ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​​ចាប់ផ្ដើម​​ស្រឡះ ការ​​ជាប់​​គាំង​​ន​យោបា​យ​​ត្រូ​វ​បាន​​ដោះ​​ស្រាយ​​បញ្ចប់​ក្រោយ​​ជំនួប​​កំពូល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អស់​រយៈ​ពេល​ប្រមាណ​ជាង​៥​ម៉ោង​ដែល​ប្រមុខ​គណ​បក្ស​ទាំង​ពីរ​ គឺ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ពិភាក្សា​​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធ​សភា​ ហើយ​ជា​លទ្ធ​ផល​គឺ​សម្រេច​បាន​ជោគ​ជ័យ​ ដោយ​បាន​ព្រម​ព្រៀង​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ដំណោះ​ស្រាយ​នយោ​បាយ​របស់​គណ​​បក្ស​ទាំង​ពីរ​ ។

រាជ​ធានី​ភ្នំពេញ ៖ អស់​រយៈ​ពេល​ប្រមាណ​ជាង​៥​ម៉ោង​ដែល​ប្រមុខ​គណ​បក្ស​ទាំង​ពីរ​ គឺ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ពិភាក្សា​​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធ​សភា​ ហើយ​ជា​លទ្ធ​ផល​គឺ​សម្រេច​បាន​ជោគ​ជ័យ​ ដោយ​បាន​ព្រម​ព្រៀង​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ដំណោះ​ស្រាយ​នយោ​បាយ​របស់​គណ​​បក្ស​ទាំង​ពីរ​ ។

ចំពោះ​ថ្នាក់​ដឹក​នាំ​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ មាន​សមាស​ភាព​ចំនួន​៨​រូប​ ៈ ១-សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ២-លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ៣-លោក​ សាយ​ ឈុំ​ អនុ​ប្រធាន​ទី​១​ព្រឹទ្ធ​សភា ៤-លោក​ប្រាក់​ សុខុន​ ៥-លោក​ ព្រុំ សុខា ៦-លោក​ សក់​ សេដ្ឋា​ ៧-លោក​ សោម​ សឿន​ និង​៨-លោក​ កើត​ រិទ្ធ ។ ចំណែក​ខាង​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​​សមាស​ភាព​ ១-លោក​ សម​ រង្សុី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ២-លោក​​ កឹម​ សុខា អនុ​ប្រធាន​​ ៣-លោក​ ប៉ុល​ ហំ, ៤-លោក​ អេង​ ឆៃ​អា៊ង ៥-លោក​ សុន​ ឆ័យ ៦-លោក​ យឹម​ សុវណ្ណ​​ ៧-លោក​ គួយ​ ប៊ុន​រឿន​​ និង​៨-​លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ​ ។

បន្ទាប់​ពី​ការ​ពិភាក្សា​រវាង​គណ​បក្ស​ទាំង​ពីរ​ចប់​សព្វ​គ្រប់​ លោក​ ព្រុំ សុខា បាន​ថ្លែង​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ដំណោះ​ស្រាយ​នយោ​បាយ​​រវាង​គណ​បក្ស​ទាំង​ពីរ​ ​បាន​ចុះ​ហត្ថ​លេខា​​ដោយ​ថ្នាក់​ដឹក​នាំ​រវាង​គណ​បក្ស​ទាំង​ពីរ​រួច​មក​ គឺ​មាន​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​នេះ​​ចាត់​ទុក​ថា​ ជា​ការ​ពង្រឹង​សេ​ច​ក្តី​ទុក​ចិត្ត​ ហើយ​និង​ធានា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាព​​គ្នា​តាំង​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា ឆ្នាំ​២០១៤ ​មក​ ​និង​មាន​ចំណុច​បន្ថែម​មួយ​ចំនួន​ទៀត​កាន់​តែ​លម្អិត​ថែម​ទៀត​ ។

ចំណុច​មាន​នៅ​ក្នុង​ប្រការ​១​ថា គណ​បក្ស​ទាំង​ពីរ​ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ​ គឺ​ព្រម​ព្រៀង​ចូល​ប្រជុំ​សភា​ ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​សភា ចាប់​ពី​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​ស្បថ​​ចូល​កាន់​​តំណែង​​នៅ​ពេល​ដ៏​ខ្លី​​​ខាង​មុខ​នេះ ។ ប្រការ​២ ៖ ​គណបក្ស​ទាំង​២​​បាន​ឯក​ភាព​គ្នា​​​ដើម្បី​កែ​ទម្រង់​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)​ ទៅ​ជា​ស្ថាប័ន​​ឯក​រាជ្យ​​ ។ ​ក្នុង​ការ​ពិភាក្សា​​ ថ្នាក់​ដឹក​នាំ​កំពូល​បាន​ឯក​ភាព​គ្នា​បន្ថែម​​ឱ្យ​កាន់​តែ​ច្បាស់​​ថែម​ទៀត​​​ អំពី​សមាស​ភាព​​​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ មាន​សមាស​ភាព​​ចំនួន​៩​រូប​ ។ ក្នុង​ចំណោម​៩​រូប​នេះ​ មាន​៤​រូប​ដែល​ឧទ្ទេស​នាម​ជ្រើស​រើស​ដោយ​គណបក្ស​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​​៤​រូប​ទៀត​​ស្នើ​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ហើយ​មិន​មែន​នៅ​ក្នុង​រដ្ឋា​ភិបាល​ ហើយ​នៅ​សល់​មួយ​រូប​ទៀត​ជ្រើស​​តាំង​ដោយ​ការ​ព្រម​ព្រៀង​គ្នា​​ (កុង​សង់​ស៊ីស) រវាង​គណបក្ស​​ដែល​មាន​អាសនៈ​ក្នុង​សភា ។ គឺ​បាន​ព្រម​ព្រៀង​គ្នា​ដាក់​ទៅ​ក្នុ​ង​រដ្ឋ​ធម្ម​នុញ្ញ​​​​តែ​ម្តង នៅ​ត្រង់​ជំពូក​១៥​ថ្មី ដែល​និយាយ​អំពី​តួនាទី​​ភារ​កិច្ច​​ ក៏​ដូច​ជា​អាណត្ត​ិស្ថាប័ន​​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​​​​នេះ​គឺ​ទៅ​តាម​នីតិ​វិធី​​​ ទៅ​តាម​គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​របស់​សភា​​ ។

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា ត្រូវ​ដំណើរ​ការ​​រៀប​ចំ​ឱ្យ​មាន​ការ​ជ្រើស​រើស​ដោយ​បើក​ចំហ​ និង​តម្លា​ភាព​ គឺ​មិន​មែន​គ្រាន់តែ​គណបក្ស​ទាំង​២​ស្នើ​មក​នោះ​ទេ​​ តែ​អាច​ទទួល​ពាក្យ​ស្នើ​ពី​សង្គម​ស៊ី​វិល​​ ឬ​មជ្ឈ​ដ្ឋាន​ផ្សេងៗ​ដែល​មាន​​បំណង​ចង់​ឈរ​ជា​បេក្ខ​ជន​ គ.ជ.ប​​ រួច​ហើយ រៀប​ចំ​បញ្ជី​​នេះ បញ្ជូន​ទៅ​​ឱ្យ​​សភា​ពេញ​អង្គ​​ សមា​ជិក​​សភា​ទាំង​មូល​​​ធ្វើ​ការ​បោះ​ឆ្នោត​​​ទុក​ចិត្ត​​ដោយ​សំឡេង​​ភាគ​ច្រើន​​ដាច់​ខាត​​​​ ឬ​​៥០%+១។ បញ្ហា​នេះ​បាន​ឯក​ភាព​គ្នា​ច្បាស់​លាស់​ហើយ​ ។ ជាមួយ​នេះ​ក៏​មាន​ការ​ជជែក​គ្នា​ទៀត​ដែរ​​ ក្នុង​៩​រូប​ មាន​៤​រូប​មក​ពី​គណបក្ស​ដឹក​នាំ​រដ្ឋា​ភិបាល​ ៤​រូប​ទៀត​​​មក​ពី​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​​​ដែល​មាន​អាសនៈ​ក្នុង​សភា​ ចំពោះ​១​រូប​ទៀត​ដែល​នៅ​សល់​​​ ចាំ​កុង​សង់​ស៊ីស​​ តែ​បើ​បោះ​ឆ្នោត​រើស​មិន​ចេញ គឺ​ឱ្យ​ គ.ជ.ប​​ ចាស់​ដំណើរ​ការ​ ។
មិន​មែន​សម្រាប់​តែ​ថ្ងៃ​នេះ​ទេ​​ ​ការ​ធ្វើ​នេះ​ការ​​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ បើ​សិន​ជា​​ដាក់​ក្នុង​ច្បាប់​​គឺ បក្ស​កាន់​អំណាច​អាច​កែបាន​​ ព្រោះមិន​មែន​សម្រាប់​តែនៅ​ថ្ងៃ​នេះ​ទេ​ គឺ​ដល់​ពេល​៥ឆ្នាំ​ ឬ​១០​ឆ្នាំ​ទៀត​ បើ​មាន​បញ្ហា​ជាប់​គាំង​ច្បាប់ គឺ​ត្រូវ​បើក​ផ្លូវ​ថា មាន​ការ​ធានា​​ថា​ និរន្តរភាព​​នៃ​រដ្ឋ​បាល​ការ​បោះ​ឆ្នោត​នេះ​មិន​អាច​ដាច់​បាន​ទេ ទុក​ឱ្យ​ស្ថាប័ន​ដែល​មាន​​ស្រាប់​ដំណើរ​ការ​របស់​ខ្លួន​តទៅ​ទៀត ។

ជាមួយ​នេះ​ ក៏​មាន​និយាយ​អំពី​​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរ​ការ ។​ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​ឱ្យ​គណៈ​កម្មការ​ចម្រុះ​ដែល​មានស្រាប់​ បន្ត​ការ​ពិភាក្សា​គ្នា​រៀបចំ​​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ស្រប​តាម​សេចក្តី​ប្រកាស​រួម​​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពីថ្ងៃ​ទី​១៨​ កុម្ភៈ​ ឆ្នាំ​២០១៤ ហើយ​រួម​ទាំង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី ។​ ប្រការ​៣​ ៈ គណបក្ស​ទាំង​ពីរ​​ឯកភាពគ្នា​កំណត់​ឡើងវិញ​នូវ​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ ។​

កន្លង​ទៅ​ កាលពី​ថ្ងៃទី​៩​ មេសា​​ ​ឆ្នាំ​២០១៤​ ថ្នាក់ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​បាន​ឯក​ភាពគ្នា​ធ្វើ​​ការ​កំណត់​កាល​បរិច្ឆេទ​ឡើងវិញ ។​ បុ៉ន្តែ​ឥឡូវ​នេះ​ ​គឺ​អត់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​ទេ​ ទុក​ចំហជជែក​គ្នា​​ដោយ​យោង​ទៅ​តាម​ ពិសេស​អំពី​បញ្ហា​បច្ចេក​ទេស​ ឬ​ទិដ្ឋ​ភាព​ផ្សេងៗ​ ទិដ្ឋ​ភាព​រដ្ឋបាល​នៃ​ការ​បោះ​ឆ្នោត​ ដោយ​មាន​កិច្ច​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ។​ ឧទាហរណ៍​ បញ្ជី​ចុះឈ្មោះ​បោះ​ឆ្នោត​ គឺ​ត្រូវ​រៀបចំ​ជា​ថ្មី​ ដូច្នេះ​យោង​តាម​ការ​កំណត់​រៀបចំ​នេះ គឺ​នឹង​កំណត់​ឡើង​វិញ​នូវ​កាល​បរិច្ឆេទ​នៃការ​បោះ​ឆ្នោត ។​ បុ៉ន្តែ​មិន​មែន​មាន​ន័យ​ថា​ បោះ​ឆ្នោត​ឡើង​វិញ​​មុ​នអាណត្តិ​ទេ​ គឺ​យោង​ទៅ​តាម​ដំណើរ​ការ​​រៀបចំ​ជាក់ស្តែង​នៃ​ការ​រេៀបចំ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ។​

ប្រការ​៤ ៈ​ សំខាន់​គឺ​ការ​បែងចែង​អំណាច​រវាង​នីតិ​ប្ប​ញ្ញត្តិ​ នីតិ​ប្រតិបត្តិ ។​ ចំណុច​មួយ​ គណ​បក្ស​ទាំងពីរ​បាន​ឯក​ភាពគ្នា​ធ្វើ​វិសោធន​កម្ម​ កែ​សម្រួល​ បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បានត្រឹម​ត្រូវ ​មាន​ប្រសិទ្ធ​ភាព ។ ក្នុង​​នោះ​ក៏បាន​​ឯកភាព​​គ្នា​ចំណុច​​មួយ​​តាម​ស​ំណូម​ពរ​​របស់​គណប​ក្ស​សង្គ្រោះ​ជាតិ​​​ គឺការ​​លើក​កម្ពស់​​តួនាទី​សិទ្ធិ​អំណាច​​របស់​គណ​បក្ស​ដែល​មាន​អាសន​ៈ​​នៅ​ក្នុង​រដ្ឋ​សភា​​ ហើយ​ដែល​មិន​​ចូល​រួម​ក្នុង​រដ្ឋាភិបាល​​ស្រប​តាម​​រដ្ឋ​ធម្ម​នុញ្ញ​​ ច្បាប់ និងលិខិតបទ​ដ្ឋាន​ជាធរមាន​ ។ (នេះ​​ជា​ចំណុច​​បាន​ព្រម​ព្រៀង​គ្នា​ )ចំពោះ​ការ​បែង​ចែក​ក្បាល​ម៉ាសីុន​​ដឹកនាំ​រដ្ឋ​សភា​​កន្លងទៅ​​ថា​ឯក​ភាព​គ្នា​តាមរូបមន្ត​​ក្នុង​គណ​ៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​​៧ទល់​​៦​ ។ មាន​ន័យថា​ ក្នុង​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​​សភា​បច្ចុប្បន្ន​មាន​​​១២រូប​រាល់​ថ្ងៃ​ ឥឡូវ​ឯក​ភាពគ្នា​​កែបទ​បញ្ជា​​វិញ​ក្នុង​រដ្ឋ​សភា​គឺ​បានស្នើ​​បង្កើត​បន្ថែម​​គណៈ​កម្ម​ការ​​ជំនាញ​ថ្មី​មួយ​ទៀត​គឺ​​គណៈ​​កម្មការ​​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ​​​ ។

ការ​បែង​ចែក​នោះ គឺ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​បាន​​៧​ មាន​ប្រធាន​សភា អនុប្រធាន​ទី​​២ ហើយ​និង​ប្រធាន​គណៈ​​កម្ម​ការ​​៥​រូប​ទៀត ។ ​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​អនុ​ប្រធាន​ទី​​១ ​បូក​ជាមួយ​​នឹង​ប្រធាន​គណៈ​កម្មការ​​​​​៥​រូប​ទៀត ​ដូច្នេះ​គណ​ៈ​​​កម្ម​ការ​​​​ថ្មី​​ដែល​ទើប​បង្កើត​​​ជូន​ទៅ​គណ​បក្ស​សង្គ្រោះជាតិ​ជា​ប្រធាន ។ ​ក្នុងគណ​ៈ​​កម្ម​ការ​​មួយៗមាន​សមាសភាព​​​៩រូប​ ។​ គណៈ​​កម្មការ​​ដែល​គណ​បក្ស​​​ប្រជា​ជនកម្ពុជា​​ធ្វើជាប្រធាន​​និង​ធ្វើ​ជា​លេខាធិការ​​ រួម​មាន គណៈ​​កម្ម​ការ​ទី​២​ គណៈ​​​កម្ម​ការ​ទី​​៤  គណ​ៈ​កម្ម​ការ​ទី​​៥  គណ​ៈ​កម្ម​ការ​ទី​​៦ និង​គណ​ៈ​កម្ម​ការ​ទី​​​​  ៩ ។ គណ​ៈ​កម្ម​ការ​​​ដែល​គណ​បក្ស​សង្គ្រោះជាតិ​​ធ្វើ​ជា​ប្រធាន​​និង​ធ្វើ​ជា​​​លេខា​ធិការ​ រួម​មាន​ ​គណៈ​​កម្ម​ការ​ទី​​១ ​,គណ​ៈ​​​​​កម្ម​ការ​ទី​​​៣ ,គណ​ៈ​កម្ម​ការ​ទី​​​​៧ ​,គណ​ៈ​កម្ម​ការ​ទី​​​៨ និង​គណ​ៈ​កម្ម​ការ​ទី​​​១០​ ។ ដូច្នេះ​​គឺ​ចែក​គ្នា​ស្មើទាំង​អស់​​មាន​ន័យ​ថា​ តុល្យ​ភាព​​អ្វី​ដែល​បាន​រៀប​ចំគឺ​​បាន​ពេញ​លេញ​ហើយ​ ។​

ប្រការ​​៥​ គឺជា​ប្រកា​រ​ទើប​តែ​បន្ថែម​ថ្មី​​ទេ គណ​បក្ស​ទាំង​ពីរ​​ឯកភាព​​គ្នា​ថា​នឹង​​ពិនិត្យ​ឡើង​វិញ​​នូវ​ក្បាល​ម៉ាសីុន​​ដឹក​នាំ​ព្រឹទ្ធ​សភា ។ ​ប្រការ​៦​ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ធ្វើ​ការ​កែ​ទម្រង់​ និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ ពិសេស​ស្ថាប័ន​ឯករាជ្យ​ ធានា​ឱ្យ​អាច​បំពេញ​ការ​ងារ​បម្រើ​ជាតិ​ ប្រជា​ពលរដ្ឋ​ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ និង​នីតិរដ្ឋ​ ។​ ប្រការ​៧​ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ក្នុង​ការ​សិក្សា​ដើម្បីឈាន​ទៅ​ធ្វើ​វិសោធនកម្ម​បទ​ដ្ឋាន​គតិយុត្ដ​ពាក់ព័ន្ធ​ដើម្បី​ធានា​ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​ ។ លោក ព្រំ​ សុខា​ បាន​ជម្រាប​ជូន​ចំណុច​មួយ​នៅក្នុងកិច្ច​ប្រជុំ​នេះ​ គឺ​គណបក្ស​ទាំង​ពីរ​បានឯក​ភាព​គ្នា​ មិន​ត្រឹម​តែ​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​ គឺ​បាន​បង្កបរិយាកាស​ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្ដិការ​ល្អ​ក្នុង​ផល​ប្រយោជន៍​ដ៏ឧត្ដុង​្គឧត្ដម​របស់​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ ។​ ដូច្នេះ​ក្នុង​ឱកាស​នេះ​ គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ទាក់​ទង​ដល់​ព្រឹត្ដិការណ៍​ចុង​ក្រោយ​ដែល​ធ្វើ​ឱ្យ​មាន​បរិយាកាស​តាន​តឹង​ ចំពេល​ដែល​ជន​ត្រូវ​ចោទ​ទាំង​៨​រូប​ក្នុង​នោះ​មាន​៧​រូប​ ជា​បេក្ខជន​តំណាង​រាស្រ្ដ​ជាប់ឆ្នោត​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចោទ​អំពីអ្វី​ដែល​ក្នុង​នីតិវិធី​របស់​តុលាការ​ថ្ងៃ​នេះ​ តាម​រយៈ​មេធាវី​ស្នើ​សុំ​របស់សាមី​ខ្លួន​ឱ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ ។​

គណបក្ស​ទាំង​ពីរ​មិន​អាច​ធ្វើ​រំលង​តុលាការ​ទេ​​ គណបក្ស​ទាំង​ពីរ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​នៃ​ការ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ ។​ ប៉ុន្ដែ​មានន័យ​ប្រហែល​ប្រាកដ​ជា​មាន​អ្នក​បក​ស្រាយ​ថា​ មានកិច្ចប្រជុំកំពូល​ ហើយ​មាន​បញ្ហា​នោះកើត​ឡើង​ ហើយ​កន្លង​ទៅ​ជា​រឿង​នយោបាយ​​គឺ​ពុំ​មែន​ទេ​ ។ តាម​សំណើ​របស់​សាមី​ខ្លួន​ គណបក្សទាំង​ពីរ​គ្រាន់​តែ​ស្នើ​សុំ​តុលាការ​ពន្លឿន​ពិនិត្យ​នីតិ​វិធី ៕​