ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មាន​​ដី​នៅ​តំបន់​អភិ​វឌ្ឍន៍​​ជ្រោយ​ចង្វា​​ជួប​​ជុំ​​គ្នា​បោះ​​ឆ្នោត​​​រើស​​​តំណាង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​មាន​ដី​នៅ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ទី​ក្រុង​រណប​ជ្រោយ​ចង្វា​​ ប្រមាណ​៣០​នាក់​ជា​តំណាង​គ្រួសារ​ច្រើន​ទៀត​មិន​បាន​មក​ប្រជុំ​ បាន​អះ​អាង​ថា រង​ការ​បូម​ដី​ចាក់​រំលោ.ភ​ពី​សំណាក់​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន​អនិក​ជន​ក​ម្ពុជា​ (OCIC) អភិ​វឌ្ឍន៍​ជ្រោយ​ចង្វា​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នោះ បាន​មក​ជួប​ជុំ​គ្នា​​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ដើម្បី​តវា៉​ជាមួយ​​ក្រុមហ៊ុន​ ក្រោម​ការ​ចូល​រួម​ពី​មន្ត្រី​អង្គ​ការ​ក្រៅ​​រដ្ឋាភិបាល​មួយ

រាជ​ធានី​ភ្នំពេញ ៖ អ្នក​មាន​ដី​នៅ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ទី​ក្រុង​រណប​ជ្រោយ​ចង្វា​​ ប្រមាណ​៣០​នាក់​ជា​តំណាង​គ្រួសារ​ច្រើន​ទៀត​មិន​បាន​មក​ប្រជុំ​ បាន​អះ​អាង​ថា រង​ការ​បូម​ដី​ចាក់​រំលោភ​ពី​សំណាក់​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន​អនិក​ជន​ក​ម្ពុជា​ (OCIC) អភិ​វឌ្ឍន៍​ជ្រោយ​ចង្វា​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នោះ បាន​មក​ជួប​ជុំ​គ្នា​​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ដើម្បី​តវា៉​ជាមួយ​​ក្រុមហ៊ុន​ ក្រោម​ការ​ចូល​រួម​ពី​មន្ត្រី​អង្គ​ការ​ក្រៅ​​រដ្ឋាភិបាល​មួយ​ ទទួល​បន្ទុក​ផ្នែក​ច្បាប់​នៃ​លេខា​ធិការ​ដ្ឋាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធ​ិ​​លំនៅ​ឋាន​ផង​ដែរ ។

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២ កក្កដា ​នៅ​ក្នុង​ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយ​ចង្វា ដោយ​ពួក​គាត់​ប្រកាន់​នូវ​ជំ​ហរ​ដាច់​ខាត​មិន​ទទួល​យក​នូវ​ការ​ដោះ​ស្រាយ​ដោយ​មាន​គំនាប​ និង​កំណត់​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​​ឡើយ​ គឺ​ត្រូវ​តែ​ដោះ​ស្រាយ​ឱ្យ​ស្រប​ទៅ​តាម​ទី​ផ្សារ​សេរី​ ទើប​ពួក​គាត់​ទទួល​យក​បាន​ ។ ទោះ​បី​ជា​យ៉ាង​ណា ដី​រាប់​រយ​ហិក​តា​ដែល​ខ្លះ​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ (ប្លង់​រឹង) ទៅ​ហើយ​នោះ ត្រូវ​បាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​លុប​ដែល​ខ្លះ​ពុំ​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ ​ដោយ​ចោទ​ប្រកាន់​ថា​ក្រុម​ហ៊ុន​រំលោភ​យក​ឆៅ​តែ​ម្តង ។

លោក​ ណន អូ​នី​ មន្ត្រី​អង្គ​ការ​មួយ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​នៃ​លេខា​ធិការ​ដ្ឋាន​ ក្រុម​ការ​ងារ​ ពិសេស​សិទ្ធិ​លំ​នៅ​ឋាន​បាន​ឱ្យ​ដឹង​ថា ការ​ជួប​ជុំ​គ្នា​ថ្ងៃ​នេះ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ស្រប​ច្បាប់​ ហើយ​តំណាង​នោះ​មាន​ភារ​កិច្ច​ធ្វើ​ការ​តវា៉​ជាមួយ​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ ។ នៅ​ពេល​ខាង​មុខ​នេះ​អ្នក​មាន​ដី​ទាំង​៣​សង្កាត់​ គឺ​សង្កាត់​ជ្រោយ​ចង្វា ព្រែក​តា​សេក​ និង​ព្រែក​លៀប​ នឹង​ធ្វើ​ពាក្យ​បណ្តឹង​រួម​គ្នា​មួយ​ទៅ​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ ដើម្បី​ឱ្យ​មាន​ការ​ដោះ​ស្រាយ​មួយ​សម​រម្យ​ ។

មន្ត្រី​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​បូម​ដី​ចាក់​លុប​ពី​សំណាក់​ក្រុម​ហ៊ុន​គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធ​ិ​លំ​នៅ​ឋាន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​ដី​ធ្លី​ ។ លោក​និយាយ​ថា ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​លើ​អចល​ន​ទ្រព្យ​របស់​ខ្លួន​ ដី​លំ​នៅ​ឋាន​និង​ដី​ស្រែ​ចម្ការ ។ បើ​សិន​ជា​ប្រជា​ពល​រដ្ឋ​មិន​បាន​លក់​ទេ ក្រុម​ហ៊ុន​គ្មាន​សិទ្ធិ​រំលោភ​បំពាន​យក​នោះ​ទេ ។ លោក​ ណន​ អូ​នី​ បាន​ប្រកាស​ទៀត​ថា សកម្ម​ភាព​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អនិក​ជន​កម្ពុជា​ (OCIC) គឺ​ជា​ការ​រំលោភ​សិទ្ធ​ិ​ឯក​ជន​​លើ​បុគ្គល​ ព្រោះ​មាន​តែ​​រដ្ឋ​ទេ​ដែល​អាច​ដក​សិទ្ធិ​ឯក​ជន​ដើម្បី​យក​ធ្វើ​ជា​ប្រយោជន៍​សា​ធា​រណៈ​ និង​បាន​​ផ្តល់​សំណង​ជា​មុន​ ។ ទន្ទឹម​នោះ​លោក​ ណន​ អូ​នី​ ក៏​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ និង​​ក្រុម​ហ៊ុន​ថា ការ​អភិ​វឌ្ឍន៍​ឈរ​លើ​គោល​ការណ៍​គោ​រព​ច្បាប់​ជា​មុន​ និង​កាត់​ដី​ភូមិ​ចេញ​ពី​គម្រោង​អភិ​វឌ្ឍន៍​ ។

លោក​​ថ្លែង​ថា ចំពោះ​ដី​ស្រែ​ចម្ការ​ដែល​បូម​ខ្សាច់​ដាក់​ ត្រូវ​ដោះ​​ស្រាយ​ទៅ​តាម​ទី​ផ្សារ​សេរី​ និង​កុំ​ឱ្យ​មាន​ការ​ប្រើ​ហិង្សា​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំ​នៅ​ឋាន​ ។ ចំណែក​លោក​ ជា​ សុផាត ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ដោយ​សម្លេង​ភាគ​ច្រើន​ជ្រើស​រើស​ជា​ប្រធាន​តំណាង​តវា៉​ បាន​ឱ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហ​គមន៍​នេះ​ដើម្បី​តវា៉​ជាមួយ​ក្រុម​ហ៊ុន​ ។ ដី​របស់​គាត់​មាន​ទំហំ​៥០​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយ​​ចង្វា​ ដែល​គាត់​ទិញ​ស្រប​ច្បាប់​នៅ​ឆ្នាំ​១៩៩២​ តាំង​ពី​ស្ពាន​ជ្រោយ​ចង្វា​មិន​ទាន់​បាន​ត​ភ្ជាប់​មក​ម៉្លេះ​ ។ គាត់​និយាយ​ថា កាល​ដែល​ក្រុម​ហ៊ុន​ដោះ​ស្រាយ​ឱ្យ​១​ម៉ែត្រ​ការ៉េ​១៥​ដុល្លារ​បែប​នេះ​រូប​គាត់​ក៏​ដូច​អ្នក​ដទៃ​ទៀត​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ត្រូវ​ដោះ​ស្រាយ​ទៅ​តាម​ទីផ្សារ​សេរី​ ទើប​ពួក​គេ​យល​់​ព្រម​ ព្រោះ​ពេល​នេះ​ទីផ្សារ​សេរី​ក្នុង​១​ម៉ែត្រ​ការ៉េ​មាន​តម្លៃ​៥០០​ដុល្លារ សម្រាប់​ដី​ភូមិ​ និង​ជាង​១០០​ដុល្លារ​សម្រាប់​ដី​ទំនាប​​នៅ​ខាង​ក្នុង​​ដែល​ជា​ដី​ស្រែ​ចម្ការ ។
តាម​ការ​កត់​សម្គាល់​ អ្នក​ភូមិ​ដែល​បាន​មក​ជួប​ជុំ​គ្នា​បោះ​ឆ្នោត​រើស​ប្រធាន​នេះ​ សំដែង​ទឹក​មុខ​ខឹង​សម្បារ​យា៉ង​ខ្លាំង​ចំពោះ​ការ​ដោះ​ស្រាយ​គ្មាន​តម្លា​ភាព​កន្លង​មក​ ហើយ​ស្រាប់​តែ​ស្ងាត់​ទៅ​វិញ​ ។

គួរ​បញ្ជាក់​ថា តំបន់​អភិ​វឌ្ឍន៍​ជ្រោយ​ចង្វា មាន​ផ្ទៃ​ដី​៣៨៧​ហិក​តា​ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា សង្កាត់​ព្រែក​លៀប​ និង​សង្កាត់​ព្រែក​តា​សេក​ ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អនិក​ជន​កម្ពុជា (OCIC) អភិ​វឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វា ។ នៅ​ក្នុង​ការ​អភិ​វឌ្ឍន៍​ទៀត​សោត​ រាជ​រដ្ឋា​ភិបាល​តម្រូវ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ចេញ​មុខ​ដោះ​ស្រាយ​ ដោយ​​កំណត់​តម្លៃ​ឱ្យ​គ្រា​ដំបូង​១​ម៉ែត្រ​ការ៉េ​៣​ដុល្លារ ។ លុះ​ក្រោយ​មក​បាន​ឡើង​ដល់​១៥​ដុល្លារ ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​ដី​រាប់​រយ​គ្រួសារ​ពុំ​អាច​ទទួល​យក​បាន​ ហើយ​មួយ​ចំនួន​ក៏​បាន​ប្តឹង​តវា៉​ និង​ស្វែង​រក​កិច្ច​អន្តរា​គមន៍​គ្រប់​ច្រក​ទាំង​អស់​ ហើយ​លើក​នេះបាន​​ជួប​ជុំ​គ្នា​បោះ​ឆ្នោត​ជ្រើស​តំណាង​ដើម្បី​ចេញ​តវា៉​ដោយ​ស្រប​ច្បាប់​តតាំង​ជាមួយ​ក្រុម​ហ៊ុន​ដែល​បាន​បូម​ខ្សាច់​រំលោភ​យក​ ។

ជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​តាម​រយៈ​ទូរ​ស័ព្ទ​ម្សិល​មិញ​នេះ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ដំណោះ​ស្រាយ​​ផល​ប៉ះ​ពាល់​ទាំង​ឡាយ​ជា​ការ​ងារ​របស់​សាលា​រាជ​ធានី​ភ្នំពេញ ។ ជា​គោល​ការ​ណ៍​ គឺ​សាលា​រាជ​ធានី​ជា​អ្នក​ឈាន​មុខ​ដោះ​ស្រាយ​ ដែល​ក្នុង​នោះ​​ខាង​ក្រុម​ហ៊ុន​រង់​ចាំ​អនុ​វត្តន៍​តាម​ ដើម្បី​បញ្ចប់​បញ្ហា​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់ ។ តំណាង​ក្រុម​ហ៊ុន​ដដែល​បញ្ជាក់​ថា បង​ប្អូន​ដែល​មាន​បញ្ហា​សូម​ចូល​មក​ពិភាក្សា​គ្នា​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា​​ដោយ​សន្តិ​វិធី​​ នៅ​សាលា​រាជ​ធានី​ ហើយ​ក្រុម​ហ៊ុន​ក៏​ចូល​រួម​ដែរ ដើម្បី​ដោះ​ស្រាយ​រួម​គ្នា​ ដោយ​ទាំង​អស់​គ្នា​ត្រូវ​តែ​គោ​រព​តាម​អាជ្ញា​ធរ​ ។ លោក​ថ្លែង​ថា ក្រុម​ហ៊ុន​ស្វា​គមន៍​ជានិច្ច​ រួម​ដៃ​ជាមួយ​អាជ្ញា​ធរ​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​សេស​សល់​ជាមួយ​​បង​ប្អូន​ ស្រប​ទៅ​តាម​ច្បាប់​ មិន​អាច​រំលោភ​គោល​ការណ៍​ច្បាប់​​បាន​ទេ ។
ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ដំណោះ​ស្រាយ​រវាង​​ម្ចាស់​កម្ម​សិទ្ធ​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន​ ដោយ​មាន​អាជ្ញា​ធរ​ជា​អាជ្ញា​កណ្តាល​អាច​ដោះ​ស្រាយ​បាន​ដោយ​រលូន​ ។ ប៉ុន្តែ​ ប្រសិន​បើ​មាន​អ្នក​នយោ​បាយ​ទុទិដ្ឋិណា​មួយ​ ឬ​បាត​ដៃ​ទី​៣​ចូល​អុក​ឡុក​ហើយ​ បញ្ហា​ដំណោះ​ស្រាយ​អាច​ជាប់​គាំង​យូរ​ ដូច​នៅ​តំបន់​បឹង​កក់​មិន​ខាន​​ឡើយ​ ព្រោះ​គំរូ​មាន​ច្រើន​មក​ហើយ​ ។

ប៉ុន្តែ​ មាន​ប្រជា​ពល​រដ្ឋ​ខ្លះ​នៅ​ជ្រោយ​ចង្វា​ ដែល​ដី​គាត់​មិន​ប៉ះ​ពាល់​ បាន​​សប្បាយ​រីក​រាយ​ទៅ​វិញ​ទេ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ពួក​គាត់​ចង់​ឃើញ​ទី​ក្រុង​រណប​ផុស​ចេញ​ពី​វាល​បឹង​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ ពួ​ក​គេ​ថា បើ​គ្មាន​ការ​អភិ​វឌ្ឍ​ក៏​គ្មាន​ទី​ក្រុង​ថ្មី​កើត​នៅ​ទី​នេះ​ដែរ ៕