ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​មេខ្លោង​2នាក់​ប្រើហិ.ង្សា ​កំទេចរបង​ ​និងវាយ​កម្មករ​សំណង់ របស់​ក្រុមហ៊ុន ​KDC នៅ​ភូមិឡ​ពាង

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ មនុស្ស​២​នាក់​​ជាប់​ចោទ​ជា​មេ​ខ្លោង​ ក្នុង​ចំណោម​ជា​ច្រើន​នាក់​ ដែល​បាន​ប្រើ​អំពើ​ហិ.ង្សា​ដោយ​ចេត​នា​ បង្ក​ឱ្យ​កម្ម​ករ​ធ្វើ​របង​របស់​ក្រុម​ហ៊ុន​ KDC រង​របួស​ជាង​១០​នាក់ និង​របង​របស់​ក្រុម​ហ៊ុន​បាន​រង​ការ​ខូច​ខាត​ជា​ច្រើន​កន្លែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៤​ កន្លង​មក​ ត្រូវ​បាន​​កម្លាំង​នគរ​បាល​ខេត្ត​ ចាប់​ឃាត់​ខ្លួន​បាន​យ៉ាង​លំបាកនៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា ឆ្នាំ​២០១៤​ និង​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង

ខេត្ត​កំពង់​ឆ្នាំង​ ៖ មនុស្ស​២​នាក់​​ជាប់​ចោទ​ជា​មេ​ខ្លោង​ ក្នុង​ចំណោម​ជា​ច្រើន​នាក់​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេត​នា​ បង្ក​ឱ្យ​កម្ម​ករ​ធ្វើ​របង​របស់​ក្រុម​ហ៊ុន​ KDC រង​របួស​ជាង​១០​នាក់ និង​របង​របស់​ក្រុម​ហ៊ុន​បាន​រង​ការ​ខូច​ខាត​ជា​ច្រើន​កន្លែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៤​ កន្លង​មក​ ត្រូវ​បាន​​កម្លាំង​នគរ​បាល​ខេត្ត​ ចាប់​ឃាត់​ខ្លួន​បាន​យ៉ាង​លំបាកនៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា ឆ្នាំ​២០១៤​ និង​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង តាម​នីតិ​វិធី​រួច​រាល់​ហើយ​ ព្រម​ទាំង​ត្រូវ​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២​ កក្កដា ផង​ដែរ។

មន្ត្រី​នគរ​បាល​ខេត្ត​បាន​និយាយ​ថា ជន​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​ សៀង​ ហេង​ អាយុ​៣៤​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​បឹង​កក់​ និង​ម្នាក់​ទៀត​ឈ្មោះ​ មា៉ង​ យា៉វ​ អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​សំរោង​ ឃុំ​តា​ជេស​ ស្រុក​កំពង់​ត្រឡាច ។ ប្រភព​ដដែល​បាន​បន្ត​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា បាន​មក​ជួប​ជុំ​គ្នា​ នៅ​ផ្ទះ​មេ​ខ្លោង​ធំ​ឈ្មោះ​ ស្ងួន​ ញឿន​ មាន​ប្រពន្ធ​ឈ្មោះ​ អុំ​ សុភី ដែល​ជា​ជន​ពាល​ ប្រចាំ​ភូមិ​ ហើយ​បាន​បង្ក​ហិង្សា ប្រើ​ដំបង​ កាំ​បិត​ ពូ​ថៅ​ ចំពាម​កៅ​ស៊ូ​ ញញួរ មាន​ទាំង​កាំ​ភ្លើង​ខ្យល់​ផង​បាញ់​ប្រហារ​មក​លើ​កម្ម​ករ​ដែល​កំពុង​ធ្វើ​របង​លើ​ព្រុំ​ដី​របស់​ក្រុម​ហ៊ុន​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល​ជាង​១០​នាក់​ ព្រម​ទាំង​ចូល​វាយ​បំផ្លាញ​របង​ បណ្តាល​ឱ្យ​បាក់​បែក​ជា​ច្រើន​កន្លែង​ទៀត​ផង​ ។

ក្រោយ​មក​ក្រុម​ហ៊ុន​បាន​ដាក់​ពាក្យ​ប្តឹង​ ជន​បង្ក​ទាំង​នោះ​ដែល​មាន​មេ​ខ្លោង​ធំ​គឺ​ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ អុំ​ សុភី ។ ចំណែក​មេ​ខ្លោង​បន្ទាប់​ទៀត​មាន​ឈ្មោះ​២​នាក់​ ដែល​បាន​ចាប់​ខ្លួន​​ខាង​លើ​នេះ​ ព្រម​ទាំង​នៅ​សេស​សល់​មួយ​ចំនួន​ទៀត​ ដែល​សំណុំ​រឿង​នេះ​នៅ​ក្នុង​ដៃ​អ្នក​ច្បាប់​កំពុង​ចាត់​ការ​ បន្ត​ ។
​​​តាម​ចម្លើយ​​សារ​ភាព​​របស់ជន​សង្ស័យ​ទាំង​​២នាក់​​បាន​ប្រាប់​ថា នៅ​ថ្ងៃទី​​១៧​ កក្កដា​ ពួក​ខ្លួន​​​មាន​គ្នា​ប្រមាណ​​ជាង​​៨០នាក់​ បានមក​ជួប​ជុំ​​គ្នា​នៅ​ផ្ទះ​ឈ្មោះ​ស្ងួន ញឿន​ នៅ​ភូមិ​​​​ឡ​ពាង ​ឃុំ​តាជេស​ ដោយមានកាំបិត​​ ពូថៅ​​ ចម្ពាម​កៅ​ស៊ូ​ ​ចប​ជី​ក​ ​ចបកាប់​ កំពួច​ ដើម្បីធ្វើសកម្ម​ភាព​សម្រុក​ចូល​វាយកម្ទេច​​របង​របស់​ក្រុម​ហ៊ុន​​ដោយ​មាន​​​​អង្គការ​ UN ធ្វើខ្នង​ ។

នៅ​រសៀល​​ថ្ងៃ​នោះ​ ពេល​ធ្វើសកម្ម​ភាព​បានបាញ់​គ្រាប់​ជម្ពាម​កៅ​ស៊ូ​​និង​ដំបង​វាយកម្ទេច​​​របង​ ពួក​ខ្លួន​មិន​ដឹង​ថា បាញ់​ចំ​អ្នក​​ណា​ខ្លះទេ ​គឺ​ពួក​​ខ្លួន​​​ពិត​​​ជា​បាន​ប្រើ​ហិង្សា​​ប្រាកដ​មែន​ ព្រោះ​ចាញ់​បោក​អង្គ​ការ​ ។ ក្នុង​​ចម្លើយ​សារ​ភាព​​​ដដែល​បាន​បញ្ជាក់​​ថា កន្លងមក​សកម្ម​ភាព​តវ៉ា​ និង​ធ្វើសកម្ម​ភាព​​​ដោយ​ហិង្សា​​គឺមាន​​ខាង​អង្គការ​UN មាន​លោក ដួង ចិត្រា​ ​ដំណាង​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ មន្ត្រី​សិទ្ធិមនុស្ស​​​ និង​តំណាង​សមាគម​​មក​ពីខេត្ត​ពោធិ៍​សាត់ ​ ជា​អ្នក​មក​ឃ្លាំមើល​​​និង​ជួយលើក​ទឹក​ចិត្ត​​​​ទិញ​ស្រា​​ឱ្យ​ផឹក​​​ ​ចែក​ប្រាក់ ចែក​អង្ករ​ ។ តំណាងក្រុម​ហ៊ុន​​K.D.C បាន​និយាយ​ថា ​គ្មាន​ទំនាស់​​​រឿង​ដី​ធ្លី​​ជាមួយ​អ្នក​ទាំង​នោះ​​ទេ ​ព្រោះ​ដី​​របស់ក្រុម​ហ៊ុន​បាន​ទិញ​ដោយ​ស្រប​ច្បាប់​​​​នៅ​ឆ្នាំ​​​២០០៧ ខណៈ​​ដែល​ដី​របស់​ម្ចាស់​​មុន​បាន​ធ្វើប្លង់​កម្មសិទ្ធិ​​ត្រឹម​ត្រូវ​​នៅ​ឆ្នាំ​​​១៩៩៧ ។ ក្នុង​រយៈ​​ពេល​​១០​ឆ្នាំ​ ដែល​ម្ចាស់​​មុន​បានធ្វើ​​កម្មសិទ្ធិ​​និងកាន់កាប់​ហេតុ​ម្ដេច​ក៏​គ្មានការ​តវ៉ា​ ។​

លុះ​ពេល​​ក្រុម​ហ៊ុន​បាន​ទិញ​​ដីនោះនៅ​​ឆ្នាំ​​​២០០៧ ​ស្រាប់​តែ​​​អ្នក​មក​តវ៉ា​​តាមផ្លូវ​ច្បាប់​​របស់​ភូមិបាល​ ក្នុង​រយ​ៈ​ពេល​​១០​ឆ្នាំ​ គឺផុត​​អាយុកាល​​នៃ​ការ​តវ៉ា​​ហើយ ។​ ប៉ុន្តែ​​ក្រោយមក​​ដោយ​សារ​តែក្រុម​ហ៊ុន​​​មាន​សណ្ដាន​ចិត្ត​​មុនចូល​ឆ្នាំខ្មែរ​​នៅ​ឆ្នាំ​​​២០១៤ នេះ​ ក្រុម​ហ៊ុន​បានសុខ​ចិត្ត​​ជួយ​ឧបត្ថម្ភ​ប្រាក់​​​គោល​នយោបាយ​​ឱ្យ​អ្នកភូមិ​ឡពាង​ចំនួន​​​​៥២​គ្រួសារ​នៅ​​សល់​បច្ចុប្ប​ន្ន​ចំនួន​​តែ​​១៥​គ្រួសារ​ប៉ុណ្ណោះ​ ​ដែលមេ​ក្លោង​ឈ្មោះស្ងួន​ ញឿន​ និងប្រពន្ធ​ឈ្មោះ​​​​អុំ សុភី​ ​ដែល​ជាមនុស្ស​​អត់​មាន​​ដីសោះ​បាន​តវ៉ា​​ដោ​យ​អត់​អៀនខ្មាស​សោះបាន​ជា​ដោះ​ស្រាយ​មិន​ចេញ​ ព្រោះ​ពួក​គេ​ប្រមូល​មក​ទាំង​បង​ប្អូន​ជិត​ឆ្ងាយ​ ។
តំណាង​ក្រុម​ហ៊ុន​បាន​បន្ត​ថា​ ក្រោយ​ពី​ដោះ​ស្រាយ​គោល​នយោ​បាយ​អ្នក​ភូមិ​ឡ​ពាង​ជិត​អស់​ទៅ​ហើយ ស្រាប់​តែ​​ឈ្មោះ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ បាន​កែន​កម្លាំង​បន្ថែម​ទៀត​ពី​ភូមិ​​បឹង​កក់​ និងភូមិ​សំរោង​ មក​ជា​កម្លាំង​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​បន្ថែម​ទៀត​ឡើង​​ដល់​៨២​គ្រួសារ ក្នុង​នោះអ្នក​​ភូម​ិបឹង​កក់​មាន​ឈ្មោះ​ សៀង​ ហេង​ ជា​មេ​ខ្លោង​ ព្រោះ​សំអាង​ថា​ អ្នក​ភូមិ​ឡ​ពាង​បាន​គោល​នយោ​បាយ​ដូច្នេះ​ត្រូវ​តែ​ដោះស្រាយ​គោល​នយោ​បាយ​ខ្លះ​ដូច​អ្នក​​ភូមិ​ឡ​ពាង​ដែរ ។​

ក្រោយ​ពីបាន​​កម្លាំង​ច្រើន​ឡើង​វិញ​ ក្រុម​នេះ​បាន​ធ្វើ​សកម្ម​ភាព​​តវ៉ា​បិទ​ផ្លូវ​ជាតិ​ មក​ស្នង​ការ​ដ្ឋាន​ មក​សាលា​ខេត្ត​ជា​ដើម​ រហូត​មក​ដល់​​ក្រុង​ភ្នំពេញ​ប្តឹង​លោក​ ស៊ូ​ បេឌី​ ឱ្យ​ជួយ​ទៀត​ ដូច​ឱ្យ​លោក​ឌី ជួយ​កាន់​អ្វីៗ​ឱ្យ​ពួក​គេ​…​ ដូច្នេះ​ដែរ ។​ ប៉ុន្តែ​ក្រុម​ហ៊ុ​នបាន​ប្រកាស​ហើយ​ថា​ គឺ​មិន​ដោះស្រាយ​ប្រាក់​គោល​នយោបាយ​ឱ្យ​អ្នក​ភូមិ​បឹង​កក់​ និង​អ្នក​ភូមិ​ឯទៀត​ទេ​ ដែល​ឃើញ​គេបាន​ប្រាក់​ មក​ចង់​បាន​នឹង​គេ​ដែរ​ ។ មកដល់​ពេល​នេះ​ ថ្វី​បើ​ក្រុម​ហ៊ុន​បាន​ទទួល​សិទ្ធិ​ពី​រាជ​រដ្ឋាភិ​បាល​ក្នុងការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ច​ពិសេសក៏​ពិត​មែន​ បុ៉ន្តែ​ក្រុម​ហ៊ុន​នៅតែ​មាន​ជំហរ​ដោះ​ស្រាយ​ប្រាក់​គោល​នយោ​បាយ​ឱ្យ​១៥​គ្រួសារ​ក្នុងភូមិ​​ឡ​ពាង​ដដែល កុំ​ឱ្យ​ច្រណែន​គ្នា​ ។​

តំណាង​ក្រុម​ហ៊ុន​បញ្ជាក់​ថា​ ឈ្មោះ​ សៀង​ ហេង និង​ឈ្មោះ​ ម៉ាង​ យ៉ាវ​ នៅ​ភូមិ​បឹង​កក់ និង​ភូមិ​សំរោង​ ឆ្ងាយ​ពី​ភូមិ​ឡពាង​ តែ​បាន​​មក​ធ្វើ​សកម្ម​ភាព​នៅ​ផ្ទះ​របស់ ស្ងួន​ ញឿន​ នៅ​ភូមិ​ឡ​ពាង​ គឺ​ឆ្ងាយ​​ពី​គ្នា​​ជាង​២​គីឡូ​ម៉ែត្រ ។​ ទាំង​២​នាក់​​ជា​មេ​ខ្លោងបាន​ដឹក​នាំ​កម្លាំង​ពី​ភូមិ​បឹង​កក់​ មក​រួម​ជាមួយ​អ្នក​ភូមិ​ឡ​ពាង​ ១៥​គ្រួសារ​ បាន​ធ្វើ​សកម្ម​ភាព​អនា​ធិប​តេយ្យ​លើ​ថ្នល់​ជាតិ​ និង​ធ្លាប់​បាន​ដុត​គប់​ដប​សាំង​មក​លើ​​សមត្ថ​កិច្ច​ទៀត​ផង។​ មន្ត្រី​នគរ​បាល​និយាយ​ថា​ ក្នុង​សំណុំ​រឿង​ជន​សង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​ចោទ​​ប្រកាន់​២​​ករណី​ផ្សេង​គ្នា គឺ​បទ​បង្ក​ហិង្សា​ដោយ​ចេតនា  ​និង​បទ​ប្រើ​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ។​ ចំណែក​បក្ស​ពួក​​មួយ​ចំនួន​ ក៏​ត្រូវ​ចោទ​ប្រកាន់​ដូចគ្នា​ដែរ​ បុ៉ន្តែ​ពេល​នេះ​ពួកគេ​កំពុង​លាក់​ខ្លួន​សម្ងំ​មិន​ហ៊ាន​ចេញ ដែល​​មនុស្សទាំង​​នោះ​គេចពី​ចូល​ពន្ធ​នាគារ​មិន​រួច​ឡើយ ។​

គួរ​បញ្ជាក់​ថា​ អ្នក​ភូមិ​ឡ​ពាង​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ទេ ។​ មនុស្ស​អាក្រក់​បំផុត​​មាន​តែ​ក្រុម​គ្រួសារ​សាច់​ញាតិ​ឈ្មោះ ស្ងួន​ ញឿន​​ និង​ប្រពន្ធ​ឈ្មោះ អុំ សុភី តែ​បុ៉ណ្ណោះ ដែល​អ្នក​ភូមិ​។ ក្រោយ​ពេល​ប្រើ​អំពើ​​ហិង្សា​ទាំង​កំរោល​មក​លើ​​កម្មករ​សំណង់​របស់​ក្រុម​ហ៊ុន​ ដែល​មាន​ការ​អះ​អាង​ថា​ មាន​អង្គការ​​មួយ​ពាក់​ស្លាក​ UN ជិះ​រថយន្ត​ទៅ​ជួយ​ជំរុញ​ផង​នោះ​ ឈ្មោះ ស្ងួន​ ញឿន​ និង​ប្រពន្ធ​ បាន​សម្ងំ​លាក់​ខ្លួន​បាត់​ឈឹង​ដូច​ចូល​រូង​កណ្តុរ ។​ ប៉ូលិស​កំពុង​តាម​ស្វែង​រក​មេ​ខ្លោង​សាហាវ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ថា ឱ្យ​តែ​ហ៊ាន​អើត​ចេញ​មក​ឱ្យ​ឃើញ​ ប្រាកដ​ជា​ត្រូវ​ចាប់​​វ៉ៃ​ខ្នោះ​មិន​ខាន​​តាម​ដីការបស់​តុលាការ​ ៕​