ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ី​សូ​រ៉ា ដក​ខ្លួន​ពី​ការ​ប្រ​កួត​នៅ​ថ្ងៃ​26 កក្ក​ដា​ ជា​មួយ​ថៃសាន់​ ហ្វឺ​រី​ ​​​​​

9 ឆ្នាំ មុន

កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​ ឌី​រ៉េក ស៊ី​សូ​រ៉ា​ បាន​លុប​ចោល​ការ​ប្រ​កួត​ការ​​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន EBU​ របស់​ខ្លួន​​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ​ថៃ​សាន់ ហ្វឺ​រី​ បន្ទាប់​ពី​រង​របួស​បាក់​ឆ្អឹង​ដៃ​អំឡុង​ពេល​ហាត់​សម​ ។ សូមបញ្ជាក់​ថា កីឡា​កររូប​នេះ​គ្រោង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ទ្វីប​អឺ​រ៉ុប​របស់​ខ្លួន​ប្រ​ឆាំង​នឹង​ថៃ​សាន់ ហ្វឺ​រី​ នៅ​ថ្ងៃ​ទី​២៦​ កក្កដា ចុង​សប្តាហ៍​នេះ​នៅ​ក្រុង​ Manchester ប្រ​ទេស​អង់​

កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​ ឌី​រ៉េក ស៊ី​សូ​រ៉ា​ បាន​លុប​ចោល​ការ​ប្រ​កួត​ការ​​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន EBU​ របស់​ខ្លួន​​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ​ថៃ​សាន់ ហ្វឺ​រី​ បន្ទាប់​ពី​រង​របួស​បាក់​ឆ្អឹង​ដៃ​អំឡុង​ពេល​ហាត់​សម​ ។ សូមបញ្ជាក់​ថា កីឡា​កររូប​នេះ​គ្រោង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ទ្វីប​អឺ​រ៉ុប​របស់​ខ្លួន​ប្រ​ឆាំង​នឹង​ថៃ​សាន់ ហ្វឺ​រី​ នៅ​ថ្ងៃ​ទី​២៦​ កក្កដា ចុង​សប្តាហ៍​នេះ​នៅ​ក្រុង​ Manchester ប្រ​ទេស​អង់​គ្លេស​ ប៉ុន្តែ​​ការរង​របួស​របស់​គេ​នៅ​​ពេល​នេះ​មានន័យ​ថា ការ​ប្រកួត​នឹង​ត្រូវ​លើក​ពេល​ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ ស៊ី​សូ​រ៉ា​ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​​ពិត​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ថ្លែង​បាន​ចំពោះ​ការ​ដក​ខ្លួន​ពី​ការ​ប្រកួតលើក​នេះ​ ។ ប៉ុន្តែ​ខ្ញុំ​ធ្វើ​បែបនេះ​ គឺ​យោង​ទៅ​តាម​ដំ​បូន្មាន​ពី​អ្នក​ជំ​នាញ​ ។ ខ្ញុំ​សូម​ទោស​ចំពោះ​អ្នក​គាំ​ទ្រ​ដែល​ខក​ខាន​ការ​ប្រ​កួត​នេះ ។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ដៃ​ខ្ញុំ​ជា​សះ​ស្បើយ​អាច​​ហ្វឹក​ហាត់​ និង​ប្រើ​ការ​បាន​ដូច​ដើម​ ខ្ញុំ​នឹង​រើស​យក​ថ្ងៃ​ថ្មី​សម្រាប់​ការ​ប្រ​កួត» ។ កីឡាករ​ដើម​កំណើត​ហ្ស៊ីមបាវេរូប​នេះ​បាន​បន្ត​ថា​ ៖ «ខ្ញុំ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ ជា​គឺ​ការ​ហ្វឹក​ហាត់​ដ៏​ហ្មត់​ចត់​បំ​ផុត​ ។ វា​ប្រ​ហែល​ជា​ការ​ហ្វឹក​ហាត់​ដែល​ល្អ​ជាង​គេ​ក្នុង​អា​ជីព​របស់​ខ្ញុំ ។ ក្តី​សង្ឃឹម​ថា​ នឹង​បាន​សង​សឹក​ថៃសាន់ ហ្វឺ​រី​ នឹង​ត្រូវ​រងចាំ​ទៅ​ថ្ងៃ​ក្រោយ ។ ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​ការ​ដក​ខ្លួន​លើក​នេះ​ ។ តាម​ខ្ញុំ​ដឹង ហ្វឺ​រី​ ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ណាស់» ។

អ្នក​រៀប​ចំ​ការ​ប្រ​កួត​លោក Frank Warren បាន​ថ្លែង​ថា​ ៖ «គ្រប់​គ្នា​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រ​កួត​លើក​នេះ​បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ហើយ​ខណៈ​ដែល​រឿង​នេះ​បាន​កើត​ឡើង​នៅ​សប្តាហ៍​ចុង​ក្រោយ​បែបនេះ​ វា​ពិត​ជា​រឿង​អស់​សង្ឃឹម​ដ៏​ធំ​មួយ ។ វា​មិន​អាច​ទៅ​រួច​ទេ​ដែល​កីឡា​ករ​ស៊ី​សូ​រ៉ា​ ប្រ​កួត​ទាំង​បាក់​ឆ្អឹង​ដៃ​ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឱ្យ​រូប​គេ​ឡើង​រេញ​ក្នុង​ស្ថាន​ភាព​របួស​ដូច្នេះ​ដែរ ។ ពិត​ណាស់​ អ្នក​ដែល​អស់​សង្ឃឹម​ខ្លាំង​បំ​ផុត​ គឺ​កីឡាករ​ថៃ​សាន់ ហ្វឺ​រី​ និង​ក្រុម​របស់​គេ​» ។

សូម​បញ្ជាក់​ថា ស៊ី​សូ​រ៉ា​ មាន​ឯតទគ្គកម្ម​ប្រ​កួត​២៤លើក ឈ្នះ​២០​លើក ចាញ់​៤​ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៣លើក ខណៈ​ហ្វឺ​រី​ ២២ប្រ​កួត​ មិន​ដែល​ចាញ់​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំ​នួន ១៦​លើក៕​