ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​​ឆេរ​លំនៅ​​ឋាន​​ឈ្មោះ​​ស្ងួន​​ ញឿន​​ ​ប្រពន្ធ​ឈ្មោះ​​អុំ​ សុភី​ សមត្ថ​កិច្ច​ភ្ញាក់​​ខ្លួន​ ព្រោះ​​ឃើញ​​វត្ថុ​តាង​​ដូច​សមរ​ភូមិ​ត្រៀម​ប្រយុទ្ធ​ដ៏ស្រួច​​ស្រាល់​​មួយ​

9 ឆ្នាំ មុន

ខេត្ដ​កំពង់ឆ្នាំង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​លោកព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​កំពង់​ឆ្នាំង​ នៅរសៀល​ថ្ងៃ​ទី​២៣​ កក្កដា​​ បាន​ចូល​ទៅអនុវត្ដ​ដីកា​ឆែក​ឆេរ​លំនៅ​ឋាន​របស់ឈ្មោះ​ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ឈ្មោះ​ អុំ​ សុភី​ ស្ថិត​ក្នុង​ភូមិ​ឡពាង​ ឃុំតាជេស​ ស្រុក​កំពង់​ត្រឡាច​ ដើម្បី​រក​វត្ថុតាង​ អាវុធ​កែច្នៃ​ជាតិ​ផ្ទុះ​ដែល​រក្សាទុក​ក្នុង​លំនៅ​ឋាន​សម្រាប់​ប្រហារ​ ជីវិត​មនុស្ស​ ។

ខេត្ដ​កំពង់ឆ្នាំង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​លោកព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​កំពង់​ឆ្នាំង​ នៅរសៀល​ថ្ងៃ​ទី​២៣​ កក្កដា​​ បាន​ចូល​ទៅអនុវត្ដ​ដីកា​ឆែក​ឆេរ​លំនៅ​ឋាន​របស់ឈ្មោះ​ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ឈ្មោះ​ អុំ​ សុភី​ ស្ថិត​ក្នុង​ភូមិ​ឡពាង​ ឃុំតាជេស​ ស្រុក​កំពង់​ត្រឡាច​ ដើម្បី​រក​វត្ថុតាង​ អាវុធ​កែច្នៃ​ជាតិ​ផ្ទុះ​ដែល​រក្សាទុក​ក្នុង​លំនៅ​ឋាន​សម្រាប់​ប្រហារ​ ជីវិត​មនុស្ស​ ។

អ្វី​ដែល​មានការ​កត់​សម្គាល់​នោះ​ គ​ឺ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​ត្រូវ​បាន​ឈ្មោះ​ ស្ងួន​ ញឿន​ សម្លក់​សម្លឹង​ញេញ​ធ្មេញ​ដាក់​ រួច​បាន​កំណត់​ឱ្យ​ចូល​តែ​ប៉ុន្មាននាក់​ប៉ុណ្ណោះ​ មិន​អាច​ច្រើន​នាក់​បាន​ទេ​ បន្ទាប់​ពី​សមត្ថកិច្ច​ឈរ​រង់​ចាំ​រាប់​ម៉ោង​ ព្រោះខ្លាច​មាន​ការ​ចាប់​ខ្លួន​ណា​មួយ​ពី​សមត្ថកិច្ច​ លើ​ក្រុម​អ្នក​តវ៉ា​ដែល​កំពុង​ដេក​រួម​គ្នា​ជា​ក្រុម​ ជា​កង​ មាន​ស្បៀង​អាហារ​គ្រប់​គ្រាន់​សម្រាប់​រយៈ​ពេល​ដេក​ស៊ី​ជុះ​ច្រើនខែ​ ។ លោក​ សេង​ ម៉េងស្រ៊ុន​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​ មាន​ប្រសាសន៍​ទៅ​កាន់​មេខ្លោង​ និង​ក្រុមអ្នក​ដេក​ស៊ី​ចាំ​តវ៉ា​ទាំង​នោះថា​ លោក​មក​នេះ​មិន​មែនមក​ចាប់​ខ្លួននរណា​ម្នាក់​ទេ​នៅ​ពេល​នេះ​ ប៉ុន្ដែ​លោក​មក​នេះ​គឺ​មក​អនុវត្ដ​ដីកា​ឆែក​ឆេរ​របស់សាលា​ដំបូង​ខេត្ដ​ដើម្បី​រក​វត្ថុតាង​មាន​អាវុធ​កែច្នៃ​ជា​ដើម​ ។

លោក​បាន​បញ្ជាក់​ថា​ ថ្វើ​បើ​ពេល​នេះ​មិនចាប់​ខ្លួន​បងប្អូន​ពិត​មែន​ ប៉ុន្ដែ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ បងប្អូន​ធ្វើ​ខុស​ លោក​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ កុំថា​មិន​បាន​ជួយ​ប្រាប់​មុន។ ក្រោយ​ពី​មាន​ការ​ឆែក​ឆេរ​ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ដប​ដាក់ប្រេង​សាំង​មាន​ឆ្នុក​ធ្វើ​ប្រឆេះ​សម្រាប់​ដុត​គប់ ជា​អាវុធ​រាប់សិប​ដប​ មាន​ព្រួញ​មួយ​បាច់ធំ​​ ចំពាមកៅស៊ូ​ និង​គ្រាប់​ដែកជា​ច្រើន​ថង់​ ចំណែក​កាំភ្លើង​អាកា​ច្នៃ​ ធ្នូ​ ស្នា​ និង​គ្រាប់​បោក​ផ្ទុះ​ច្នៃ​ប្រហែល​សង្ស័យ​លាក់​ទុក​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ​ ។​ ក្រៅពី​នេះ​ នៅក្នុងព្រៃ​ និង​តាម​របង​ជុំវិញ​បរិវេណ​ដីភូមិ​របស់​ឈ្មោះ​ ស្ងួន​ ញឿន​ មាន​សុទ្ធ​តែ​ចម្រូង​ធ្វើ​ពី​ឫស្សី​ ព្រម​ទាំង​មាន​ខ្សែ​លួស​សម្រាប់ដាក់​ចរន្ដ​អគ្គិសនី​ឱ្យ​ឆក់​ទៀត​ផង​ ។​

បន្ទាប់​មក​ លោកព្រះ​រាជ​អាជ្ញា​រង​បាន​សុំ​ដក​សម្ភារ​នោះ​បាន​តែ​មួ​យចំនួន​ នៅសល់​មួ​យចំនួន​ទៀត​ពួក​ក្រុម​អ្នក​តវ៉ា​នោះ​មិន​ឱ្យ​ឡើយ​ ដោយ​​ទាម​ទារ​ និង​តវ៉ា​ថា ទុក​​ការពារ​ខ្លួន​ ដែល​ពួកគេ​អត់​គិត​​ថា​ របស់​អស់​ទាំង​នេះ​ទុក​សម្រាប់​ទាញ​ខ្លួន​ឯង​ឱ្យ​ចូល​គុកឡើយ​សង្ស័យ​មិន​យូរ​ទេ​​។​ មន្ដ្រី​នគរបាល​ខេត្ត​មួយ​រូប​បាន​ចូល​ដល់​ក្នុងបរិវេណ​ផ្ទះ​របស់​ឈ្មោះ​ ​ស្ងួន​ ញឿន​ ប្រពន្ធ​ឈ្មោះ អុំ​ សុភី ដែល​ជាមេ​ខ្លោង​ប្រមូល​ផ្តុំ​មនុស្ស​ក្នុងការប្រើ​អំពើ​​ហិង្សា​​ចូល​វាយ​របង​របស់​ក្រុម​ហ៊ុន​ K.D.C កាល​ពី​ថ្ងៃទី​១៧​ កក្កដា​ ២០១៤ កន្លង​ទៅ​ បណ្តាលឱ្យ​កម្មករ​របស់​ក្រុ​មហុ៊ន​របួស​ជាង​១០​នាក់ និង​របង​របស់​ក្រុ​ម​​ហ៊ុន​​កំពុង​សាង​សង់​បាន​ខូចខាត​ធ្លុះ​ធ្លាយ​ជា​ច្រើន​កន្លែង​បាន​និយាយ​លាន់​មាត់​ថា​ ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​​ក្នុង​បរិវេណ​ផ្ទះ​ឈ្មោះ ស្ងួន​ ញឿន​ មាន​មនុស្ស​ចាំ​ដេក​ស៊ី និង​ប្រើ​អំពើ​ហិង្សា​ចំនួន​៤១​នាក់ ​មាន​ខ្លះ​ដេក​ក្នុង​អង្រឹង​ក្រោម​តង់​កៅស៊ូ​ ក្រោម​ដើម​ឈើ​ មាន​ស្បៀង​អាហារ​ដូច​ទាហាន​នៅ​ក្នុង​​​សមរភូមិ ។ មន្ត្រីរូប​នោះ​បាន​ពណ៌នា​ថា  ពេល​ត្រូវបាន​ក្រុម​អ្នក​តវ៉ា​នោះ​អនុញ្ញាត​ឱ្យ​ចូល​​ក្នុង​ភូមិ​ ហើយ​​គាត់​មាន​ភារកិច្ច​ការពារ​លោក​ព្រះ​រាជ​អាជ្ញា​រង​ ពេល​ចូល​អនុវត្ត​ដីកា​ឆែក​ឆេរ​នោះ ។

លោក​ថា​ ដំបូង​ក្រុម​អ្នក​យាម​មាត់​ច្រក​ចូល​ដែល​មាន​របង​បន្លា​ឫស្សី​បាន​អនុ​ញ្ញាត​ឱ្យ​មន្ត្រី​នគរ​បាល​តែ​៤-៥​នាក់​ និង​មន្ត្រី​តុលា​ការ​តែ​២​នាក់​ប៉ុណ្ណោះ​ចូល​ទៅ​ ។ ក្រោយ​មក​ សមត្ថ​កិច្ច​បាន​សុំ​បន្ថែម​គ្នា​ប្រហែល​មិន​លើស​ពី​១០​នាក់​ចូល​ទៅ​ ។ គ្រាន់​តែ​ឆ្លង​ទ្វារ​របង​ភ្លាម​ គាត់​បាន​ឃើញ​នៅ​សង​ខាង​ផ្លូវ​ដើរ​មាន​ចម្រូង​ឫស្សី​ច្រូង​ច្រាង​​តាម​របង​ និង​ក្នុង​ព្រៃ​ក្បែរៗ​ផ្លូវ​ ។ ចំណែក​នៅ​គុម្ព​ឫស្សី​ខាង​ស្តាំ​ដៃ​គាត់​បាន​ឃើញ​ដប​ច្រក​សាំង​ជា​ច្រើន​ដប​ដាក់​ទុក​ទី​នោះ​ ។​ ដប​សាំង​នេះ​ហើយ​ដែល​ ស្ងួន​ ញឿន​ ប្រើ​គប់​លើ​សមត្ថ​កិច្ច​ពេល​ធ្វើ​បាតុ​កម្ម​តវា៉​ ឆេះ​ខូច​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​កន្លែង​ ។ ពេល​ចូល​ឆែក​ឆេរ​ក្នុង​​ផ្ទះ​ឈ្មោះ​ ស្ងួន​ ញឿន​ គាត់​បាន​ឃើញ​អង្ករ​ជា​ច្រើន​បាវ​ប្រហែល​ជា​ង​១​តោន​រួម​នឹង​ស្បៀង​មួយ​ចំនួន​ទៀត​សម្រាប់​មនុស្ស​ជា​ច្រើន​នាក់​ដេក​ស៊ី​ធ្វើ​បាតុ​កម្ម​ដូច​ជា​ត្រី​ខ​កំប៉ុង​ទាំង​កេស​ៗ ។ លុះ​ចេញ​ផុត​មក​ដល់​ក្រោយ​ផ្ទះ​ គាត់​ឃើញ​មាន​រោង​ មាន​តង់ និង​អង្រឹង​សម្រាប់​អ្នក​ដេក​ស៊ី​ជា​ច្រើន​ ចង​នៅ​ស្អេកស្កះ​ពេញទី​នោះ​ ។ ​ចំណែក​នៅ​ខាងស្តាំ​ដៃ​មាន​រោង​ចង​គ្រប​ដោយ​តង់ គឺជា​រោង​ដាំបាយ​​ដោយ​ខ្ទះ​​ត្នោត​កំពុង​ពុះ និង​មាន​មនុស្ស​៣-៤​នាក់​នៅ​ទីនោះ​កំពុង​ធ្វើ​ម្ហូប​ដូច​ធ្វើ​បុណ្យ​ ។​

រីឯ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ទ្រុង​ដាក់​មាន់​​រាប់​សិប​ក្បាល​កំពុង​ស្រែករ​ញៀវ​ពេញ​ទ្រុង ។ មន្ត្រី​រូប​នោះបាន​និយាយ​ថា​ ដល់​បាន​មក​ឃើញ​ម្តង​ ដែល​ពី​មុន​មក​ពុំដែល​បាន​ចូល​សោះ ទើប​ដឹង​ថា​នៅ​ទីនោះ​ប្រៀប​​ដូច​​សមរភូមិ​ផ្តាច់ខ្លួន​​ណាមួយ​ របស់​ទាហាន​ព្រៃ​ដូឆ្នោះ​ដែរ ព្រោះ​មាន​អង្ករ ស្បៀង មានអាវុធ និង​របង​ការពារ​យ៉ាង​មុតមាំ​ណាស់ ដូច​មាន​អ្នកដឹកនាំ​ច្បាស់លាស់​ ដោយ​មិន​បាច់​​​ទៅ​ធ្វើ​​ការ​រក​ស៊ី​ទេ​​ គឺ​ដេក​ស៊ី​ម៉ា​សេរី​​ ហើយ​បើ​ហៅ​តំបន់​អប្ប​គម​ន៍ ក៏​មិន​ខុស​ដែរ​ព្រោះ​មិន​ដែល​មាន​អាជ្ញាធរ​ភូមិ​-ឃុំ នគរបាល​​មូលដ្ឋាន​ណា​ម្នាក់​ចូល​បាន​ឡើយ ។ ទោះ​ចង់​លាក់​អាវុធ​ជាតិ​ផ្ទុះ​ក្នុង​នោះ​ ក៏​គ្មាន​អ្នក​ណា​ដឹង​​ដែរ​ ។

ជាក់​ស្តែង​ដូច​ថ្ងៃនេះ​ មក​សុំ​ឆែកឆេរ​រកអាវុធ​ជាតិ​ផ្ទុះ គឺ​ចាំតែ​ពួក​នេះ​ល្ងង់​ ​ព្រម​ឱ្យ​ឆែក​ឃើញ​តើ ! ពួក​​គេ​​នេះ​មិន​ល្ងង់​ដល់​ម្លឹ​ង​ពេក​ទេ គ្រាន់តែ​សុំ​ចូលឆែក​ឆេរ​ត្រូវ​រង់ចាំ​រាប់​ម៉ោង​ទម្រាំពួក​​គេ​អនុញ្ញាត​ ព្រៃ​ស្រោង​​ពេញ​ភូមិ ចង់​លាក់​ត្រង់​ណា​ក៏​បាន​ដែរ រក​​មិនឃើញ​ទេ​ ។ ម៉្យាង​ទៀត​​​ ស្ងួន ញឿន​ ត្រូវ​​​អ្នក​ភូមិ​និយាយ​ថា​​ មាន​មេ​ប៉ូលិស​ស្រុក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​សាច់​ញាតិ​ ម្លោ៉​ះ​ហើយ​ខាង​ខេត្ត​​ធ្វើ​អ្វី​​​ ក៏​ឈ្មោះ ស្ងួន ញឿន​​ ដឹង​ទាំង​អស់​​ ។
​មន្ត្រី​នគរបាល​មួយ​រូប​ដែល​ជួប​ឈ្មោះ ស្ងួន ញឿ​ន ផ្ទាល់​បាន​ព្យាយាម​អប់រំ​ណែនាំ​ថា សូម​កុំបន្ត​ធ្វើ​មេដឹកនាំ​តវ៉ា​​ទាំង​ខុស​ច្បាប់​ទៀត​ទៅ ដូច​ប្អូន​ឯង​ឈ្មោះ ស្ងូ​ន ញៀន ហៅ​រាជ សីម៉ា គេ​ប្រកាស​ផ្តាច់ខ្លួន​ពី​ការតវ៉ា​នេះ​ ហើយ​ឥឡូវ​គាត់​ទទួល​បាន​ប្រាក់​គោលនយោបាយ​ពី​ក្រុម​ហ៊ុន យក​មក​ទិញ​ម៉ាស៊ីន​គោ​យន្ត និង​ទិញ​ម៉ូតូ​ជិះ​​ ​គេ​មាន​សេរីភាព​គ្រប់​បែប​យ៉ាង ហើយ​បើ​ញឿន ឯង​នៅ​តែ​បន្ត​ការ​តវ៉ា​ទៀត​ក៏​ឃើញ​ថា​ដំណាក់​កាល​នេះ​វា​អត់​ប្រ​យោ​ជ​ន៍​​ទេ រស់​ដូច​ក្នុង​ទ្រុង​ ត្រូវ​​បាន​កំណត់​ដី​ដើរ​ដោយ​ខ្លួនឯង​មិន​ហ៊ាន​ចេញក្រៅ​ខ្លាច​គេ​ចាប់ រស់​ចាំតែ​អង្គការសិទ្ធិ​មនុស្ស​ ចាំតែ​គណបក្សប្រឆាំង​ដឹក​ស្បៀង​មក​ឱ្យ​ស៊ី គ្មាន​សេរីភាព​ តើប្រឹង​តស៊ូ​​រស់​នៅ​ក្រៅ​ច្បាប់​ដល់​ណា​ទៀត ។

ឈ្មោះ​ស្ងួន ញឿ​ន បាន​និយាយ​ថា​ មក​ពី​ក្រុមហ៊ុន​ឱ្យ​ប្រាក់​តិច​ពេក ចែកគ្នា​មិន​គ្រប់​ ព្រោះ​ចែក​ឱ្យ​មេ​ខាង​លើ​ដែរ​ ។ ក្រោយ​មក​ថា ខ្ញុំ​ជា​ប្រធាន​សហ​គម​ន៍​ផង​ចេញ​ម៉េច​បាន​ ព្រោះ​កន្លង​មក​ មាន​អង្គ​ការ​ឱ្យ​ខ្ញុំ​ដឹកនាំ​អ្នកតវ៉ា ដោយ​ផ្តល់​ស្បៀងអាហារ​ ឱ្យ​ប្រាក់​សម្រាប់​ចិញ្ចឹម​ខ្លួន ​ខ្ញុំ​ធ្វើ​ការ​ឱ្យ​គេ​ ដក​ខ្លួន​លែង​បាន​ហើយ ​បើ​ដោះ​ស្រាយ​ត្រូវ​តែ​ក្រុមហ៊ុន​ដោះ​ទាំងអស់​គ្នា។​ ពេល​នោះ​ អ្នក​ជួយ​ណែ​នាំ​​បាន​តប​វិញ​ថា​ «​ដោះ​ទាំង​អស់​គ្នា​ តែ​​ដោះ​សម្រាប់​​តែ​អ្នក​ភូមិ​ឡ​ពាង​ ដែល​សល់​តែ១៥​គ្រួសារ​ប៉ុណ្ណោះ ព្រោះ​ក្រុម​ហ៊ុន​នៅ​មាន​ឆន្ទៈ​យោគ​យល់​​នៅឡើយ​ តែ​សម្រាប់​អ្នក​ភូមិ​បឹង​កក់​និង​ភូមិ​​ដទៃ​ទៀត​​​ដែល​ទើប​ចេញមក​តវ៉ា​ថ្មី​ ខណៈ​ឃើញ​​គេ​បាន​មក​ចង់បាន​ដែរ​គឺ​មិន​បាន​ឡើយ​»​ ។

មុន​ពេល​បែក​គ្នា ឈ្មោះ​ ស្ងួន ញឿន បាន​និយាយ​ថា ចាំ​គិត​មើល​សិន ។ ​អ្នក​ភូមិ​ឡ​ពាងមួយក្រុម​ ដែល​មិន​កាន់ជើង​ក្រុម​អ្នក​ខូច​ទាំងនោះ​បាន​និយាយ​ថា​ សព្វថ្ងៃ​ក្រុម​អ្នក​តវ៉ា​មួយក្តាប់​តូច ដែល​កំពុង​រស់នៅ​សម្ងំ​ពួន​ផ្តុំ​គ្នា​ក្នុងផ្ទះ​ឈ្មោះ​ ស្ងួន​ ញឿ​ន​ និង​ប្រពន្ធ​ឈ្មោះ អុំ​ សុភី នេះ​បាន​អង្គការ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​គណ​បក្ស​ប្រឆាំង​មួយ​ផ្តល់​ស្បៀង​អាហារ​សម្រាប់​ប្រឹងប្រែង​តវ៉ា​ដោយ​មិនបាច់​ប្រឹង​រកស៊ី​អី​ទេ​ ដេក​ស៊ី​ទៅ បើកភ្នែក​ឡើងរ​កវី​ធី​តវ៉ា មិន​ខ្វល់​អត់បាយ​ហូប​ដូច​ពួក​គាត់ ដែល​បើកភ្នែក​ឡើង​ ប្តី​ដោយ​ប្តី ប្រ​ព​ន្ធ​ដោយ​ប្រ​ព​ន្ធ​ កូន​ទៅ​ធ្វើ​ការ​រោងចក្រ​ប្រឹង​​ដើម្បី​រស់​​នោះ​ទេ ។ ពួក​គាត់​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ គាត់​ខឹង​​ពួក​អ្នក​តវ៉ា​ខ្លាំង​ណាស់ ធ្វើ​ឱ្យ​ដំណើរការអភិវឌ្ឍ​​របស់​ក្រុមហ៊ុន​មានការ​រាំងស្ទះ​ ព្រោះតែ​ជន​មួយ​ក្តាប់​តូច២០-៣០​នាក់​ ។​ តែ​សម្រាប់​ប្រជាពលរដ្ឋនៅ​តំបន់​នោះ គេ​ចង់​ឱ្យ​មានការ​អភិវ​ឌ្ឍ​​ឱ្យ​បាន​ឆាប់​ ព្រោះ​ប្រជា​ពល​រដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​មាន​ចំនួន​​១៨​ភូមិ កំពុង​​រង់ចាំ​ចូល​​បម្រើ​ការងារ​ដែល​នឹងត្រូវការ​​មនុស្ស​ជាង​២​ម៉ឺន​នាក់​សម្រាប់​ចូល​ធ្វើ​ការ​ ។

​មន្ត្រី​អនុវត្ត​ច្បាប់​បាន​និយាយ​ថា បន្ទាប់​ពី​ចាប់​មេ​​ខ្លោង​២​នាក់​ដាក់​ព​ន្ធ​នាគារ​ពី​បទ​ប្រើ​អំពើ​ហិង្សា​និង​បំផ្លាញ​ទ្រ​ព្យ​សម្បត្តិ​អ្នក​ដទៃ​ កាលពី​ថ្មីៗ​​កន្លង​ទៅ​នេះ នៅ​សល់​មនុស្ស​មួយ​ចំនួន​​ទៀត​ ដែល​នៅ​ក្នុង​អំពើ​​ហិង្សា​នោះ​​ដែរ​​នឹង​ត្រូវ​ចាប់ខ្លួន​បន្ត​ទៀត ព្រោះ​មេខ្លោង​​២​នាក់​ដែល​ចាប់​ខ្លួន​នោះ​បាន​សារ​ភាព​​ប្រាប់​ពី​ឈ្មោះគូកនអស់​ហើយ។ ២​នាក់​​​​​នោះ​​បាន​តវ៉ា​ថា​​ បើ​ឱ្យ​តែ​ខ្លួន​២​នាក់​ជាប់​គុក​បែប​នេះ​​ ​គឺ​​មិន​យុត្តិ​ធម៌​ទេ​​ ចុះ​មេ​ខ្លោង​ ស្ងួន​ ញឿន​ ដែល​ញុះញង់​គាត់​ឱ្យ​ធ្វើ​មេ​ដែរ​ ម៉េច​មិន​ចាប់​ផង ? ៕