ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​បែក​យក្ស​បន្សល់​ទុកដោយ​យន្តហោះ​ B-52 បាន​ផុសឡើង​ជាបន្ត​បន្ទាប់ក្នុង​ភូមិសាស្រ្ត​ស្រុក​កៀន​ស្វាយ

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ គ្រាប់​បែក​យក្ស​ប្រភេទ MK82 មាន​ទម្ងន់​ជាង​២០០​គីឡូ​ក្រាម​ ដែល​បន្សល់​ទុក​តាំង​ពី​សម័យសង្គ្រាម​ក្នុង​​ទសវត្ស​ឆ្នាំ​៧០ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​មាត់​ទន្លេ​មេគង្គ​ ខណៈ​ពេល​ដី​មាត់​ច្រាំង​បាក់​ស្រុត​ជម្រៅ​ជិត​៤​ម៉ែត្រ​ កាលពីរសៀល​ថ្ងៃទី​២៣​ កក្កដា​ ស្ថិត​ក្នុងភូមិ​បឹង​កណ្តាល​ ឃុំ​ខ្ពប​អាទាវ ​ស្រុក​លើកដែក​ ។​​

ខេត្ត​កណ្តាល​​ ៖ គ្រាប់​បែក​យក្ស​ប្រភេទ MK82 មាន​ទម្ងន់​ជាង​២០០​គីឡូ​ក្រាម​ ដែល​បន្សល់​ទុក​តាំង​ពី​សម័យសង្គ្រាម​ក្នុង​​ទសវត្ស​ឆ្នាំ​៧០ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​មាត់​ទន្លេ​មេគង្គ​ ខណៈ​ពេល​ដី​មាត់​ច្រាំង​បាក់​ស្រុត​ជម្រៅ​ជិត​៤​ម៉ែត្រ​ កាលពីរសៀល​ថ្ងៃទី​២៣​ កក្កដា​ ស្ថិត​ក្នុងភូមិ​បឹង​កណ្តាល​ ឃុំ​ខ្ពប​អាទាវ ​ស្រុក​លើកដែក​ ។​​

បន្ទាប់​ពី​ប្រទះឃើញ​គ្រាប់​​នេះ​​ភ្លាម​ ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ទៅសមត្ថ​​កិច្ច​មូ​លដ្ឋាន​ ហើយ​សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​រាយ​ការណ៍​បន្ត​ប្រាប់​​មន្ត្រី​ជំនាញ​ខេត្ត​ ទាក់​ទង​ទៅ​មន្ត្រី​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដើម្បី​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ។​ មន្ត្រី​ជំនាញ​និយាយ​ថា​ គ្រាប់​នេះ​គឺ​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពី​​យន្ត​ហោះ​ក្នុង​សម័យ​សង្គ្រាម​ទសវត្ស​ឆ្នាំ​១៩៧០​ ធុន​ MK82 មាន​ទម្ងន់​២៤១​​គីឡូ​ក្រាម​ ប្រវែង​១,៥៦​ម៉ែត្រ​ មាន​មុខ​កាត់​២៧៤​មីលី្ល​ម៉ែត្រ​ ហើយ​នៅ​មាន​គុណ​ភាព​នៅ​ឡើយ ។​ ក្រោយ​ពី​ពិនិត្យ​រួច​រាល់​ហើយ​នោះ​ គ្រាប់​ MK82 នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ដឹក​​យក​ទៅ​រក្សា​ទុក​នៅ​អង្គការ​ហ្គោល​ឌិន​វ៉េស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ។​

សូម​រំឭក​ថា កាលពី​ថ្ងៃទី​៥ កក្កដា​ កន្លង​មក គ្រាប់​បែក​ប្រភេទ​ដូចគ្នា​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​បាត​បឹង​ក្រសាំង​ ដែល​មានភូមិ​សាស្ត្រ​ក្នុង​ឃុំ​ឈើ​ទាល​ ស្រុក​កៀន​ស្វាយ​ ខណៈ​ក្រុម​កម្មករ​ជីក​ដី​ក្នុង​ការដ្ឋាន​របស់​ខ្លួន ។ គ្រាប់បែក​យក្ស​នោះ​ ត្រូវបាន​មន្ត្រី​ស៊ីម៉ាក់​ចុះ​ទៅ​ពិនិត្យ​ដល់​​ទីកន្លែង​ ហើយ​សម្រេច​​អារ​ផ្តាច់​ជាពីរ​ រួចដឹក​ទៅ​កាន់​មូលដ្ឋាន​របស់​ស៊ី​ម៉ាក់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ កាល​ពី​ថ្ងៃទី​៩​ កក្កដា​ ផង​ដែរ ។​ មន្ត្រី​នគរបាល​ស្រុក​កៀន​ស្វាយ​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ប្រទះឃើញ​​​​​គ្រាប់​បែក​ដ៏​ធំ​នេះ​ ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ ហើយ​នៅ​ថ្ងៃទី​៨​ កក្កដា​​ កម្លាំងរបស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ សហ​ការ​ជាមួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ ​បាន​យក​គ្រឿង​ចក្រ​ស្ទូច​ចេញ​​ពី​កន្លែង​​ប្រទះ​ឃើញ​ទាំង​​ប្រថុយប្រថាន​ ដោយ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​សម្រាប់​ឱ្យ​មន្ត្រី​អង្គការ​​ស៊ីម៉ាក់​ចាត់​ការ​បន្ត​តាម​ជំនាញ​ ។​

តាម​មន្ត្រី​ស៊ីម៉ាក់ឱ្យ​ដឹងថា​ គ្រាប់បែក​ប្រភេទ MK82 នេះ ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពី​លើ​យន្ត​ហោះ​ B52 ក្នុង​សម័យសង្គ្រាម​​ទសវត្ស​ឆ្នាំ​៧០ ។​ គ្រាប់​នេះ​នឹង​បង្ក​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​ ប្រសិន​បើ​រក្សា​ហើយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ ។​ ការ​អារ​​ផ្តាច់​ជា​ពីរ​នេះ​ គឺ​ផ្អែក​លើ​ការសិក្សាពី​គ្រាប់​ប្រភេទ​នេះ​ជា​មុន​ និង​បាន​អារ​ដោយ​បញ្ចៀស​ពីគន្លឹះ​​គ្រាប់បែក​នេះ ។​ ​មូល​ហេតុ​បាន​ជា​ត្រូវ​អារផ្តាច់​ជា​ពីរ​ ដោយសារ​តែ​មិន​អាច​​រក្សា​សុវត្ថិ​ភាព​បាន​ បើ​សិន​ជា​គ្រាប់​នេះ​នៅ​ទាំង​មូល​នោះ ។​

​ក្នុង​សម័យ​សង្គ្រាម​នា​ដើម​ទសវត្ស​ឆ្នាំ​៧០​ ភូមិ​សាស្ត្រ​ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក​ បាន​ទទួល​រង​នូវ​ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្ត​ហោះ​យក្ស​ B52 របស់​អាមេរិក​រាប់​តោន​នៅ​ក្នុង​ឆ្នាំ​១៩៧៣​ ធ្វើ​ឱ្យ​ដី​ក្នុង​តំបន់​នោះ​មាន​ស្ថាន​ភាព​​ដូច​រន្ធ​បាយ​ខុំ ។​ ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់​បែក​យក្ស​​ទាំង​នោះ ក៏​មាន​គ្រាប់​ខ្លះមិន​​ផ្ទុះ​​ដែរ ទើប​មាន​ការ​ប្រទះ​ឃើញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ​ ៕​