ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​​ការ​ប្រកួត​​កីឡា​មហា​​ជន​​ជ្រើស​​រើស​ជើ​ង​​ឯក​ប្រចាំ​​ភូមិ​ភាគ​​ក្រប​ខ័ណ្ឌ​​​ក-2​ប្រចាំ​​ឆ្នាំ​2014​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​ជើ​ង​ឯក​ប្រចាំ​ភូមិ​ភាគ​ក្រប​ខ័ណ្ឌ​ក-២​ប្រចាំ​ឆ្នាំ​២០១៤​ នៅ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​៩​ កក្កដា មក​នោះ​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ កក្កដា នៅ​ក្នុង​វិមាន​នៃ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​ ក្រោម​អធិ​បតី​ភាព​លោក​ ប៊ូ​ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់​រំ​យុវ​ជន​ និង​កីឡា

រាជ​ធានី​ភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​ជើ​ង​ឯក​ប្រចាំ​ភូមិ​ភាគ​ក្រប​ខ័ណ្ឌ​ក-២​ប្រចាំ​ឆ្នាំ​២០១៤​ នៅ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​៩​ កក្កដា មក​នោះ​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ កក្កដា នៅ​ក្នុង​វិមាន​នៃ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​ ក្រោម​អធិ​បតី​ភាព​លោក​ ប៊ូ​ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់​រំ​យុវ​ជន​ និង​កីឡា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​កីឡា​ពាក់​ព័ន្ធ​ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​នានា​ និង​កីឡា​ករ​-កីឡា​ការិនី​យ៉ាង​ច្រើន​កុះ​ករ​ ។

តាម​របាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​មហា​ជន​ក្រប​ខ័ណ្ឌ​-២​ ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៤​នៅ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​លើ​ប្រភេទ​កីឡា​បាល់​ទះ​ បាល់​ទាត់​ បាល់​បោះ​ និង​អត្ត​ពល​កម្ម​ខាង​លើ​នេះ​ មាន​កីឡា​ករ​-កីឡា​ការិនី​ចូល​រួម​សរុប​ចំនួន​២៧៦​នាក់​ ក្នុង​នោះ​កីឡា​ការិនី​មាន​ចំនួន​៤២​នាក់ ។ សម្រាប់​អត្ត​ពលិក​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​លើ​ប្រភេទ​​កីឡា​បាល់​ទះ​មាន​៤​ក្រុម, បាល់​ទាត់​៦​ក្រុម, បាល់​បោះ​២​ក្រុម​ និង​អត្ត​ពល​កម្ម​៧​ក្រុម​ ។ ចំពោះ​លទ្ធ​ផល​ដែល​ទទួល​បាន​ ទោះ​បី​វា​មិន​ទាន់​ឆ្លើយ​តប​ដល់​កម្រិត​ដែល​ចង់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សន្និ​ដ្ឋាន​ និង​វាយ​តម្លៃ​លើ​កម្រិត​បច្ចេក​ទេស​ឃើញ​ថា​ លទ្ធ​ផល​នេះ​អាច​ទទួល​យក​បាន​សម្រាប់​ទៅ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ នៅ​ខេត្ត​កំពត​ ដែល​នឹង​ចាប់​ផ្តើម​នា​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ ។

សម្រាប់​លទ្ធ​ផល​ដំណាត់​ថ្នាក់​មាន​ដូច​ខាង​ក្រោម​ ៈ​ ប្រភេទ​កីឡា​បាល់​បោះ​ លេខ​១​​បាន​ទៅ​ក្រុម​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កីឡា​រាជ​ធានី​ភ្នំពេញ​ និង​លេខ​២​បាន​ទៅ​ក្រុម​សម្ព័ន្ធ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា ។ ប្រភេទ​កីឡា​បាល់​ទះ​ លេខ​១​បាន​ទៅ​ក្រុម​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កីឡា​ រាជ​​ធានី​ភ្នំពេញ​, លេខ​២​បាន​​ទៅ​ក្រុម​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​កាយ​ និង​កីឡា​ និង​លេខ​៣​បាន​ទៅ​ក្រុម​សាកល​វិទ្យា​ល័យ​វេ​ស្ទើន​ ។ ប្រភេទ​កីឡា​បាល់​ទាត់​ លេខ​១​បាន​ទៅ​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​, លេខ​២​​បាន​ទៅ​ក្រុម​សម្ព័ន្ធ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា​ និង​លេខ​៣​​បាន​ទៅ​ក្រុម​​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កីឡា រាជ​ធានី​ភ្នំពេញ​ ។

ចំពោះ​ប្រភេទ​កីឡា​អត្ត​ពល​កម្ម​ដែល​មាន​វិញ្ញា​សា​ រត់​ល្បឿន​, លោត​កម្ពស់, លោត​ចម្ងាយ, ចោល​ដុំ​ដែក​ និង​ដើរ​ចម្ងាយ​នោះ​ យើង​សូម​លើក​យក​តែ​ចំណាត់​ថ្នាក់​ជា​ក្រុម​តែ​ប៉ុណ្ណោះ ក្នុង​នោះ​លេខ​១​បាន​ទៅ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​, លេខ​២​បាន​ទៅ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប និង​លេខ​៣​ បាន​ទៅ​ក្រុម​សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស​ ។ លោក​ ប៊ូ​ ជុំ​សេរី​ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នៅ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ នា​ពេល​នេះ​ មិន​គ្រាន់​តែ​ជ្រើស​រើស​បាន​នូវ​កីឡា​ករ​-កីឡា​ការិនី​ឆ្នើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​បាន​ផ្តល់​ឱ្យ​យើង​ទាំង​អស់​គ្នា​ចេះ​រាប់​អាន​គ្នា​ សាម​គ្គី​គ្នា​ និង​ដក​ស្រង់​បច្ចេក​ទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ។ លោក​បាន​ផ្តាំ​ផ្ញើ​ដល់​កីឡា​ករ​-កីឡា​ការិនី​ទាំង​អស់​ ដែល​ទទួល​បាន​ជ័យ​លាភី​ ត្រូវ​ខិត​ខំ​ហ្វឹក​ហាត់​បន្ត​ទៀត​ ដើម្បី​ត្រៀម​ទៅ​ចូល​រួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ​នៅ​ខេត្ត​កំពត​ នា​ពេល​ខាង​មុខ​  ហើយ​ចំពោះ​អត្ត​ពលិក​ដែល​មិន​ទាន់​ទទួល​បាន​ជ័យ​លាភី​នៅ​ពេល​នេះ​ ត្រូវ​ហ្វឹក​ហាត់​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​នៅ​ពេល​ក្រោយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អង្គ​ភាព​ និង​សមា​គម​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​មាន​ចំនួន​១៣​ដូច​ជា ក្រសួង​ការ​ពារ​ជាតិ​, ក្រសួង​មហា​ផ្ទៃ, តុលា​ការ​យោ​ធា, បញ្ជា​ការ​ដ្ឋាន​កង​កាំ​ភ្លើង​ធំ, សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស, សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង, សម្ព័ន្ធ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា, សាកល​វិទ្យា​ល័យ​វេ​ស្ទើន​, អង្គ​ការ​ដើម្បី ​ភាព​ញញឹម​នៃ​កុមារ, វិទ្យា​ស្ថាន​ជាតិ​អប់​រំ​កាយ​ និង​កីឡា​, អាកាស​ចរ​ស៊ី​វិល, សាកល​វិទ្យា​ល័យ​អាស៊ី​អឺ​រ៉ុប និង​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កីឡា​ រាជ​ធានី​ភ្នំពេញ ៕