ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចម្រៀង​ឈឿម ណារិទ្ធ លាត​ត្រដាង​​រឿង​គេ​​បោក​ប្រើ​​ទទេ ជា​ហេតុ​​​ធ្វើ​ឱ្យ​​​បាត់​បង់​​​​ភាព​រីក​​ចម្រើន​​​ក្នុង​អាជីព​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ឈឿម​ ណារិទ្ធ​ ជា​អ្នក​ចម្រៀង​​ ដែល​ក្រេះ​ក្រិន​​​ក្នុង​អាជីព​​ គឺ​មិន​អាច​​ក្លាយ​ជា​តារា​ភ្លឺ​ចែង​ចាំង​​​បាន ។ លោក​សោក​ស្តាយ​​​ចំពោះ​ពេល​វេលា​អតីត​កាល​​ ដែល​បណ្តោយ​ខ្លួន​ឱ្យ​គេ​ប្រើ​ទទេ​​ គ្មាន​បាន​ផល​ប្រយោជន៍​​អ្វី​សោះ​​ និង​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​រីក​ចម្រើន​​នៃ​អាជីព​របស់​ខ្លួន ។

រាជធានីភ្នំពេញ ៖ លោក​ឈឿម​ ណារិទ្ធ​  ជា​អ្នក​ចម្រៀង​​ ដែល​ក្រេះ​ក្រិន​​​ក្នុង​អាជីព​​ គឺ​មិន​អាច​​ក្លាយ​ជា​តារា​ភ្លឺ​ចែង​ចាំង​​​បាន ។ លោក​សោក​ស្តាយ​​​ចំពោះ​ពេល​វេលា​អតីត​កាល​​ ដែល​បណ្តោយ​ខ្លួន​ឱ្យ​គេ​ប្រើ​ទទេ​​ គ្មាន​បាន​ផល​ប្រយោជន៍​​អ្វី​សោះ​​ និង​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​រីក​ចម្រើន​​នៃ​អាជីព​របស់​ខ្លួន ។

​​លោក​ឈឿម ណារិទ្ធ កាល​ពី​ពេល​ ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​​​ថា លោក​បាន​​​ចូល​ក្នុង​ពិភព​សិល្បៈ​​ឆ្នាំ​២០០៤​ ដោយ​ពី​ដំបូង​មិន​ទាន់​ច្រៀង​​ទេ ​គឺ​បាន​ប្រឡង​​ជាប់​ក្នុង​កម្ម​វិធី​​មួយ​​របស់​​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​​៩ ដែល​មាន​លោក ចេវ វីរៈ ជា​អ្នក​គ្រប់​គ្រង​ គឺ​កម្ម​វិធី​​«តារា​ផ្កាយ​មាស» ។ កម្ម​វិធី​នោះ​​​មាន​ច្រៀង​ផង មាន​សម្តែង​ផង ហើយ​លោក​ជាប់​​ចំណាត់​ថ្នាក់​លេខ​៣​​ ​។ លុះ​ពេល​ជាប់​ក្នុង​កម្ម​វិធី​​​ហើយ អ្នក​ជាប់​ទាំង​ប៉ុន្មាន​​ ត្រូវ​លោក​ ចេវ វីរៈ ដែល​ជា​​អ្នក​​គ្រប់​គ្រង​​សន្យា​ថា​ នឹង​នាំ​ទៅ​ថត​ភាព​​យន្ត​​ឱ្យ​​លោក ។ ​ការ​​​ទន្ទឹង​រង់​ចាំ​នោះ ​កាន់​តែ​​ យូរ​ទៅៗ​ ទីបញ្ចប់​អត់​បាន​ថត​ទេ​​ តែ​គាត់​​ឱ្យ​លោក​​ជួយ​ធ្វើ​ពិធី​ករ​​​នៅ​​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​​៩ ​ដូច​​ជា​កម្ម​វិធី​កញ្ញា​ឯក​ ប្រ៊ីត​ស្តុន​ ​ជា​ដើម។ យូរ​ទៅ​​ លោក​អត់​បាន​ប្រយោជន៍​អ្វី​សោះ​ បាន​តែ​​គេ​​បោក​ទុក​ប្រើ​​​ទទេ​ ។ អំឡុង​ពេល​នោះ លោក​​ ណុប សម្បត្តិ​​ ហៅ​លោក​ទៅ​ថត​​រឿង​ភាគ​​​ឱ្យ​ទូរ​ទស្សន៍​ស៊ី​ធីអិន តែ​លោក​អត់​ទទួល​ទេ ដោយ​សារ​តែ​​ស្មោះ​ត្រង់​នៅ​ឱ្យ​គេ​ប្រើ​ទទេ​ ។ ​

ក្រោយ​​មក​​ លោក​ ណារិទ្ធ បាន​ដាក់​ពាក្យ​​ចូល​​សាក​សំឡេង​​ នៅ​ផលិត​កម្ម​ស្ទឹង​សង្កែ​ ​ហើយ​ត្រូវ​គេ​ជ្រើស​រើស​យក​​កាល​ពី​ឆ្នាំ​២០០៧​ ។ អំឡុង​​ពេល​នោះ​ លោក​ច្រៀង​បាន​ច្រើន​បទ​​ដែរ ​ជា​​បទ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ និង​ថត​លក់​ទៅ​ក្រៅ​ស្រុក​ តែ​​បាន​​​តែ​មួយ​​រយៈ​ប៉ុណ្ណោះ​ ព្រោះ​ផលិត​កម្ម​បិទ​ទ្វារ​​ ​។ អំឡុង​ពេល​លោក​ច្រៀង​​ឱ្យ​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​​​​ លោក​បាន​ឡើង​​​​ច្រៀង​​ជា​​កិត្តិ​យស​​​នៅ​​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ​ជា​ញឹក​ញាប់​​ ក្រៅ​ពី​នោះ​​​មាន​​ទូរទស្សន៍​បាយ័ន ក្នុង​កម្ម​វិធី​តន្ត្រី​ស្រុក​ស្រែ ។ ​ក្រោយ​​​មក​​ ​លោក​ហាក់​ដូច​ជា​ដាច់​​ការ​ទាក់​ទង​​ ហើយ​លែង​បាន​ឡើង​ច្រៀង ។ ​

អ្នក​ចម្រៀង​​មាន​ប្រភព​​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​រូប​នេះ​ ​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​លោក​កំពុង​តែ​ច្រៀង​​​​នៅ​ក្លឹប​រាត្រី​​​ស៊ី​ធី​ឡាយ​​ ក្នុង​រាជ​ធានី​ភ្នំពេញ​​ ។ លោក​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​​ ជាមួយ​នាង​តុ និង​រ៉ូលីន​ នា​ពេល​ខាង​មុខ​ ព្រោះ​លោក​ចេះ​បទ​​ជំនាន់​​លោក​ស៊ីន ស៊ី​សាមុត ច្រើន ​។ ​លោក​​ប្រឹង​ប្រែង​ជាមួយ​អាជីព​សិល្បៈ​ ​ចម្រៀង ព្រោះ​​ជា​ការងារ​​អាច​​រក​ប្រាក់​បាន​​​សម្រាប់​ចិញ្ចឹម​ជីវិត​ ។

លោក​​ឈឿម​ ណារិទ្ធ​ សោក​ស្តាយ​ដែល​ជួប​រឿង​ស៊យ​​ ធ្វើ​​ឱ្យ​អាជីព​សិល្បៈ​ក្រេះ​ក្រិន​ នា​ពេល​កន្លង​មក​ ព្រោះ​តែ​ជឿ​តាម​អ្នក​ដឹក​នាំ​កម្ម​វិធី​​  នោះ ។ ​លោក​បាត់​បង់​​​ឱកាស​​​រីក​ចម្រើន​ក្នុង​អាជីព​ ប៉ុន្តែ​លោក​នៅ​តែ​​ប្រឹង​ប្រែង​បន្ត​ទៀត​​ ។ មិត្ត​ភក្តិ​ដែល​ច្រៀង​ជំនាន់​លោក​​ ​ល្បី​ឈ្មោះ​ច្រើន​​ ​អាប់​រាសី​តែ​លោក​ម្នាក់ មក​ពី​​លោក​តាម​គេ​  ពេក ។ បើ​សិន​ជា​លោក​​មិន​គោរព​គេ​នោះ​​ ច្បាស់​ជា​លោក​​អាច​មាន​ពន្លឺ​​​​ក្នុង​ពិភព​សិល្បៈ​ ។ ពេល​ដែល​​លោក​​មាន​គេ​ស្គាល់​នោះ​​ ត្រូវ​​ម្ចាស់​ផលិត​កម្ម​​ហៅ​​ទៅ​សម្តែង​ច្រើន​​ដូច​ជា​​​ ​លោក​ ហ្វៃ​ សំអាង​​ ក៏​ធ្លាប់​​ទាក់​ទង​ដែរ​​ តែ​លោក​​​ថា ជាប់​​​រវល់​ធ្វើ​ការ​ឱ្យ​គេ​ហើយ​​ ។
លោក​ឈឿម ណារិទ្ធ និយាយ​ថា «ទី​បំផុត ខ្ញុំ​​បាន​ត្រឹម​តែ​សោក​ស្តាយ​​​ និង​ឈឺ​ចាប់​​ មិន​គួរ​ណា​​​អ្នក​​ដឹក​នាំ​កម្ម​វិធី​គាត់​ធ្វើ​បែប​នេះ​ដាក់​​​​ខ្ញុំ​ទេ  ហើយ​នារី​ជា​តារា​ ផ្សេងៗ​ទៀត​​ ក៏​ជួប​​នឹង​ការ​ខក​ចិត្ត​ដូច​​ខ្ញុំ​ដែរ ឱ្យ​តែ​តាម​គាត់​នោះ» ៕