រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ កក្កដា ២០១៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការប្រឡងជម្រុះលើកទី១សម្រាប់មហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលលើកទី៣បានចាប់ផ្តើមហើយ នាឱកាសនោះក្រោមវត្តមានចូលរួមជាអធិបតីពីលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។
ក្នុងពិធីប្រកាសបើកមហោស្រព លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌មានប្រសាសន៍ថា នាលើកនេះក៏ដូចជាឆ្នាំកន្លងមកដែរ ការរៀបចំមហោស្រពក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យសិល្បករទាំងបុរាណ និងសម័យពង្រឹងសមត្ថភាព និងបង្កើនគុណភាពច្រៀង ដើម្បីរួមចំណែកក្នុងការថែរក្សា ការពារ លើកស្ទួយសិល្បៈវប្បធម៌ជាតិ ។ មហោស្រពប្រឡងចម្រៀងនេះ មានបេក្ខជនទាំងនៅក្នុងស្រុក និងក្រៅស្រុកច្រើនចូលរួម បញ្ជាក់ឱ្យឃើញច្បាស់ថា ជាការរីកចម្រើនថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានសិល្បករតាមផ្នែក នីមួយៗ សមស្របតាមមាគា៌ត្រឹមត្រូវនូវគោលនយោបាយវប្បធម៌គឺ «ការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ» ។
លោកជំទាវរដ្ឋមន្ត្រីថ្លែងថា មហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលអាចដំណើរការបាន ដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការរៀបចំនេះមានការរួមចំណែកសហការយា៉ងសកម្មពីគណៈកម្មការអន្តរក្រសួង ទូរទស្សន៍បាយ័ន សប្បុរសជន និងជាពិសេសការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីធនាគារកាណាឌីយា៉ ក្នុងគោលបំណងបង្កើតស្មារតីចូលរួមចំណែកថែរក្សា និងលើកស្ទួយសិល្បៈចម្រៀងខ្មែរបុរាណសម័យ កំណាព្យពីប្រជាជនខ្មែរដែលរស់នៅក្នុងស្រុក នៅក្រៅស្រុក ដើម្បីធ្វើឱ្យដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបឱ្យស្ថិតស្ថិរជាអមតៈ ។ ជាមួយគ្នានេះ ការបណ្តុះស្មារតីស្រលាញ់ ថែរក្សាការពារ និងលើកកម្ពស់វឌ្ឍនភាពនៃវិស័យសិល្បៈនៅកម្ពុជាដែលជាអត្តសញ្ញាណ និងជាមូលដ្ឋាននៃសាមគ្គី ឯកភាពជាតិ និងជាព្រលឹងជាតិ ។ ការជួបជុំនេះសំខាន់ណាស់ ដោយហេតុថាបានជួបបងប្អូននៅក្រៅប្រទេស ទោះជាមិនបាននៅក្នុងប្រទេសទេ តែមានឈាមជ័រជាខ្មែរតែមួយ ហើយវប្បធម៌របស់យើងនៅតែអាចថែរក្សាបានគ្រប់ពេលវេលាដែលខ្មែរយើងមាននៅគ្រប់ទិសទី ។ ដូចនេះជាអ្វីមួយដែលយើងខំថែទាំទាំងអស់គ្នា ទាំងអ្នកនៅក្នុងស្រុក ទាំងអ្នកនៅក្រៅស្រុក ។ ម្យ៉ាងទៀតពេលនេះ ជាឱកាសមួយដើម្បីខ្មែរយើងទាំងក្នុងស្រុក ក្រៅស្រុកអាចដឹងពីតថភាពកាន់តែច្បាស់នៃភាពសុខសាន្ត សិទ្ធិសេរីភាព វឌ្ឍនភាពរបស់កម្ពុជាយើងនាពេលបច្ចុប្បន្ន ។ ការរួមចំណែកកសាងវប្បធម៌មិនចំពោះអ្នកនៅក្នុងស្រុកទេ បងប្អូននៅក្រៅស្រុកក៏រួមគ្នាចូលរួមជួយដែរ ។
លោកជំទាវភឿង សកុណា ចង់ឱ្យស្មារតីនៃការថែរក្សានេះសម្រាប់យើងទាំងអស់គ្នា និងបងប្អូននៅក្រៅស្រុកជួយថែរក្សាឱ្យបានដល់កូន ចៅ ។ ជាក់ស្តែងប្រជាជនខ្មែរយើងតាំងពីក្មេងមកចេះច្រៀងបំពេកូនបាត់ទៅហើយ សឹងថាគ្មានស្ត្រីខ្មែរណាមួយមិនចេះច្រៀងបំពេកូនឡើយ នេះហើយគឺដក់ក្នុងអារម្មណ៍របស់យើង ។
លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ដំណើរការកម្មវិធីប្រឡងនេះចាប់ប្រព្រឹត្តទៅពីថ្ងៃទី១៧ កក្កដា និងបន្តរហូតដល់ថ្ងៃទី៣១ កក្កដា ដោយឆ្លងកាត់ច្រើនដំណាក់កាល ។ ដំណាក់កាលទី១ ជ្រើសរើសបេក្ខជនបេក្ខនារីមកពីរាជធានី-ខេត្ត ដោយគណៈកម្មការរៀបចំមហោស្រពថ្នាក់រាជធានី-ខេត្ត លើវិញ្ញាសាស្មូត្រឬសូត្រកំណាព្យ ចម្រៀងបុរាណ (យីកេ មហោរី) និងចម្រៀងសម័យ ។ ក្នុងការជ្រើសរើសត្រូវយកក្នុងមួយវិញ្ញាសាបេក្ខជន បេក្ខនារីក្នុងមួយរាជធានី-ខេត្ត ជ័យលាភីចម្រៀងសម័យ២រូបចម្រៀងយីកេ២រូប មហោរី២រូប និងស្មូត្រ២រូប។ ក្នុងចំណោមរាជធានី-ខេត្តទាំង២៤ មានបេក្ខជនសរុបទាំងអស់១១៤រូប ស្រី៥៥រូប ដែលច្រៀងសម័យ៤៨រូប បុរាណ៤៦រូប មហោរី៣០រូប យីកេ១៦រូប និងស្មូត្រ២០រូប ។
ដំណាក់កាលទី២ ការប្រឡងជម្រុះលើកទី១ធ្វើនៅថ្ងៃទី១៧ដល់ថ្ងៃទី២២ កក្កដា នឹងត្រូវជម្រុះក្នុងចំណោមបេក្ខជនមកពីរាជធានី-ខេត្តទាំងអស់១១៤រូបដោយរក្សាទុកបេក្ខជន៥៨រូប ដើម្បីចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ការប្រឡងជម្រុះលើកទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៤ កក្កដា ដោយមានលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការតំណាងសម្តេចតេជោ ហ៊ុន សែន ចូលរួមនៅសាលមហោស្រពពិពរ័ណ៍កោះពេជ្រ ។ ការប្រឡងនឹងដំណើរការនៅថ្ងៃទី២៥ដល់២៧ កក្កដា ដោយនឹងធ្វើបន្តឡើងនៅក្រសួងវប្បធម៌ ។ បេក្ខជនចំនួន៥៨រូបបូកជាមួយបេក្ខជនបេក្ខនារីមកពីបរទេសចំនួន២២រូបសរុបបេក្ខជន-បេក្ខនារីក្នុងនិងក្រៅប្រទេសមាន៨០រូបត្រូវជម្រុះ៤៤រូប ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយរក្សាបេក្ខជន-បេក្ខនារីចំនួន៣៦រូបប្រឡងវគ្គផ្តាច់ព្រ័ត្រ ។
ដំណាក់កាលទី៣ ការប្រឡងជម្រុះបេក្ខជន-នារីសម្រាប់វគ្គផ្តាច់ព្រ័ត្រមាន៣៦រូប ។ ការប្រឡងនឹងប្រព្រឹត្តទៅនៅក្រសួងវប្បធម៌ ពីថ្ងៃទី២៩ដល់៣០ កក្កដា ការជម្រុះបេក្ខជនទាំង៣៦រូប ។
ចុងក្រោយសម្រេចជ្រើសរើសអ្នកចម្រៀងបុរស-នារីជ័យលាភីលេខ១ដល់លេខ៣សម្រាប់វិញ្ញាសាចម្រៀងសម័យ ចម្រៀងមហោរី ចម្រៀងយីកេ និងស្មូត្រកំណាព្យសរុប២៤រូប ។ ពិធីបិទ និងប្រកាសជ័យលាភីនឹងប្រព្រឹត្តទៅថ្ងៃទី៣១ កក្កដា ក្រោមអធិបតីភាពលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងសម្តេចតេជោ ហ៊ុន សែន នៅសាលមហោស្រពពិពរ័ណ៍កោះពេជ្រ ៕
ចែករំលែកព័តមាននេះ