ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារទឹក​អាសីុត​សង្ស័យស្នេហា​ត្រី​កោណ

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ស្ត្រី​ក្មេង​ចាស់​៣​នាក់​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​​ដោយ​ទឹក​អាស៊ីត​នៅ​តូប​លក់​គុយ​ទាវ​ យីហោ​អុី​ញ៉ាញ់​ ក្នុង​ផ្សារ​​អគ្គៈថ្មី​ ស្ថិត​ក្នុង​​ភូមិ​បាលិលេយ្យ​​១ សង្កាត់​ប៉ោយ​ប៉ែត​ កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២១ កក្កដា​ ដែល​ហេតុ​ការណ៍​នេះ​ គេដាក់​ការ​សង្ស័យ​ទៅ​លើ​ករណី​ស្នេហា​ត្រី​កោណ​​ ។

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ស្ត្រី​ក្មេង​ចាស់​៣​នាក់​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​​ដោយ​ទឹក​អាស៊ីត​នៅ​តូប​លក់​គុយ​ទាវ​ យីហោ​អុី​ញ៉ាញ់​ ក្នុង​ផ្សារ​​អគ្គៈថ្មី​ ស្ថិត​ក្នុង​​ភូមិ​បាលិលេយ្យ​​១ សង្កាត់​ប៉ោយ​ប៉ែត​ កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២១ កក្កដា​ ដែល​ហេតុ​ការណ៍​នេះ​ គេដាក់​ការ​សង្ស័យ​ទៅ​លើ​ករណី​ស្នេហា​ត្រី​កោណ​​ ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ ដែល​​ជា​ម្ចាស់​តូបឈ្មោះ​ ហ៊ុល ស្រី​អន ភេទ​ស្រី អាយុ​៤៤ឆ្នាំ​ និយាយ​ថា មុន​ហេតុ​ការណ៍​កើត​ឡើង​មានស្ត្រី​ម្នាក់​ពាក់​ម៉ាស់ និង​ពាក់​មួក​ជិត​មក​ឈរ​​ខាង​លិច​តូប​របស់​គាត់ ។ បន្ទាប់​មក​ក៏​មាន​សកម្ម​ភាព​ជះ​ទឹក​អាស៊ីត​ប្រាវ​តែ​ម្តង​ ធ្វើ​ឱ្យ​ជន​រងគ្រោះ​​ទី​១ ដែល​ជា​​ស្ត្រី​ភេទ​ ហុយ​ផ្សែង​ទ្រលោម​​នៅ​លើ​ក្បាល​ ។ ក្នុង​នោះស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​កូន​ស្រី​វ័យប្រហែល​៥​ឆ្នាំ​​ កំពុង​អង្គុយ​ហូប​គុយ​ទាវ​នៅ​ក្បែរ​នោះ​ ក៏​រង​របួស​​រលាក​រាង​កាយ​​ដែរ ។​

នៅ​កន្លែង​កើត​ហេតុ​មាន​បន្សល់​ទុក​ទឹក​អាស៊ីត​ចំនួន​២​ដប​ស្រាបៀរ​ដប​ធំ ផ្តិល​១ និង​កាបូប​១​ ហើយ​ស្ត្រី​ដៃ​ដល់​​ជា​ម្ចាស់​ទឹក​អាស៊ីត​បាន​រត់​កាត់​ផ្សារ​ទៅ​​ទិស​ខាង​ជើងបាត់​​ស្រមោល។ ចំណែក​ស្ត្រី​រងគ្រោះ​បាន​ឡើង​ម៉ូតូ​​ឌុប​ទៅ​គ្លីនិក​​ឯកជន​មួយ​ បន្ទាប់​មក​ត្រូវ​ប្តី​ដឹក​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជបុ៉ន​ មង្គល​បុរី​ ដើម្បី​ព្យាបាល ។ រី​ឯ​ស្ត្រី​២​នាក់​​ម្តាយ និង​កូន​ដែល​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​នោះ​មិនដឹង​ថា ទៅ​ព្យាបាល​នៅ​ទីណា​ទេ។​

បើ​តាម​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ដែល​ឌុប​ស្ត្រី​រង​គ្រោះ​​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ បាន​ប្រាប់​ថា​ តាម​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​គាត់​ថា ស្ត្រី​ដៃ​ដល់​នោះ​ជាប្រពន្ធ​ចុង​របស់​ប្តី​គាត់ ។​ ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដែល​គេ​ធ្លាប់​តែ​ឮ​ថា​ ប្រពន្ធ​ដើម​វាយ​ប្រហារ​លើ​ប្រពន្ធ​ចុង​ ឬ​ជាស្ត្រី​កំណាន់​របស់​ប្តី តែ​ករណី​នេះ​ បែរ​ជាប្រពន្ធ​ចុង​វាយ​ប្រហារ​លើ​ប្រពន្ធ​​ដើម​ទៅ​វិញ​ ពិត​ជា​ខ្លាំង​របស់​គេ​មែន​ ។​ នៅ​ចំពោះ​មុខ​នគរបាល​ដែល​បាន​ទៅ​សួរ​នាំ​បុរស​ជាប្តី​ឈ្មោះ​ ង៉ែត​ វុទ្ធី​ អាយុ​៥១​ឆ្នាំ​ ​មាន​ទី​លំនៅ​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដែល​កំពុង​​នៅ​កំដរ​ប្រពន្ធ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-​ជបុ៉ន​  ស្រុក​មង្គល​បុរី​ បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​ជា​អ្នក​មើល​ការខុសត្រូវ​ឱ្យ​រោង​ចក្រ​បារី​ ជា​បុរស​ពោះ​ម៉ាយ​ បានរៀប​ការ​ជា​មួយ​ស្ត្រី​ឈ្មោះ តាំង​ មួយ​ជួ អាយុ​៣០ឆ្នាំ​ ដែល​ជាស្ត្រី​មេម៉ាយ​កូន​១ មាន​ទីលំនៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ។​

គាត់​ និង​ស្ត្រី​រង​គ្រោះ​បាន​គ្នា​ជាប្តី​ប្រពន្ធ​រយៈ​ពេល​ជិត​៤​ខែ​មក​ហើយ​ គឺរៀប​ការ​​នៅ​ខែ​មីនា ឆ្នាំ​២០១៤ ។​ អ្នក​ដែល​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​​គាត់​នោះ​ឈ្មោះ​ ពៅ សុខា​ អាយុ​២៦ឆ្នាំ​ អតីត​ជា​កម្មករ​​​រោងចក្រ​ផ្នែក​ចុងភៅ​ ។ បច្ចុប្បន្នស្ត្រី​រូប​នេះ​បាន​ឈប់​ធ្វើ​ការ​រយៈ​ពេល​ជាង​៦​ខែ​ហើយ ។​ ​
បុរស​ដែល​អះ​អាង​ថា​ ជា​ប្តី​រៀប​រាប់​ថា កាលពី​មុន នាងពៅ សុខា​ មិនទាន់​ឈប់​ធ្វើ​ការ​ គឺ​ជាមួយ​គ្រួសារ​របស់​លោក​មាន​ទំនាក់​ទំនង​គ្នា​ល្អណាស់​ ។ ចំពោះ​ការ​ឈប់​ធ្វើ​ការ​នោះ​ ដោយ​សារ​ឈ្មោះ​សុខា ចាយ​លុយ​ថ្លៃ​ម្ហូប​លើស​កំណត់​ ​ដែល​ក្នុង​១​ថ្ងៃ​គេ​ឱ្យ​ចាយ​ថ្លៃ​ម្ហូប​កំណត់​ត្រឹម​តែ​១០​ម៉ឺន​រៀល​បុ៉ណ្ណោះ​ បុ៉ន្តែ​ចុង​ភៅ​នេះ​ចាយ​៣ថ្ងៃ​អស់​លុយ​២​លានរៀល​ ដែល​លោក​ឱ្យ​ចំនួន​២​លាន​រៀល​នោះ​សម្រាប់​ការទិញ​ម្ហូប​២០​ថ្ងៃ​ ។

ពេល​នោះ​​បានសុំ​​លុយ​ថ្លៃ​ម្ហូប​ទៀត​ លោក​ក៏​សួរ​នាំ​ បុ៉ន្តែ​នាង​និយាយ​ថា ទិញ​អីវ៉ាន់​ប្រើ​ប្រាស់​អស់​ហើយ ហើយ​លោក​​និយាយ​ថា បើ​ទិញ​​អីវ៉ាន់​ប្រើ​ប្រាស់​ ក៏​មិន​អស់​លុយ​ដែរ​​ រួច​លោក​ឱ្យ​ស្ត្រី​នោះ​រក​លុយ​មក​សង​ក្រុម​ហ៊ុន​វិញ​ ។ បន្ទាប់​មក​ក៏​ឱ្យ​លុយ​នាង​ចំនួន​២​លាន​រៀល​ទៀត​សម្រាប់​ថ្លៃ​ម្ហូប​រយៈ​ពេល​២០​ថ្ងៃ​​ បុ៉ន្តែ​ក្រោយ​ពី​ប្រគល់​ឱ្យ​ហើយ​ នាង​មក​ធ្វើ​ការ​តែ​៣ទៅ​៤​ថ្ងៃ​ក៏​ឈប់​មក​រហូត គឺ​គេច​ខ្លួន​បាត់​ ។​ តាម​បុរស​ជាប្តី​​និយាយ​បន្ត​ថា​​ មាន​ថ្ងៃ​មួយ​ក្នុង​អំឡុង​ខែ​មិថុនា​កន្លង​ទៅ​ ខណៈ​ពេល​​លោក​នាំ​ប្រពន្ធ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​គេ​ ស្រាប់តែ​កម្មករ​របស់​លោក​បាន​ទូរស័ព្ទ​ប្រាប់​ថា​ ស្ត្រី​ឈ្មោះ​ពៅ សុខា​ បាន​ចូល​ទៅ​បន្ទប់​លោក​​ធ្វើ​ការ​​ ។

ពេល​នោះ​លោក​បាន​មក​ជួប​ស្ត្រី​រូប​នោះ​ ដោយ​សាក​សួរពី​ការ​ចូល​បន្ទប់​​ធ្វើ​ការ​របស់​លោក​ រួច​ហើយ​ក៏​នាំប្រពន្ធ​ជិះ​រថយន្ត​​ទៅ​ចូល​រួម​បុណ្យ​គេបាត់​ទៅ ។​ ចាប់​ពី​ពេល​នោះ​មក​ ស្ត្រី​ឈ្មោះ​សុខា​ មិន​ដែល​មក​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​លោក​ទៀត​ឡើយ ។ លុះ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២១​ កក្កដា​ ស្រាប់​តែគេ​ទូរស័ព្ទ​ប្រាប់​ថា​ ប្រពន្ធ​របស់​លោក​ត្រូវ​ស្ត្រី​ម្នាក់​ជះ​ទឹក​អាស៊ីត​ដាក់​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ផ្នែកខាង​ឆ្វេង​ដង​ខ្លួន​ និង​ក្បាល ។​ បុរស​ឈ្មោះ​ ង៉ែត​ វុទ្ធី​ បញ្ជាក់​ថា​ ចំពោះ​រឿង​ស្នេហា​នោះ​ រូប​លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ស្ត្រី​ជាជនដៃដល់​នោះ​ទេ​ បុ៉ន្តែ​ចំពោះ​​ចិត្ត​ស្ត្រី​ដែល​ជា​​ជន​ដៃ​ដល់​ឈ្មោះ​សុខា​ មាន​ចិត្ត​មក​លើ​រូប​លោក​នោះ​ ក៏​មិ​នដឹង​ដែរ​ ។ ម្យ៉ាង​វិញ​ទៀត​ លោក​តែង​​និយាយ​ថា​ ធ្វើ​ការគិត​តែ​ធ្វើ​ការ កុំ​គិត​អ្វី​លើសពី​នេះ​ ប៉ុន្តែ​រឿង​ឈ្មោះ​សុខា​ បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ទៅ​លើ​ប្រពន្ធ​របស់​លោក​ មិនដឹង​ជារឿង​អ្វី​នោះ​ទេ ។

បើ​រូប​លោក​និង​ឈ្មោះ​សុខា​ ​នោះ​មិន​ដែល​ឈ្លោះ​ទាស់​ពាក្យ​សម្តី​នឹងគ្នា​ផង​នោះ​ គឺ​មាន​តែ​រឿង​លោក​ឱ្យ​ស្ត្រី​រូប​នោះ​យក​លុយ​មក​សង​ក្រុមហ៊ុន​បុ៉ណ្ណោះ​ ចំពោះ​លុយ​ដែល​នាង​ចាយ​លើស​កំណត់ ។​ ឈ្មោះ​សុខា​ នេះ​​មក​ធ្វើ​ការជាចុង​ភៅ​ដាំ​ស្ល​ក្នុង​រោង​ចក្រ​របស់​លោក​នេះ​ បាន​រយៈ​ពេល​ជាង​១​ឆ្នាំ​ផង​ដែរ ។​ តាម​សម្តីស្ត្រី​រងគ្រោះ​ជាប្រពន្ធ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា មុន​ពេល​​កើត​ហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ឌុប​ទៅ​ផ្សារ​អគ្គ​ៈ (ផ្សារ​ប៉ោយ​ប៉ែត)​ ដើម្បី​យក​លុយ​ទៅ​សង​ថ្លៃ​ទិញ​ផ្លែ​ឈើ​គេ ។​ ពេល​នោះ​​គាត់​បាន​ឃើញ​ស្ត្រី​ឈ្មោះ​សុខា​ ជិះ​ម៉ូតូ​ឌុបដែរ​ (ទិស​ដៅ​ផ្ទុយ​គ្នា)​ ដោយ​ពាក់​ម៉ាស់​មុខ ពាក់​មួក​ និង​មាន​កាន់​ផ្តិល​ បុ៉ន្តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ថា ឈ្មោះ​សុខា​​ នោះ​មាន​បំណង​​អាក្រក់​មក​លើ​​គាត់​ទេ ។​ ពេល​ទៅ​ដល់​ផ្សារ​ គាត់​ក៏​អង្គុយ​ហូប​បាញ់​ស៊ុង​មិន​ទាន់​យក​លុយ​​ទៅ​សង​គេ​ផង​ ស្រាប់​តែ​មានស្ត្រី​ម្នាក់​ជះ​ទឹក​អាស៊ីត​មក​លើ​គាត់ ហើយ​រត់​គេច​ខ្លួន​ ។

ពេលដែល​រត់​នោះ​គាត់​ដឹង​ថា​ ស្ត្រី​នោះ​ឈ្មោះ​សុខា​ ព្រោះ​បាន​ស្គាល់​សម្លៀក​បំពាក់​ដែល​​គាត់​ឃើញ​ពេល​ជិះ​ម៉ូតូ​ជួប​គ្នា ។​ ទាក់ទិន​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ មតិ​ប្រជាពលរដ្ឋ​​ដែល​ឃើញ​ហេតុ​ការណ៍​និយាយ​តៗគ្នាថា​ នេះ​គឺជារឿង​ស្នេហា​ត្រី​កោណ​ បើ​ទោះ​បីជា​បុរស​ឈ្មោះ​​ ង៉ែត វុទ​្ធី​ ជា​ប្តី​មិនបាន​បង្ហើប​ប្រាប់​ដល់​សមត្ថ​កិច្ច​ក៏​ដោយ​ បើ​មិន​ដូច្នោះ​មិន​មែន​​មាន​រឿង​ដល់​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ដូច្នេះ​ឡើយ ។​ នៅ​កន្លែង​កើត​ហេតុ​ នគរ​បាល​បុ៉ស្តិ៍​សង្កាត់​ប៉ោយ​ប៉ែត​បាន​រក​ឃើញ​ទឹក​អាស៊ីត​ច្រក​ក្នុង​​ដប​ស្រា​បៀរ​ចំនួន​២ដប​ទៀត​ និង​ផ្តិល​​ជ័រ​មួយ​ដែល​បាន​ប្រើ​​សម្រាប់​ជះ​ទឹក​អាស៊ីត​ ។ ករណី​នេះ​ សមត្ថ​កិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​និយាយ​ថា​ នឹង​ខិតខំ​ស្វែងរក​ជន​ដៃ​ដល់​ដែល​វាយ​ប្រហារ​​ដោយ​ទឹក​អាស៊ីត​នោះ​ដើម្បី​សួរនាំ​ថា តើ​ជា​ករណី​អ្វី​ គំនុំឬ​ក៏ជា​បញ្ហា​ស្នេហាត្រី​កោណ​ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់ ។​

គួរ​កត់​សម្គាល់​ថា​ ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​បាន​ស្ងប់​ស្ងាត់​ច្រើន​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​រាជ​រដ្ឋាភិ​បាល​ កាល​ពី​ឆ្នាំ​២០១១ ​បាន​ធ្វើ​ច្បាប់​ដាក់​ទោស​ជាទម្ងន់​​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត ។​ មិន​តែ​បុ៉ណ្ណោះ​ រាជ​រដ្ឋាភិ​បាល​ក៏​បាន​ដាក់​បញ្ញត្តិ​ដោយ​រឹត​បន្តឹង​នៅ​តាម​ទីផ្សារ​លក់ និង​ការ​នាំ​ចូលទឹក​អាស៊ីត​​ផងដែរ ។​ អ្នក​ច្បាប់​និយាយ​ថា​ អ្នកដែល​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ជាជន​ឧក្រិដ្ឋ​ ព្រោះ​អ្នក​រង​គ្រោះ​អាច​ពិការ​មួយ​ជីវិត ៕​