ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំ​ពាក្យសាលា​រាជធានី​ទទួលញត្តិ​ជំនួស​ស្ថាន​ទូត

9 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ​ ៖ ការព្យា​យាម​ដាក់​ញត្តិ​របស់​ព្រះ​សង្ឃ​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ សហ​ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ និង​ក្រុម​ប្រជា​ពល​រដ្ឋ​ជាច្រើន​រយ​នាក់ នៅ​ថ្ងៃទី​២២ កក្កដា​ គឺ​ជា​ថ្ងៃទី​២ ​នៃ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​វៀតណាម​​ប្រចាំ​ប្រទេ​សកម្ពុជា​ ។ ការ​តវ៉ា​នោះ​ គឺ​មាន​បំណង​ទាម​ទារ​ឱ្យ​មាន​​ការសុំ​ទោស​ជា​សាធារណៈ​ពីសំណាក់​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀត​ណាម លោក​ត្រឹង​ វ៉ាន់ថុង​ ដែល​បាន​និយាយ​ថា​ ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​វៀត​ណាម​

រាជធានី​​ភ្នំ​ពេញ​ ៖ ការព្យា​យាម​ដាក់​ញត្តិ​របស់​ព្រះ​សង្ឃ​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ សហ​ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ និង​ក្រុម​ប្រជា​ពល​រដ្ឋ​ជាច្រើន​រយ​នាក់ នៅ​ថ្ងៃទី​២២ កក្កដា​ គឺ​ជា​ថ្ងៃទី​២ ​នៃ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​វៀតណាម​​ប្រចាំ​ប្រទេ​សកម្ពុជា​ ។ ការ​តវ៉ា​នោះ​ គឺ​មាន​បំណង​ទាម​ទារ​ឱ្យ​មាន​​ការសុំ​ទោស​ជា​សាធារណៈ​ពីសំណាក់​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀត​ណាម លោក​ត្រឹង​ វ៉ាន់ថុង​ ដែល​បាន​និយាយ​ថា​ ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​វៀត​ណាម​ជា​​យូរ​យារ​ណាស់​មក​ហើយ​ មិន​មែន​ជា​ដែន​ដី​​ដែល​បារាំង​កាត់​ឱ្យ​នោះ​ទេ​​ ។

បុ៉ន្តែ​ការ​តវ៉ា​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​មាន​អ្នក​តំណាង​ម្នាក់​ គឺ​លោក​ថាច់​ សេដ្ឋា​ ប្រធាន​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រគល់​​ញត្តិ​ជូន​ដល់​លោក​ឡុង​ ឌីម៉ង់​ ជា​តំណាង​មកពី​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស​​ឱ្យ​ធ្វើ​ការ​ដោះស្រាយ​ជា​បន្ត​ទៀត​ ចំណែក​ស្ថាន​ទូត​វៀត​ណាម​ មិន​មាន​មន្ត្រី​ណា​ម្នាក់​​ចេញ​មក​ទទួល​យក​ញត្តិ​នោះ​ឡើយ ។​ ការ​មក​ជួប​ជុំ​​គ្នា​ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​វៀតណាម​ក្នុង​ថ្ងៃទី​២​ ​គឺ​ថ្ងៃ​ទី​២២ កក្កដា បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​​ត្រង់​ទើប​បញ្ចប់​ និង​ប្រកាស​រំសាយ​​ចេញពី​​មុខ​ស្ថាន​ទូត​វៀត​​ណាម​ប្រចាំ​នៅ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​ ដែល​មាន​ទីតាំង​​ស្ថិត​នៅ​​តាម​មហា​វិថី​ព្រះ​​មុនី​វង្ស​​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​​មន​ ។​

ស្រប​ពេល​ដែល​ក្រុម​​អ្នក​តវ៉ា​​ដាក់​ញត្តិ​​​​ ​កំពុង​នាំ​គ្នា​ទាម​ទារ​សា​ជា​ថ្មី​ទៀត​​​​នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម​ ដើម្បី​ដាក់​គំនាប​​ឱ្យ​អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​វៀត​ណាម ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​នោះ អាជ្ញា​ធរ​​រាជ​ធានី​​ភ្នំពេញ​​ បាន​កោះ​ហៅ​សហ​ព័ន្ធ​និស្សិត​​បញ្ញវន្ត​​​កម្ពុជា និង​​សមាគម​​ខ្មែរ​​​កម្ពុជា​​ក្រោម​ដើម្បី​​ប្រជុំ​ពិភាក្សា ជា​ពិសេស​​បញ្ចៀស​ការ​​តវ៉ា​​បិទ​ផ្លូវ​ និង​រក​​វិធី​ធ្វើ​យ៉ាង​ណា​ផ្តល់​ញត្តិ​នោះ​​​ឱ្យ​បាន​ដល់​ស្ថាន​ទូត​​វៀត​ណាម ។ កិច្ច​ប្រជុំ​​នេះ​បាន​ធ្វើ​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​២២ ក​ក្កដា ក្រោម​អធិប​តី​ភាព​​លោក​​ ឃួ​ង ស្រេង អភិ​បាល​​រង​រាជ​ធានី​​ភ្នំពេញ ។ ក្រុម​​អ្នក​តវ៉ា​​ តំណាង​ដោយ​លោក ថាច់ សេដ្ឋា ប្រធាន​​សមាគម​​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​សហ​ព័ន្ធ​និស្សិត​បញ្ញ​វន្ត​​កម្ពុជា និង​មន្ត្រី​​ក្រោម​ឱវាទ​​សាលា​​រាជ​ធានី​​ភ្នំពេញ​​​ជា​ច្រើន​រូប​​ទៀត ។

លោក​ឃួង ស្រេង បាន​លើក​ឡើង​ថា ការ​កោះ​ហៅ​​សហ​ព័ន្ធ​​និស្សិត​​បញ្ញ​វន្ត​​កម្ពុជា និង​សមាគម​​​ខ្មែរ​​កម្ពុជា​ក្រោម​មក​ប្រជុំ​ពិភាក្សា​នេះ គឺ​ក្នុង​គោល​បំណង​​បញ្ចៀស​ការ​​បិទ​ផ្លូវ​ដោយ​ហេតុ​​ថា​​ បង​ប្អូន​បាន​​​ដង្ហែ​ក្បួន​​​កាល​ពី​ថ្ងៃ​ទី​​២១ កក្កដា ដើម្បី​យក​​ញត្តិ​​ទៅ​ដាក់​តាម​ស្ថានទូត បាន​សម្រេច​​ជោគ​ជ័យ​ហើយ ។ ទោះបី​ស្ថានទូត​វៀតណាម​​មិន​ទទួល​យក​​ញត្តិ​​ពី​បង​ប្អូន​​ក៏​ពិត​មែន ប៉ុន្តែ​អ្វី​​ដែល​ជា​បំណង​របស់​សមាគម​​​​ទាំង​ពីរ​បាន​ធ្វើ​នោះ​ ត្រូវ​បាន​ផ្សព្វ​ផ​​្សាយ​​​ដឹង​ឮ​ដល់​មតិ​ជាតិ និង​អន្តរ​ជាតិ​បាន​ដឹង​អស់​ទៅ​ហើយ មិន​គួរ​បង​ប្អូន​បន្ត​​ធ្វើ​​ដោយ​បិទ​ផ្លូវ​មុខ​ស្ថាន​ទូត​វៀត​ណាម​​ជា​​ថ្មី​ម្តង​ទៀត​នោះ​ទេ ។ ម្យ៉ាង​ទៀត​ ការ​​ធ្វើ​បែប​នេះ​ ក៏​ហាក់​ដូច​ជា​បង​ប្អូន​ចាប់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដែរ ។​

ជា​លទ្ធ​ផល​ បន្ទាប់​​ពី​ប្រជុំ​ពិភាក្សា និង​ការ​សម្រប​សម្រួល​​ពី​​អាជ្ញា​ធរ​រាជ​ធានី​​ភ្នំពេញ​​​អស់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​​រួច​មក តំណាង​ក្រុម​​អ្នក​តវ៉ា​​​​បាន​ឯក​ភាព​ និង​​​ឱ្យ​មន្ត្រី​​សាលា​​រាជ​ធានី​​ភ្នំ​ពេញ ជា​អ្នក​ចេញ​មុខ​ទៅ​ទទួល​យក​ញត្ដិ​នៅ​មុខ​ស្ថាន​ទូត​វៀតណាម​ និង​បញ្ជូន​ញត្ដិ​នោះ​បន្ត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដើម្បី​សម្រប​សម្រួល​បន្ដ​ ។​ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ និង​សហព័ន្ធ​និស្សិត​បញ្ញវន្ដ​កម្ពុជា​និយាយ​ថា​ សមាគម​របស់​លោក​នឹង​ទុក​ពេល​ឱ្យ​២​សប្ដាហ៍​ បើ​មិន​មានការ​ឆ្លើយ​តប​ទេ​ ក្រុម​របស់លោក​នឹង​តវ៉ា​បន្ដ​ទៀត ក្នុង​បំណង​ឱ្យ​វៀតណាម​ទទួលស្គាល់​សច្ចភាព​ប្រវត្ដិ​សាស្រ្ដ​ទឹក​​ដី​កម្ពុជា​ក្រោម​ ដែល​ជា​​អតីត​ទឹក​ដី​របស់ខ្មែរ​ ។​

ទាក់ទិន​នឹង​ការ​កំណត់​ពេល​នេះ​ លោកឃួង​ ស្រេង​ បាន​បញ្ជាក់​ថា​ អាជ្ញាធរ​រាជ​ធានី​មិន​អាច​កំណត់​ពេល​បាន​ទេ​​ គឺអាស្រ័យ​ទៅ​លើ​ក្រសួង​ការ​បរទេស​ ព្រោះ​សាលា​រាជ​ធានី​មិន​អាច​លូក​ដៃ​ទៅ​ក្នុង​ស្ថាប័ន​ថ្នាក់​ជាតិ​បាន​ទេ​ គឺ​គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល​ និង​បញ្ជូន​ញត្ដិ​នេះ​ទៅ​ក្រសួង​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​មិនមាន​ន័យ​ថា​ អាជ្ញាធរ​ចូល​រួម​ដាក់ញត្ដិ​នោះ​ដែរ​ ។​ ការប្រមូល​គ្នា​ដាក់​ញត្តិ​ដើម្បី​សុំ​ឱ្យ​មាន​ការ​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​របស់​អ្នក​នាំ​​ពាក្យ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ នាព្រឹក​ថ្ងៃទី​២២ កក្កដា​​​ នោះ​ផង​ដែរ​ បាន​ទម្លាក់​​ការ​ទាមទារ​ថា​ ប្រសិន​បើ​មិន​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​ដោយ​ផ្ទាល់​មាត់​ទេ គឺ​សុំ​ឱ្យ​មាន​ការ​សុំ​ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ក៏​បាន​ដែរ ។ ក្នុង​ពេល​នោះ​ដែរ​ ខាង​ព្រះ​សង​្ឃ​ដែល​និមន្ត​មកពី​កម្ពុជា​ក្រោម​ ក៏​បាន​ប្រកាស​​ដែរ​ថា​ សុំ​ឱ្យ​ប្រទេស​វៀត​ណាម​​ធ្វើ​ការ​ដោះ​លែងព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន២​អង្គ​ ព្រះ​នាម​​ លីវ នី ជា​ព្រះ​ចៅ​អធិការ​ និងព្រះ​នាម ថាច់ ធឿន ជា​គ្រូ​សូត្រ​​នៅ​វត្ត​សិរី​តា​សេក​ ស្រុក​ជ្រោយ​ញរ ខេត្ត​ឃ្លាំង​ ដែល​បាន​ចាប់​ផ្សឹក​ ហើយ​យក​ទៅ​ដាក់​ពន្ធនា​គារ​កាលពីថ្ងៃទី​១៦​ កក្កដា​ ២០១៣​ កន្លង​មក ។​

ក្នុង​ពិធី​ប្រគល់​​ញត្តិ​របស់​លោកថាច់ សេដ្ឋា​​ ជា​តំណាង​ឱ្យ​ក្រុម​អ្នក​តវ៉ា​ទាំង​អស់​​ដែល​បាន​​មក​ចូលរួម​នោះ​ ​ក្រោយ​ពី​ធ្វើ​ការ​ប្រគល់​​ហើយ​ លោក​មានប្រសាសន៍​ថា​ បន្ទាប់​ពី​មាន​ការ​ចរចា ​និង​ដោះ​ស្រាយ​គ្នានៅ​សាលា​រាជ​ធានី​ភ្នំពេញ​រួច​មក​ ទើប​លោក​ព្រម​ប្រគល់​ញត្តិ​នេះ​ទៅ​ឱ្យ​លោក​ឡុង​ ឌីម៉ង់​ ជា​តំណាង​​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​យក​ទៅ​ដោះស្រាយ​ជូន​ដល់​បង​ប្អូន​ទាំង​អស់​គ្នា ​។ ជា​មួយ​នេះ​ ក៏​សូម​ឱ្យ​បង​​ប្អូន​ដែល​បាន​មក​ចូល​រួម​ក្នុង​ពេល​នេះ​រំសាយ​ ដោយ​ទុក​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​ជាមួយ​នឹង​រដ្ឋាភិ​បាល​វៀត​ណាម​វិញ​ និង​ដកឃ្លា​​ដើម្បី​រង់​ចាំ​តាម​ដាន​​ជា​ប​ន្ត​ទៀត​​​ក្នុង​រយៈ​ពេល​២​អាទិត្យ​ខាង​មុខ។​

លោក​ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ និង​ជាអ្ន​កតំណាង​ដែល​មក​​ទទួល​​ញត្តិ​នៅ​ខាង​មុខ​ស្ថាន​ទូត​វៀត​ណាម​​ប្រចាំ​ប្រទេស​កម្ពុជា​​ នៅ​ព្រឹក​នោះ​និយាយ​ថា​ លោក​នឹង​​នាំ​យក​ញត្តិ​ដែល​បង​ប្អូន​​យក​មក​ដាក់​ជូន​ទៅ​ស្ថាន​ទូត​វៀត​ណាម​នាពេល​នេះ​បន្ត​ទៅ​ក្រសួង​ការបរទេស​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ស្ថាន​ទូត​​ជាបន្ត​ទៀត ។​ ក្នុង​ពិធី​ប្រគល់​ញត្តិ​នោះ​ គឺ​មាន​កា​រ​ស្រែក​តវ៉ា​ប្រឆាំង​ពី​សំណាក់​ព្រះ​សង​្ឃ​ ប្រជា​ពល​រដ្ឋ​ និង​ក្រុម​និស្សិត​ផងដែរ​ ក្នុង​ការ​ប្រគល់​ជូន​ដល់​អ្នក​តំណាង​ជាជន​ជាតិ​ខ្មែរ​ គឺ​ពួកគាត់​ចង់​ឱ្យ​មាន​អ្នក​តំណាង​ជាជន​ជាតិ​វៀត​ណាម​ ដែល​ជា​បុគ្គ​លិក​នៃ​ស្ថាន​ទូត​វិញ ទើប​ពួកគាត់​ស្ងប់​ចិត្ត ។​ ការ​ប្រគល់ ​​និង​ទទួល​ញត្តិ​ក្នុង​ពេល​នោះ​ ក៏​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​តក់​ក្រហល់​ និង​មាន​ការ​តវ៉ា​ខាង​ពាក្យ​សម្តី​គួរ​​ឱ្យ​កត់​សម្គាល់​ រួច​ហើយ​ក៏​នាំ​គ្នា​រំសាយ​ ។​

ទិដ្ឋ​ភាព​អួអាប់​ក្នុង​ការ​ដាក់​ញត្តិ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​វៀត​ណាម​​ ដែល​ធ្វើ​​ឱ្យ​មហា​វិថី​ព្រះ​មុនី​វង្ស​កក​ស្ទះ​​ចរាចរណ៍​មិន​អាច​ឆ្លង​កាត់​បាន​ ក៏​ត្រូវ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ។​ ប្រការគួរ​ឱ្យ​កត់​សម្គាល់​ផងដែរ​នោះ គឺ​ការ​ផ្តល់​ទឹក​បរិសុទ្ធ​ និង​​បាយ​កញ្ចប់​ ពិសេស​ការ​​ប្រគេន​ដល់​ព្រះ​សង្ឃ​ជា​​ចង្ហាន់​បាយ​កញ្ចប់​​ និង​ទឹក​បរិ​សុទ្ធ​ដែល​បង្ហាញ​ពី​ឆន្ទៈ​ខ្មែរ​ពិត​ប្រាកដ​​នា​ពេល​នេះ ៕​