រាជធានីភ្នំពេញ ៖ ជញ្ជាំងអគាររោងចក្រដែលគេកំពុងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានដួលរលំរាបដល់ដី នៅក្នុងខណៈពេលដែលកំពុងធ្លាក់ភ្លៀងលាយទ្បំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២២ កក្កដា ប៉ុន្តែជាសំណាងល្អមិនបានបណ្តាលឱ្យមានកម្មករសំណង់ណាម្នាក់រងរបួស ឬក៏ស្លាប់នោះទ្បើយ ។
ហេតុការណ៍នេះ បានកើតទ្បើងដោយការធ្វេសប្រហែស និងមានការស្តីបន្ទោសថា សាងសង់គ្មានបច្ចេកទេសរបស់ក្រុមអ្នកម៉ៅការសាងសង់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជញ្ជាំងអគាររោងចក្រដែលបានបាក់រលំខាងលើនេះ កំពុងសាងសង់មិនទាន់ប្រក់ដំបូលនៅទ្បើយទេ ទើបតែរៀបបានជញ្ជាំងជុំវិញតែប៉ុណ្ណោះ ហើយមិនមាននរណាអះអាងថា វាមានទំហំទទឹងប៉ុន្មានម៉ែត្រ និងបណ្តោយប៉ុន្មានម៉ែត្រនោះទ្បើយ ។ ប៉ុន្តែជញ្ជាំងដែលបាក់នោះ មានប្រវែងប្រហែល៣០ម៉ែត្រ និងកម្ពស់ប្រហែល៥ម៉ែត្រសាងសង់ពីឥដ្ឋមិនទាន់បានបូកឬបៀកស៊ីម៉ងត៍ឱ្យបានស្អាតនៅទ្បើយទេ ។
ក្រោយពេលកើតហេតុ គេបានយកគ្រឿងចក្រទៅកាយកម្ទេចកម្ទីរ ដែលបាក់នៅរាយប៉ោយនោះចេញទាំងយប់ផងដែរ ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ មានកម្មករសំណង់ជាច្រើននាក់បាននាំគ្នាធ្វើការសាងសង់អគារនោះ ដោយអ្នកខ្លះបានទ្បើងលើរន្ទា និងខ្លះទៀតបានធ្វើការនៅខាងក្រោមយ៉ាងសកម្មតាមបញ្ជារបស់មេការនិងមេជាងរបស់ខ្លួន ។ ខណៈនោះមេឃបានចាប់ផ្តើមងងឹត ហើយមិនយូរប៉ុន្មានភ្លៀងក៏បានចាប់ផ្តើមធ្លាក់ដោយមានលាយទ្បំជាមួយនិងខ្យល់បក់បោកមកយ៉ាងខ្លាំងថែមទៀតផង ។ បន្ទាប់ពីបានឃើញស្ថានភាពមិនសូវល្អ មេការនិងមេជាងបានឱ្យកម្មករឈប់សម្រាកសិន ដោយបានឱ្យពួកគេចាកចេញពីទីនោះទាំងអស់គ្នា ដើម្បីរកកន្លែងមានសុវត្ថិភាពជ្រកភ្លៀង ។ ពេលនោះគ្រាន់តែកម្មករចាកចេញអស់តែបន្តិច ស្រាប់តែជញ្ជាំងអគារសំណង់រោងចក្រនោះ បានរលំបាក់ទាំងផ្ទាំងតែម្តង ។
ទិដ្ឋភាពនោះ បានធ្វើឱ្យកម្មករសំណង់ទាំងនេះ មានការភិតភ័យព្រលឹងចុងសក់ញាក់សាច់គ្រប់ៗគ្នា ។ ដោយទ្បែក អ្នកឃើញហេតុការណ៍បាននិយាយថា ការសាងសង់នោះធ្វើទ្បើងខុសបច្ចេកទេស ទើបបណ្តាលឱ្យបាក់រលំបែបនេះ ។ ចាត់ថា សំណាងល្អហើយដែលគ្មានគ្រោះថ្នាក់ដល់កម្មករ ហើយម៉្យាងបានរលំក្នុងពេលកំពុងសាងសង់ ចុះប្រសិនបើសាងសង់រួចមានកម្មករ ចូលបម្រើការងារក្នុងនោះហើយបាក់វិញនោះ តើនឹងមានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះ ?
ចែករំលែកព័តមាននេះ