើន​នោះ​ដែរ បើ​ទោះ​ជា​គេ​ធ្លាក់ដៃ ហើយ​ឆាប់​ហត់​បន្តិច​ ។ បើ​គិត​ពី​បច្ចេកទេស កីឡាករ​ពេជ្រ អា​រុណ នៅ​មាន​ក្រេ​ឌីត​​ជាង ​។

​អ៊ីចឹង​ហើយទើប​ការ​ប៉ះ​គ្នា​របស់​ពួក​គេ ហាក់​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ច្របូកច្របល់មិន​ដឹង​ថា​ អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​រសៀល​ថ្ងៃអាទិត្យ​នេះ​ ។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកួត​របស់​ពួក​គេ គ្រាន់តែ​ជា​គូ​ឯក​ដើម្បី​រំលេច​ការ​ប្រកួត​តែ​ប៉ុណ្ណោះ​ ។ ផ្ទុយ​ទៅ​វិញ​ គូ​ដែល​ចាប់​អារម្មណ៍ គឺ​កីឡា​ករ​៤​រូប​ដែល​ស្រេក​ឃ្លាន​ម្នាក់​៣​ពិន្ទុ​បន្ថែម  ដើម្បី​ឆ្ពោះ​ទៅ​ប្រកួត​ខ្វែង​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា​ឯណោះ​ទេ ​ទើប​ជា​ការ​ប្រកួត​ដែល​មាន​គេ​ឃ្លាំមើល ​និង​តាម​ដាន​ខ្លាំង​ជាង​ ។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ​កីឡា​ករ​ដែល​ស៊ី​សាច់​ហុត​ឈាម​គ្នា​ទាំង​៤​នោះ​រួម​មាន ​កីឡាករ​យិ​ន បូរិន មក​ពី​ក្លិប​អាស៊ី​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករគួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​មាស ឆៃ​យ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​បាត់ដំបង​ ។ ​ពួក​គេ​ទាំង​៤ នឹង​ប្រកួត​គ្នា​ដណ្ដើម​យក​៣​ពិន្ទុ​បន្ថែម ក្នុង​វគ្គ​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើង​ឯកស្រា​បៀរ​កម្ពុជា ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាមសម្រាប់​ពូ​ល B ។

យិ​ន បូ​រិន និង​ជ័យ វណ្ណៈ​ ពួក​គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ហើយ​មាឌ និង​កម្ពស់​ក៏​ប្រហែល​គ្នា​ដែរ ។ ទោះ​ជា​យ៉ាង​ណា  សម្រាប់​ការ​ជួប​គ្នា​ ពុំ​អាច​សន្និដ្ឋាន​បាន​ទេ​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​នោះ​ឡើយ ហើយ​ពីរ​នាក់​នេះ​ក៏​មិន​អាច​ថា​ អ្នក​ណា​មើល​ស្រាល​អ្នក​ណា​ម្នាក់​បាន​ដែរ ។ ទស្សនិកជន​ហាក់​ទុកចិត្ត​លើ​កីឡាករយិ​ន បូ​រិន ដោយសារ​តែ​គេ​មាន​ក្បាច់​ទាត់​ល្អ ប៉ុន្តែ​ ជ័យ វណ្ណៈ ក៏​មុះ​មុត​ក្នុង​ការ​វាយ​លុក​ផង​ដែរ ទើប​មិន​អាច​មើល​ស្រាល​ ។

មួយគូ​ទៀត កីឡាករ​គួន ប៊ុ​ន​ហ៊ីម និង​មាស ឆៃ​យ៉ា វិញ គឺ​ពួក​គេ​ជា​គូ​លំ​ពិបាក​ទស្សន៍​ទាយ​ ។ គួន ប៊ុ​ន​ហ៊ីម មាន​ប្រៀប​ខាង​ជង្គង់ និង​រហ័ស​ជាង ប៉ុន្តែមាស ឆៃ​យ៉ា ជា​អ្នកលេង​កណ្តាប់ដៃ​ដែល​ពិបាក​មើល​រំលង​ ។ មាស ឆៃ​យ៉ា បើ​កុំ​តែ​បាត់​មុខ​មួយ​រយៈ ប្រហែល​ជា ​គួ​ន ប៊ុ​ន​ហ៊ី​ម  មិន​មែន​​ជា​ដៃគូ​នោះ​ទេ​នា​ពេល​នេះ ។ ក្នុង​ចំណោម​ពួក​គេ​ទាំង​៤​នេះ សុទ្ធតែ​ត្រូវការ​៣​​ពិន្ទុ​ដូច​គ្នា ដ្បិត​បើ​អ្នក​ណា​យ​កបាន​៣​ពិន្ទុ មាន​ន័យ​ថា ឱកាស​ឡើង​របស់​គេ​នឹង​កាន់តែ​ឃើញ​ពន្លឺ​ច្បាស់​ ៕