ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​​​មិន​លែង​​ស៊ូលែង​​​ប្រពន្ធ​​ ក្លាយ​​ជា​អ្នក​​​​ទោសព្រោះ​​ស្នេហ៍​ស្រី​​ក្មេង​

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ស្ត្រី​ម្នាក់​​បាន​ដឹក​ដៃ​កូន​តូច​​​របស់​​ខ្លួន​​ទៅ​ដាក់​ពាក្យ​​បណ្តឹង​នៅ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ដោយ​​ប្តឹង​ចោទ​បុរស​ជា​ប្តី​​ថា ​បាន​ពង្រត់​នារី​វ័យ​ក្មេង​ម្នាក់​ទៅ​​រស់​​នៅ​​រួម​ស្នេហ៍​យ៉ាង​មាន​ក្តី​សុខ​នៅ​ក្នុង​ភូមិ​ស្រែ​សាមី ​ឃុំ​តា​ឡាត ​ស្រុ​ក​សេ​សាន ។ ពេល​ទទួល​បាន​ព័ត៌​មាន​នេះ ​នគរ​បាល​ក៏​​បាន​​ឃាត់​ខ្លួន​បុរស​ជា​ប្តី​ជា​មួយ​​នារី​វ័យ​ក្មេង​នោះ​នាំមក​ស្នងការ​ដ្ឋាន​នគរ​បាលខេត្ត ។

ខេត្ត​ស្ទឹង​ត្រែង​ ៖ស្ត្រី​ម្នាក់​​បាន​ដឹក​ដៃ​កូន​តូច​​​របស់​​ខ្លួន​​ទៅ​ដាក់​ពាក្យ​​បណ្តឹង​នៅ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ ដោយ​​ប្តឹង​ចោទ​បុរស​ជា​ប្តី​​ថា ​បាន​ពង្រត់​នារី​វ័យ​ក្មេង​ម្នាក់​ទៅ​​រស់​​នៅ​​រួម​ស្នេហ៍​យ៉ាង​មាន​ក្តី​សុខ​នៅ​ក្នុង​ភូមិ​ស្រែ​សាមី ​ឃុំ​តា​ឡាត ​ស្រុ​ក​សេ​សាន ។ ពេល​ទទួល​បាន​ព័ត៌​មាន​នេះ ​នគរ​បាល​ក៏​​បាន​​ឃាត់​ខ្លួន​បុរស​ជា​ប្តី​ជា​មួយ​​នារី​វ័យ​ក្មេង​នោះ​នាំមក​ស្នងការ​ដ្ឋាន​នគរ​បាលខេត្ត ។

​ស្ត្រី​ជា​​ប្រពន្ធ​​បាន​​រៀប​រាប់​​ថា ​គាត់​​ឈ្មោះ​​ភុំ ​សាវ៉ាន់ ​អាយុ​៤៨​ឆ្នាំ ​​ជាជន​ជាតិ​ព្នង​​​បាន​​រៀប​ការ​​ស្រប​ច្បាប់​ជាមួយ​បុរស​ជា​ប្តី​​ឈ្មោះ​កែ សាវ៉ាត ​អាយុ​៣៩​ឆ្នាំ ​កាល​ពីឆ្នាំ​១៩៩៨ ​។ ​ការរួម​រស់​ជាមួយ​គ្នា​​ជា​ប្តី​-ប្រពន្ធ​អស់​រយៈ​ពេល​១៦​ឆ្នាំ​​មក​ មាន​កូន​​៤​នាក់​ ​កូន​ប្រុស​ច្បង​ ​បច្ចុប្បន្ន​​​អាយុ​១៦​ឆ្នាំ ​និង​កូន​ស្រី​តូច​អាយុ​៤​ឆ្នាំ ​។ ស្ត្រី​ជា​ប្រពន្ធ​និងជា​​ដើមបណ្តឹង​បន្ត​ថា​ ក្នុង​ការ​រួម​រស់​​ជាមួយគ្នា​​ មិន​ដែល​មាន​បញ្ហា​អ្វី​​​ទេ ​តែ​​​នៅ​​ថ្ងៃ​ទី​២៣ មករា ​២០១៤​ ​​ស្រាប់​តែ​​ប្តី​របស់​គាត់​​ចុះ​ចេញ​ពី​ផ្ទះ​ដោយ​នាំ​ស្រី្ត​ម្នាក់​ឈ្មោះ​ញុង ​សុខា ​​ហៅ​ស្រី ​អិត ​អាយុ​២៣​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​​សង្គម ​ឃុំ​សណ្តាន់ ​​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​​ ជា​មួយ​គ្នា​ទៅបាត់​សូន​្យ​ឈឹង ។ ​

ក្រោយ​មក​ក៏​ទទួល​ដំណឹង​ពី​អ្នក​ស្រុក​ភូមិ​ជា​មួយគ្នា​ប្រាប់​​ថា ​​គេ​​បាន​ឃើញ​​ប្តី​គាត់​រស់​នៅ​ជាមួយ​នារី​នោះ​​នៅ​​ក្នុង​ភូមិ​​ស្រែ​សាមី ​ឃុំ​តាឡាត ​ស្រុ​ក​សេ​សាន ​ខេត្ត​ស្ទឹង​ត្រែង ​​ទើប​គាត់​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រចេះ​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង​ និង​បាន​ជួប​ប្តី​​និង​ស្រី​នោះ​​មែន ​។ ​ពេល​នោះ​ គាត់​បាន​សុំ​​ឱ្យ​​ប្តី​​ទៅ​​រួម​រស់​​​ជា​​ប្រពន្ធ​-ប្តី​ដូចគ្រា​មុន​ និង​មិន​ប្រកាន់​​រឿង​ដែល​បាន​កើត​ឡើង​នេះ​ឡើយ ​តែ​បុរស​ជា​​ប្តី​បាន​ឆ្លើយ​​​ថាមិន​ព្រម​ទៅ​នៅ​ជាមួយ​គ្នា​វិញ​​ទេ ​​ដោយ​សុំ​សម្រុះ​សម្រួល​គ្នា ​។ ​គាត់​បាន​សុំ​ឱ្យ​​ប្តី​ចំណាយ​លុយជួយ​ចិញ្ចឹម​កូន​ក្នុងមួយ​ខែ​មួយ​រយ​ដុល្លារ​ តែ​បុរស​ជាប្តី​ឆ្លើយ​តប​វិញ​ថា ​ពុំ​មាន​​លទ្ធ​ភាព​​​ទេ ​បើ​មួយ​ខែ​២០​ម៉ឺន​រៀល​អាច​បាន ។ ដោយ​ការ​ដោះ​ស្រាយ​​រវាង​ប្តី​និងប្រពន្ធ​មិន​ត្រូវ​គ្នា​ ស្ត្រី​​ជា​ប្រពន្ធ​ក៏​​​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​​ ដើម្បី​​ឱ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ ។ ​ក្រោយ​ពី​ទទួល​​​បាន​ពាក្យ​​បណ្តឹង​ សមត្ថ​កិច្ច​ឃាត់​ខ្លួន​​​បុរស​ជា​ប្តី​​មក​ស្នងការ​ដ្ឋាន​ និង​ធ្វើ​ការសម្រុះ​សម្រួល​ជា​ថ្មី ​តែ​បុរស​ជា​​ប្តី​​​​ប្រកាន់​ជំហរ​​​រស់​នៅ​ស្ម័​គ្រ​​ស្មោះ​ជាមួយ​នារី​ក្មេង​មិន​ត្រឡប់​​ក្រោយឡើយ ​បើ​ទោះ​បី​ជា​ច្បាប់​​កំណត់​​ឱ្យ​ជាប់​ទោស​​ក៏​ដោយ​​ ។ ​

​បុរស​ជាប្តី​​រៀប​រាប់​ថា ​​គាត់​មិន​ចង់​បែក​ពី​ប្រពន្ធ​​​ទេ តែ​ដោយ​សារ​រស់​នៅ​ជា​មួយ​គ្នា​រយៈ​ពេល​ជាង​​១០​ឆ្នាំ​ ​​កន្លង​មក​នេះប្រពន្ធ​មិន​ដែល​យក​កាតព្វ​កិច្ច​​ជា​ភរិយា​មក​នៅ​ក្នុង​គ្រួសារ​ឱ្យ​មាន​សេចក្តី​សុខ​នោះ​ឡើយ ។​ ការ​រួម​​រស់​ជាមួយ​គ្នា​រហូតមាន​កូន​ប្រុស​-ស្រី​​៤​នាក់​​ ស្ត្រី​ជា​ប្រពន្ធ​ថ្ងៃ​ណា​ក៏​ជេរ​ប្រមាថ​ ដៀល​ច្រាស​ឆ្អេះ ចោទ​ថា​គាត់​គ្មាន​កំណើត​រក​ស៊ី​មិន​ដែល​បាន​លុយ​​កាក់​ចូល​ផ្ទះ​ទេ ក្រៅ​ពី​ធ្វើ​ស្រែ ។ ​នៅថ្ងៃ​មួយ​ នារី​ដែល​ស្រឡាញ់​គ្នា​បាន​ទូរ​ស័ព្ទ​ហៅ​គាត់​ឱ្យ​​យក​ប្រេង​សាំង​​​ ព្រោះ​ម៉ូតូ​​គាត់​អស់​សាំង ​ស្រាប់​តែ​ប្រពន្ធ​ដើម​ដឹង​ក៏​កើត​ជា​ការ​ប្រចណ្ឌ​រហូត​ជេរ​ប្រមាថ​ និង​គំរាម​យក​ទឹក​អាស៊ីត​ទៅ​ជះ​លើ​នារី​រូប​នេះ​ទៀត ។ ដោយ​នឹក​​​​ឃើញ​​ថា​ខ្លាច​មាន​រឿង​ ខ្លួន​ក៏​​នាំនារី​ម្នាក់​នោះ​ចា​ក​ចេញ​ពីភូមិ​​ទៅ​រស់​នៅ​​ដោយ​​យក​គ្នា​​ជា​​ប្តី​-ប្រពន្ធ​​ក្រោម​ការ​ព្រម​ព្រៀង​គ្នា​ដោយ​ចិត្ត​និង​ចិត្តតែ​ម្តងទៅ​ ​។​​ ក្រោយ​មក​ ស្ត្រី​ជា​ប្រពន្ធ​ដើម​​តាម​រក​ឃើញ​ ហើយ​ហៅ​ឱ្យ​ទៅ​នៅ​ជា​មួយគ្នា​វិញ​​ តែ​ទោះ​បី​ជា​​យ៉ាងណា​គាត់​មិន​អាច​​ទៅ​វិញ​ជា​​ដាច់​ខាត​ គឺសុខ​ចិត្ត​រស់​នៅ​ភ្ជាប់​​និស្ស័យ​ជា​មួយ​ប្រពន្ធ​ក្រោយ​ ដែល​មិន​ចេះ​ជេរ​ប្រមាថ​វិញ ។

ចំណែក​​​នារី​វ័យ​ក្មេង​​អាយុ​២៣​ឆ្នាំ ​ជា​ជន​ជាតិ​ព្នង​ និង​ជាប់​​​ឈ្មោះ​​លួច​សហាយ​ស្មន់​ជា​មួយ​​ប្តីគេ​​​និយាយ​ថា នាង​មិន​មាន​អ្វី​ប្រកែក​នោះ​ទេ បើ​សិន​ជា​ប្តី​ទៅ​ប្រពន្ធ​ដើម​វិញ​នោះ ​នាង​ក៏​មិន​មាន​សិទ្ធិ​ឃាត់​​ឃាំង​​​ដែរ ព្រោះ​នាង​​ជា​ប្រពន្ធ​ក្រោយ​ ។ ​ប៉ុន្តែ​​បើ​​គាត់​មិន​ទៅ​ទេ គឺ​នាងនៅ​តែ​​ត្រូវ​ការ​ប្តី​ម្នាក់​នេះ​ដដែល​ ឱ្យ​តែ​គាត់​ចេះ​នៅ​ថ្នាក់​ថ្នម​ដូច​រាល់​ថ្ងៃ គឺ​មាន​សុភមង្គល​ណាស់​ហើយ​ ។

​​​​លោក​វរសេនីយ៍​ទោ​ ​ហោ ​វុទ្ធី ​នាយកា​រិយា​ល័យ​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ឱ្យ​ដឹងថា ​​តាម​ច្បាប់​​​ឯក​ព័ន្ធ​ភាព​ ក្រោយ​ពី​សម្រុះ​សម្រួល​​​ភាគី​ទាំង​សង​ខាង​មិន​ត្រូវ​រ៉ូវ​គ្នា ហើយ​​ដើម​បណ្តឹង​មិន​ព្រម​ដក​ពាក្យ​បណ្តឹង​សមត្ថ​កិច្ច​​​មាន​តែ​​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​តុលាការ​ ៕