ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​​ ជ័យ​ ប៊ុន​​ឈឿ​ នឹក​អាល័យ​​កីឡា​​ប្រដាល់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​សម្រេច​ឱ្យ​លា​ឈប់​ពី​អាជីព​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​ ក្នុង​​វេទិកា​កីឡា​ប្រដាល់​ លោក​ ជ័យ​ ប៊ុន​ឈឿ​ ដែល​ត្រូវ​គេ​ដឹង​ថា​មាន​​វ័យ​៧៦​ឆ្នាំ​ទៅ​ហើយ​នោះ​ ហាក់​នៅ​តែ​អាល័យ​ក្នុង​អាជីព​នេះ​ដដែល ។ យា៉ង​ណា​ក៏​ដោយ​ ស្ថាន​ភាព​របស់​លោក​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ផង​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ គឺ​មិន​អាច​ឱ្យ​គាត់​បន្ត​ជិះ​ម៉ូតូ​រាប់​គី​ឡូ​តាំង​ពី​ខេត​្ត​បាត់​ដំបង​ មក​ធ្វើ​ការ​នៅ​ភ្នំពេញ​រាល់​អាទិត្យ​ដូច​មុន​ទៀត​បាន​ឡើយ​ ។

រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​សម្រេច​ឱ្យ​លា​ឈប់​ពី​អាជីព​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​ ក្នុង​​វេទិកា​កីឡា​ប្រដាល់​ លោក​ ជ័យ​ ប៊ុន​ឈឿ​ ដែល​ត្រូវ​គេ​ដឹង​ថា​មាន​​វ័យ​៧៦​ឆ្នាំ​ទៅ​ហើយ​នោះ​ ហាក់​នៅ​តែ​អាល័យ​ក្នុង​អាជីព​នេះ​ដដែល ។ យា៉ង​ណា​ក៏​ដោយ​ ស្ថាន​ភាព​របស់​លោក​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ផង​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ គឺ​មិន​អាច​ឱ្យ​គាត់​បន្ត​ជិះ​ម៉ូតូ​រាប់​គី​ឡូ​តាំង​ពី​ខេត​្ត​បាត់​ដំបង​ មក​ធ្វើ​ការ​នៅ​ភ្នំពេញ​រាល់​អាទិត្យ​ដូច​មុន​ទៀត​បាន​ឡើយ​ ។

លោក​ ជ័យ​ ប៊ុន​ឈឿ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​អតី​ត​កីឡា​ករ​ និង​ជា​អាជ្ញា​កណ្តាល​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ ហាក់​នៅ​តែ​បង្ហាញ​ឆន្ទៈ​ចង់​បម្រើ​វិស័យ​កីឡា​ប្រដាល់​ដដែល​ ក្នុង​ពេល​ដែល​លោក​ចូល​និវត្តន៍​ទៅ​ហើយ​ ហើយ​ត្រូវ​ទូរ​ទស្សន៍​បាយ័ន​បន្ត​ផ្តល់​ប្រាក់​ខែ​ឱ្យ​ជា​ប្រចាំ​រាល់​ខែ​ ។ លោក​គឺ​ជា​អតី​ត​អ្នក​ប្រដាល់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ដែល​បាន​សម្រេច​ចិត្ត​ឈប់​ប្រដាល់​ក្នុង​វ័យ​២៨​ឆ្នាំ​ និង​បាន​បោះ​​ជំហាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​សហ​ព័ន្ធ​កីឡា​ប្រដាល់​ក្នុង​តំណែង​ជា​ចៅ​ក្រម​ និង​អាជ្ញា​កណ្តាល​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ដោយ​ទើប​តែ​បាន​លា​ឈប់​កាល​ពី​​ដើម​ឆ្នាំ​២០១៤​ ។ មុន​សម្រេច​ចិត្ត​ដើរ​ចេញ​ លោក​បាន​បន្សល់​​នូវ​ស្នា​ដៃ​ និង​កេរ្តិ៍​ឈ្មោះ​យ៉ាង​ខ្លាំង​ ទើប​ធ្វើ​ឱ្យ​ប្រជា​ប្រិយ​ភាព​របស់​លោក​ នៅ​តែ​មាន​មហា​ជន​ភាគ​ច្រើន​ចង​ចាំ​ ។

លោក​ ជ័យ​ ប៊ុន​ឈឿ បញ្ជាក់​ថា ក្រោយ​ការ​លា​ឈប់​ពី​អាជីព​អាជ្ញា​កណ្តាល​ បាន​ជួយ​ឱ្យ​លោក​មាន​ពេល​ច្រើន​ ដើម្បី​សម្រាក​ក្នុង​វ័យ​ជរា ប៉ុន្តែ​មិន​មែន​ជា​គោល​បំណង​របស់​លោក​នោះ​ទេ គឺ​វា​បាន​ទាំង​ធ្វើ​ឱ្យ​លោក​អផ្សុក​ និង​ស្តាយ​ស្រណោះ​នូវ​កិច្ច​ការ​ងារ​ដែល​ធ្លាប់​បំពេញ​នោះ​ផង​ ។ ដ្បិត​តែ​រយៈ​​កាល​កន្លង​មក​ លោក​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង ឬ​ឱ្យ​កូន​ប្រុស​ជូន​មក​​តាំង​ពី​ផ្ទះ​កំណើត​នៅ​ខេត្ត​បាត់​ដំបង​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​ ជា​រៀង​រាល់​ចុង​សប្តាហ៍​ ប៉ុន្តែ​លោក​ថា​ពេញ​ចិត្ត​ដោយ​ក្នុង​ពេល​នេះ​ប្រសិន​បើ​អាច​បន្ត​បាន នឹង​ស្នើ​សុំ​ស្ថាប័ន​បាយ័ន​ចូល​បម្រើ​ការ​ងារ​ដូច​មុន​ទៀត​ផង។ មក​ទល់​ពេល​នេះ​​លោក​នៅ​តែ​បន្ត​ទទួល​ប្រាក់​ខែ​ចំនួន​២០០​ដុល្លារ ដូច​ដើម​ក្នុង​មួយ​ខែ​ បើ​ទោះ​ជា​លោក​បាន​លា​ឈប់​ពី​ការ​ងារ​ទាំង​ស្រុង​ក្តី ។

ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់​ចំនួន​២០០​ដុល្លារ​ ដែល​ជា​ប្រាក់​ខែ​ខាង​បាយ័ន​ផ្តល់​ឱ្យ​នោះ​ ត្រូវ​លោក​បញ្ជាក់​ថា ខាង​បាយ័ន​មិន​តម្រូវ​ឱ្យ​លោក​ជិះ​ម៉ូតូ​មក​ទទួល​ដូច​មុន​នោះ​ទេ គឺ​បាន​ផ្ញើ​​តាម​វីង​​ក្នុង​មួយ​អាទិត្យ​៥០​ដុល្លារ ដែល​ប្រាក់​នេះ​វា​មាន​តម្លៃ​យា៉ង​ខ្លាំង​ក្នុង​ការ​ជួយ​សម្រួល​​ដល់​ជីវ​ភាព​របស់​លោក​ ក្នុង​វ័យ​កាន​់​តែ​ជរា​នេះ​ ។ អតី​ត​អាជ្ញា​កណ្តាល​រូប​នេះ​​បញ្ជាក់​ថា បើ​កុំ​តែ​បាន​ប្រាក់​ខែ​ដែល​បាយ័ន​ផ្តល់​ឱ្យ​ប្រហែល​ជា​លោក​នឹង​ពិបាក​រស់​ជា​មិន​ខាន​ ក្នុង​ពេល​ដែល​ការ​​ចំណាយ​លើ​បញ្ហា​ថ្នាំ​សង្កូវ​ ក៏​កើន​ឡើង​ ឯ​ស្ថាន​ភាព​ជីវ​ភាព​របស់​គ្រួសារ​ ក៏​បាន​តែ​មួយ​គ្រប់​មិន​សល់​ប្រាក់​កាស​ជា​​ដុំ​កំភួន​ ។

លោក​ នាង​ ស៊ី​វត្ថា អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​នៅ​បាយ័ន​ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​យោង​តាម​មន្ត្រី​ដែល​បម្រើ​ការ​​នៅ​ទី​នោះ​ បាន​អះ​អាង​ថា ករណី​ផ្តល់​ប្រាក់​ខែ​ដល់​លោក​ ជ័យ​ ប៊ុន​ឈឿ​ ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ មិន​មែន​ជា​គោល​ការណ៍​ត្រូវ​តែ​ផ្តល់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​អាណិត​អាសូរ​ ដោយ​សារ​តែ​មើល​ឃើញ​ថា លោក​ចាស់​ទៅ​ហើយ​ និង​បាន​បម្រើ​វិស័យ​កីឡា​ប្រដាល់​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​មាន​អ្វី​សេស​សល់​តែ​ប៉ុណ្ណោះ ។ មិន​ទាន់​មាន​ការ​បញ្ជាក់​ថា ប្រាក់​ខែ​ផ្តល់​ជូន​នេះ នឹង​បន្ត​ឱ្យ​លោក​ដល់​រយៈ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​លេច​ឮ​ថា ប្រហែល​ជា​កាត់​ផ្តាច់​នា​ពេល​ឆាប់​ៗ​នេះ​ ក្នុង​ពេល​ដែល​ជីវ​​ភាព​ជាក់​ស្តែង​របស់​លោក​ត្រូវ​គេ​មើល​ឃើញ​ថា ត្រូវ​ការ​ជំនួយ​ក្នុង​វ័យ​ចាស់​ជរា​មិន​អាច​អត់​បាន​បែប​នេះ​ ៕